ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​វិស័យ​ឧស្សាហកម្ម​រួមចំណែក 30% ​នៃ​ GDP

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច ជា​ពិសេស ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នោះ រាជ​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែ​មាន​សន្ទុះ​ថែម​ទៀត ដោយ​បាន​កៀងគរ​ស្វែងរក​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច ជា​ពិសេស ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នោះ រាជ​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែ​មាន​សន្ទុះ​ថែម​ទៀត ដោយ​បាន​កៀងគរ​ស្វែងរក​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​ដែរ រាជរដ្ឋាភិបាល​ដែល​មាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​រំពឹង​ថា ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ វិស័យ​ឧស្សាហ​កម្ម​កម្ពុជា នឹង​អាច​រួមចំណែក​ដល់ GDP រហូត​ដល់​៣០% ។

លោក សួន សុផល តំណាង​នាយកដ្ឋាន​ឯកជន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៩៣ វិស័យ​ឧស្សាហកម្ម​បាន​រួមចំណែក​ក្នុង GDP តែ​ជាង​១២%​ប៉ុណ្ណោះ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​២០០៦ វិស័យ​នេះ​បាន​រួមចំណែក​រហូត​ដល់​២៦,២% ហើយ​បាន​ធ្លាក់​ចុះ​មក​វិញ​ត្រឹម​ជាង​២៤%​ក្នុង​ឆ្នាំ​២០១៣ ព្រោះ​នៅ​ក្រោយ​ឆ្នាំ​២០០៦ កម្ពុជា និង​ពិភពលោក​ទាំងមូល​បាន​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​GDP មាន​កំណើន​យឺត ។ លោក​ថា ៖« ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ កម្ពុជា​រំពឹង​ថា វិស័យ​ឧស្សាហកម្ម​អាច​ចូលរួម​ចំណែក​បាន​ក្នុង GDP យ៉ាង​ហោច​ណាស់​៣០% » ។

លោក​បន្ត​ថា ដើម្បី​ឲ្យ​សម្រេច​បាន​តាម​គោលដៅ កម្ពុជា​ត្រូវ​រៀបចំ​នូវ​ផែនការ និង​យុទ្ធ​សាស្ត្រ​មួយ​ចំនួន ។ ជាក់ស្ដែង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា បង្កើន​នូវ​ការ​វិនិយោគ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ត្រូវ​តែ​ដាក់​ផែនការ​សម្រេច​ឲ្យ​បាន​៣០%​នៃ GDP ក្នុង​ឆ្នាំ​២០២៥ ។

លោក​បន្ថែម​ថា ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នេះ បាន​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ ។ ដោយឡែក ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ខុស​គ្នា​ដែរ ក្នុង​នោះ​៧០%​នៃ​ការងារ​ក្នុង​ប្រទេស គឺ​បាន​មក​ពី​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​។ ម្យ៉ាងវិញទៀត ម្ចាស់​សហគ្រាស​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ជា​ស្ត្រី ដែល​មាន​អត្រា​ខ្ពស់​ជាង​ពាក់​កណ្ដាល​នៃ​សហគ្រាស​សរុប ។

គួរ​បញ្ជាក់​ថា តាម​តួលេខ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ រោងចក្រ​ធុន​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប​១.៧០៧ ក្នុង​នោះ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ចំនួន​១.១៤៣​រោងចក្រ និង​បាន​ផ្ដល់​ការងារ​សរុប​ដល់​កម្មករ​-​កម្មការិនី​កម្ពុជា ប្រមាណ​ជាង​៩៧​ម៉ឺន​នាក់ ។ ក្រៅពី​រោងចក្រ​ធុន​ធំ​ៗ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។ បើ​តាម​ស្ថិតិ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​សហគ្រាស​ជាង​៥២​ម៉ឺន​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រមាណ​៩៩,៨% ដែល​បាន​ផ្ដល់​ការងារ​សរុប​ប្រមាណ​៧០% នៃ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ