ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​មនុស្ស​៨​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះការ​តវ៉ា​ដីធ្លី​នៅ​ស្រុក​ស្នួល

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៨​នាក់​ដែល​អាជ្ញាធរ​កំណត់​ថា ជា​មេខ្យល់​ក្នុង​សកម្មភាព កៀងគរ​មនុស្ស​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ត្រូវ​បាន​ចាប់ខ្លួន និង​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​ខេត្ត មាន​រយៈ​៥​ថ្ងៃ​រួច​មក​នោះ គឺ​ត្រូវ​បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១២…

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៨​នាក់​ដែល​អាជ្ញាធរ​កំណត់​ថា ជា​មេខ្យល់​ក្នុង​សកម្មភាព កៀងគរ​មនុស្ស​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ត្រូវ​បាន​ចាប់ខ្លួន និង​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​ខេត្ត មាន​រយៈ​៥​ថ្ងៃ​រួច​មក​នោះ គឺ​ត្រូវ​បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ។

មន្ត្រី​តុលាការ​ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​ជន​ទាំង​៨​នាក់​បាន​ឆ្លើយ​បដិសេធ និង​បាន​ព្រម​ប្រគល់​ដី​ព្រៃ​ដែល​កាន់កាប់​ខុសច្បាប់​ប្រគល់​មក​ឲ្យ​ក្រុមហ៊ុន​វិញ ។ ហើយ​ក៏​ការ​ដោះ​លែង​នេះ​ដែរ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី កា​រត​ព្វ​កិច្ច​នៃ​ការ​ត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ​តាម​មាត្រា​២២៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

មនុស្ស​ប្រុស​ស្រី​៨​នាក់​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពួក​គេ កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​មួយ​រវាង​អាជ្ញាធរ​កម្លាំង​ចម្រុះ​ជាមួយនឹង​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ជាង​២០០​គ្រួសារ ដែល​ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧៦A ក្នុង​នោះ​គ្រប់​ដៃ​ប្រដាប់​ដោយ​អាវុធ និង​មាន​ចេតនា​ប៉ុនប៉ង​ប្រើ​ហិង្សា​មក​លើ​អាជ្ញាធរ​នៅ​ក្នុង​គ្រានោះ​ផង​ដែរ ។

អភិបាលស្រុក​ស្នួល លោក គង់ គឹ​ម​នី បាន​យល់​ឃើញ​ថា ការ​ដោះ​លែង​នេះ​ជា​សិទ្ធិ​របស់​តុលាការ ហើយ​ការ​ដោះ​លែង​គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​នីតិវិធី ។

ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែមីនា នេះ អភិបាលស្រុក​ស្នួល លោក គង់ គឹ​ម​នី បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​រយៈពេល​៥​ថ្ងៃ​មកនេះ គឺ​ស្ថានភាព​នៅ​កន្លែង​ធ្លាប់​ផ្ទុះ​បាតុភាព​ពី​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​ស្ងប់ស្ងាត់​ធម្មតា ។ ខណៈ​ដែល​ពលរដ្ឋ​ជា​អ្នក​តវ៉ា​ទាំងនោះ បាន​សម្រេច​ចាក់​ចេញពី​រោង​ខ្ទម ដែល​សង់​សម្រាប់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ដើម្បី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​បរិវេណ​ក្រុមហ៊ុន បាន​ត្រលប់​ទៅ​លំនៅ​ឋាន​រស់នៅ​អចិន្ត្រៃយ៍​វិញ នៅ​តាម​បណ្តា​ស្រុក ខេត្ត​ផ្សេង​ៗ​រៀង​ៗ​ខ្លួន ។

ដោយ​លោក​អភិបាលស្រុក​ស្នួល បាន​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​ស្រុក និង​ខេត្ត ដែល​បាន​ចុះ​ទៅ​សម្របសម្រួល​រឿង​វិវាទ​ដីធ្លី​ជាមួយនឹង​ពលរដ្ឋ​ចំណាកស្រុក​ទាំង​ចំនួន​ជាង​២០០​គ្រួសារ ឲ្យ​ពួក​គាត់​បញ្ឈប់​ការ​ចូល​មក​កាប់​ទន្ទ្រាន​ដី​ខុសច្បាប់ ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​ទៅ​បញ្ជាក់​ពី​មូលដ្ឋាន​សាមី​ថា ពួក​គាត់​គាត់​ពិតជា​គ្មាន​ដី​ពិតប្រាកដ និង​ស្នើរ​មក​អាជ្ញាធរ​ស្រុក​ស្នួល ដើម្បី​ឲ្យ​អាជ្ញាធរ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់​ឲ្យ​ទៅ​ពួក​គាត់​បាន​កាន់កាប់ ។ តែ​ផ្ទុយ​ទៅ​វិញ ពួក​គាត់​ទាំង​ចំនួន​នោះ​ហាក់​មិន​ទទួលយក​កា​សម្របសម្រួល​នូវ​គោលនយោបាយ​នេះ​ពី​អាជ្ញាធរ​នោះ​ទេ គឺ​ពួក​គាត់​នៅ​តែ​បន្ត​កើន​មនុស្ស​ចំណាកស្រុក​នាំ​គ្នា​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​ក្រុមហ៊ុន យ៉ាង​គំហុក និង​កាន់កាប់​ខុសច្បាប់​ទៅ​វិញ​ដោយ​សកម្មភាព​នេះ ក៏​ត្រូវ​បាន​លោក​អភិបាលស្រុក​ស្នួល ចាត់​ទុក​ថា​ជា​ចេតនា​នយោបាយ ។

គួ​រំឭក​ថា បញ្ហា​វិវាទ​ដីធ្លី​ដ៏​ចម្រូងចម្រាស់​មួយ​បាន​កើត​មាន​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពី​សំណាក់​ប្រជា​អ្នក​តវ៉ា​ចំណាកស្រុក​ជាង​២០០​គ្រួសារ ជាមួយនឹង​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ ដែល​មាន​ជា​ក្រុមហ៊ុន​មួយ​មានច្បាប់​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ទំហំ​ជិត​១​ម៉ឺន​ហិ​កតា​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល ។ ការ​ចម្រូងចម្រាស់​រហូត​ឈាន​ឲ្យ​មានការ​ផ្ទុះ​បាតុភាព​ធ្ងន់ធ្ងរ​យ៉ាង​ក្តៅ​គគុក​កាលពី​ថ្ងៃ​ទី​០៨ ខែមីនា កន្លង​ទៅ ។ នៅ​ពេល​ប្រជា​អ្នក​តវ៉ា​ទាំង​ចំនួន​ជាង​២០០​គ្រួសារ​ទាំងនោះ ប្រដាប់​ដោយ​ដោយ​អាវុធ រួម​មាន ពូថៅ កាំបិត ដំបង ដប​សាំង ជំ​ពាម​គ្រាប់កង់ ក៏​ដូច​ជា​កាំភ្លើង​កែ​ច្នៃ បាន​ចេញ​មក​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧៦A ហើយ​ថែម​ទាំង​ប៉ុនប៉ង​ប្រើ​ហិង្សា​មក​លើ​អាជ្ញាធរ​ចម្រុះ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ប្រឡាយ​ធ្វើ​ក្រវាត់​ព្រំ​ដី​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន ។ ជាមួយនឹង​ការ​តវ៉ា​នៅ​ថ្ងៃ​នោះ ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា ការ​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​របស់​ពួក​គាត់ ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ។ ក្នុង​ស្ថានភាព​ដ៏​តានតឹង និង​ក្តៅ​គគុក​នា​ថ្ងៃ​នោះ កម្លាំងប្រដាប់អាវុធ​ចម្រុះ​ក៏​បាន​បាញ់កាំភ្លើង​ឡើង​លើ​អស់​ជា​ច្រើន​គ្រាប់​ដើម្បី​បំបែកហ្វូង​ក្រុម​អ្នក​តវ៉ា ទើប​សភាព​ការ​មាន​ភាព​ធូរស្រាល ។ ក្នុង​សកម្មភាព​នោះ​ដែរ ក៏​មាន​មនុស្ស​ប្រុស​ស្រី​៨​នាក់ ដែល​អាជ្ញាធរ​កំណត់​ថា​ជា​មុខសញ្ញា​មេខ្យល់ ក៏​ត្រូវ​បាន​ចាប់ខ្លួន ។ ហើយ​ហេតុការណ៍​ប៉ះទង្គិច​នៅ​ថ្ងៃ​នោះ ក៏​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ន​ណា​ម្នាក់ ដូច​ទៅ​តាម​ការ​លើក​ឡើងជា​ការ​បំប៉ោង​ព័ត៌មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ