ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រ៉ូ​ណា ស្មី​ត ជំរុញ គ​.​ជ​.​ប យកចិត្តទុកដាក់​ពលករ​ចំណាក់ស្រុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​ឧត្តមស្នងការ​ទ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ បាន​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​ឧត្តមស្នងការ​ទ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ បាន​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ឱ្យ​យកចិត្តទុកដាក់​លើ​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលករ​ចំណាកស្រុក ។

លោកស្រី​បាន​លើក​ឡើង​បែប​នេះ ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក​ប្រធាន (​គ​.​ជ​.​ប​) និង​សមាជិក​នៅ​ទីស្តីការ (​គ​.​ជ​.​ប​) ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ។

លោក ហង្ស ពុទ្ធា​អ្នកនាំពាក្យ (​គ​.​ជ​.​ប​) បាន​ថ្លែង​ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​ទទួលស្គាល់​នូវ​ការងារ​របស់​( គ​.​ជ​.​ប​) ដែល​បាន​អនុវត្ត​កន្លង​មក ហើយ​លោកស្រី​ស្មី​ត បាន​លើក​ឡើង ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ។

លោក​បន្ត​ថា គ​.​ជ​.​ប មាន​នាទី​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ពេល​ដែល​មាន​គណបក្ស​តែ​មួយ នៅ​ក្នុង​ព្រឹទ្ធសភា​នោះ ជា​លទ្ធផល​បាន​មក​ពី​ការ​បោះ​ឆ្នោត ។ លោក​បាន​លើក​ឡើង​ថា ៖​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ពេល​ខាង​មុខ​នេះ គ​.​ជ​.​ប មាន​តួនាទី​ក្នុង​ការ​រៀបចំ​នេះ ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា តើ​លោកស្រី​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​ខែកក្កដា ២០១៨ យ៉ាងណា​ដែរ ? លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ចំពោះ​មុន​លោកស្រី​ថា គ​.​ជ​.​ប មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ការ​ចូលរួម​នៃ​គណបក្ស​នានា​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​នេះ ។ គ​.​ជ​.​ប ធានា​ក្នុង​ភាព​ស្មើគ្នា​បេក្ខជន និង​គណបក្ស​នយោបាយ​រៀបចំ​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត ។

សិទ្ធិ​ឈរឈ្មោះ ឬ​បេក្ខជន​មាន​ចាប់ពី​២៥​ឆ្នាំ​ឡើង ហើយ​នៅ​ខែឧសភា ខាង​មុខ​នេះ គ​.​ជ​.​ប នឹង​ធ្វើការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​នៅ​ពេល​គណបក្ស​នោះ​ស្របច្បាប់​ដោយ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ ។

លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា គ​.​ជ​.​ប បាន​អះអាង​ចំពោះ​មុខ​លោកស្រី​រ៉ូ​ណា ស្មី​ត​ថា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ឲ្យ​ទទួលយក​បាន​ឲ្យ​មាន​ភាព​សេរី និង​យុត្តិធម៌ ចំពោះ​គណបក្ស​ទាំងអស់​ស្មើភាព​គ្នា ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​តាម​ច្បាប់ ។ លោក​ថា លោកស្រី​បាន​សួរ​ថា គ​.​ជ​.​ប បានដឹង​ពី​អ្នក​សង្កេតការណ៍​ដែល​នឹង​ត្រូវ​ចូលរួម​មក​សង្កេតការណ៍​បោះ​ឆ្នោត​ដែរ​ទេ? ។

លោក​ហង្ស ពុទ្ធា​បាន​ថ្លែង​ថា រហូត​ដល់​ពេល​នេះ គ​.​ជ​.​ប មិន​ទាន់​ទទួល​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​នៅឡើយ​ទេ ។ តែបើ​ទោះបីជា​មាន​ប្រទេស​ខ្លះ​ថា មិន​មានការ​បន្ត​ការ​គាំទ្រ ឬ​ព្យួរ​ការ​គាំទ្រ​ក៏​នៅ​មាន​ប្រទេស​ខ្លះ​នៅ​បន្ត​គាំទ្រ (​គជ​ប​) ដែរ ។ នៅ​ពេល​ខាង​មុខ​នឹង​មាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ផង ។ លោក​បាន​លើក​ឡើង​ថា លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​លើក​ឡើង​ដោយ​ស្នើ​សុំ​ដល់ គ​.​ជ​.​ប យកចិត្តទុកដាក់​ពី​ការ​យកចិត្ត​ទុក្ខ​ដាក់​ពី​សិទ្ធិ​បោះ​ឆ្នោត​របស់​កម្មករ​ចំណាកស្រុក ។ ការ​យកចិត្តទុកដាក់​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ឲ្យ​បាន​លើក​ស្លាក​គណបក្ស​ស្មើគ្នា និង​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ចង់​ឲ្យ (​គជ​ប​) ពង្រឹង​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ។
លោក​ហង្ស ពុទ្ធា​បាន​លើក​ឡើង​ថា ការ​ព្រួយបារម្ភ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មិនមែន​អ្វី​ថ្មី​ទេ វា​ជា​រឿង​ចាស់ ៕

កែសម្រួលដោយ