ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​ប្រាប់ UN ​ថា ៖ សង្គ្រាម​នៅ​កម្ពុជា​បណ្ដាល​មក​ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អះអាង​ថា សង្គ្រាម​ជា​ច្រើន​ទស្សវត្សរ៍​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អះអាង​ថា សង្គ្រាម​ជា​ច្រើន​ទស្សវត្សរ៍​នៅ​កម្ពុជា បណ្ដាល​មក​ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស ដែល​ធ្វើ​ដំណើរ​បេស​កម្ម​នៅ​កម្ពុជា ។

ការ​អះអាង​របស់​ប្រធានរដ្ឋសភា​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង សម្តេច​ប្រធានរដ្ឋសភា ជាមួយ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ។

នៅ​ក្នុង​ជំនួប​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប លោកស្រី រ៉ូ​ណា​ល់​ស្មី​ត ថា កម្ពុជា​ធ្លាប់​ទទួល​រង​នូវ​ការ​ឈឺចាប់ ខ្លោចផ្សារ ដោយសារ​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍ ។ ទាំងនេះ​គឺជា​លទ្ធផល​នៃ​ឥទ្ធិពល​ការ​ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ។

សម្តេច​ចក្រី ហេង សំ​រិ​ន បាន​បញ្ជាក់​ថា «​កម្ពុជា​យើងខ្ញុំ ទើប​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ពេញលេញ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​បាន​បង្ក​លក្ខណៈសម្បត្តិ​ឲ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី និង​សហការី នា​ពេល​កន្លង​មក និង​ពេល​បច្ចុប្បន្ន បាន​រួមចំណែក​ដល់​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សិទ្ធិ​ទទួល​នូវ​កិច្ច​ការពារ​ដោយ​ច្បាប់​ផ្សេង​ៗ​ជា​ច្រើន ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ពិត​ណាស់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស វា​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា នឹង​នីតិរដ្ឋ គឺ​ការ​គោរព​ច្បាប់​នេះឯង ។ ថ្វី​ត្បិត​តែ​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិ ជា​អ្នក​ធ្វើ​ច្បាប់ តែ​មិន​អាច​ក្លាយជា​អ្នក​រំលោភច្បាប់ បំពាន​ច្បាប់​នោះ​ទេ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ពី​ជំហរ​កម្ពុជា ចំពោះ​មុខ​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ជា​ចម្បង​លើ​ការ​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម រួម​ទាំង​ការ​អភិវឌ្ឍន៍ ។ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​រឹតតែ​មាន​សារៈសំខាន់​បន្ទាប់​ពី​ប្រទេស​ជាតិ មាននូវ​អ្វី​ៗ​ដូច​ខាងលើ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា កុំ​និយាយ​ឡើយ​ពី​សិទ្ធិ​មនុស្ស សូ​ម្បី​តែ​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នៃ​ការ​រស់រាន​មានជីវិត ក៏​សឹងតែ​គ្មាន​ផង ។

ក្នុង​ជំនួប​នោះ​ដែរ លោកស្រី រ៉ូ​ណា​ល់​ស្មី​ត បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់ សម្តេច​ចក្រី ហេង សំ​រិ​ន ។ លោកស្រី​បាន​ឯកភាព​ថា សុខ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ។

សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​ចក្រី ហេង សំ​រិ​ន រួច​ហើយ លោកស្រី រ៉ូ​ណា​ល់​ស្មី​ត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោកស្រី ឃួ​ន សុ​ដា​រី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ នៃ​អ្នកនយោបាយ​ស្ត្រី តាម​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ចក្រី ហេង សំ​រិ​ន ។ ជំនួប​ពិភាក្សា​នេះ សមាជិក​រដ្ឋសភា​បាន​ឆ្លើយ​តប​សំណួរ​មួយ​ចំនួន​ដែល​បាន​លើក​ឡើង ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដូច​ជា​នីតិវិធី​ដំណើរ​ពិភាក្សា និង​អនុម័ត​ច្បាប់​នៅ​ក្នុង​រដ្ឋសភា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ