ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួយ​ក្រុម​៤៥​នាក់ អះអាង​ថា​ជា​អតីត​យោធិន​ពិការ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​៤៥​នាក់ មក​ពី​៧​ស្រុក​-​ក្រុង​នៃ​ខេត្តបន្ទាយមានជ័យ តំណាង​ប្រជាពលរដ្ឋ​៥២០​នាក់ ដោយ​ពួក​គាត់​អះអាង​ថា ជា​អតីត​យោធិន​ពិការ បាន​នាំ​ប្រមូលផ្តុំ នៅ​ខាង​មុខ​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១១​រោច…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​៤៥​នាក់ មក​ពី​៧​ស្រុក​-​ក្រុង​នៃ​ខេត្តបន្ទាយមានជ័យ តំណាង​ប្រជាពលរដ្ឋ​៥២០​នាក់ ដោយ​ពួក​គាត់​អះអាង​ថា ជា​អតីត​យោធិន​ពិការ បាន​នាំ​ប្រមូលផ្តុំ នៅ​ខាង​មុខ​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១១​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​នេះ ដើម្បី​ឱ្យ​លោក​អភិបាលខេត្ត​អន្តរាគមន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​គោល​របប​សន្តិសុខ​សង្គម​យោធិន​ពិការ​ប្រចាំខែ ជូន​ដល់​ពួក​គាត់ ដើម្បី​យក​មក​ផ្គត់ផ្គង់ ជីវភាព គ្រា​ដែល​ពួក​គាត់​អះអាង​ថា បាន​ធ្វើ​ជា​យោធិន​ធ្លាក់ខ្លួន​ពិការ ហើយ​បាត់ឈ្មោះ​។ ការ​មូល​ផ្តុំ​របស់ ប្រជាពលរដ្ឋ​ខាងលើ​គាត់​បាន​អះអាង​ថា​៖ ពួក​គាត់ ជា​យោធិន​ពិការ​នោះ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី សាលាខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​៖ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​សរុប​៥២០​នាក់ ធ្លាប់​មក​សុំ​អន្តរាគមន៍​លោក អភិបាលខេត្ត​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ដើមឆ្នាំ​២០១៧​។

នៅ​ពេល​នោះ​អភិបាលខេត្ត​ក៏​បាន ធ្វើ​លិខិត​មួយ ជម្រាប​ជូន​ទៅ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដើម្បី​ពិនិត្យ​ដោះស្រាយ​គោល​របប​ជូន​ដល់​ពួក​គាត់​។ ប្រភព​ព័ត៌មាន​មន្ត្រី​សាលាខេត្ត​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយមក​គណៈកម្មការ​បច្ចេកទេស​ក្រសួង ការពារ​ជាតិ បាន​ចុះ​មក​ស្រាវជ្រាវ​ស៊ើបអង្កេត​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ខាងលើ​រស់នៅ​បច្ចុប្បន្ន ហើយ​បន្ទាប់​មក​គណៈកម្មការ​ក្រសួងការពារជាតិ​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រជាពលរដ្ឋ ដែល​អះអាង​ជា​យោធិន​ពិការ​នោះ​មិន​មាន​លក្ខណៈ និង​អត្តសញ្ញាណ​គ្រប់គ្រាន់​ជា​យោធិន​ពិការ នោះ​ឡើយ​។ ក្រសួងការពារជាតិ​ក៏​បាន​ចេញ​លិខិត​លេខ​២៤១​ស​ជ​ណ ជម្រាប​មក​លោក​អភិបាល ខេត្ត​វិញ​ថា យោង​តាម​អនុ​ក្រិ​ត្យ​លេខ​០៨ ចុះ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០០៧ ស្តី​ពី​របប​ឧបត្ថម្ភ​ចំពោះ យោធិន​ពលី មរណៈ បង្ក​ស្លាប់ បាត់​ខ្លួន និង​ពិការ គឺ​មុខសញ្ញា​ប្រជាពលរដ្ឋ ខាងលើ មិន​អាច​ទទួល ស្គាល់​ជា​យោធិន​ពិការ​បាន​ឡើយ​។

លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា​៖ បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មាន សេចក្តីណែនាំ ឬ​បទបញ្ជា​ពី​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ឱ្យ​ប្រមូល​មុខសញ្ញា​ខាងលើ​មក​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ នៃ​កង​យោធពលខេមរភូមិន្ទ ទទួលស្គាល់​ជា​យោធិន​ពិការ​ដើម្បី​ផ្តល់​គោល​របប​ឧបត្ថម្ភ​នោះ​ឡើយ​។ ក្នុង​ការ​ប្រមូលផ្តុំ​ពី​ប្រជាពលរដ្ឋ​អះអាង​ថា​៖ ជា​យោធិន​ពិការ​ខាងលើ​នៅ​ខាង​មុខ​សាលាខេត្ត បន្ទាយ​មាន​ជ័យ​នោះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​ក៏​បាន​អនុញ្ញាត​ឱ្យ​តំណាង​ពួក​គាត់​ចូល​ជួប ដោយ​ប្រាប់​ដល់​តំណាង​ប្រជាពលរដ្ឋ​នោះ​ថា អាជ្ញាធរ​ខេត្ត បាន​ខិតខំ​ជួយ​ដោះស្រាយ ជូន​ដល់​ពួក​គាត់​នោះ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​បងប្អូន​ស្នើ​សុំ​នោះ គឺ​ខាង​ក្រសួងការពារជាតិ​ធ្វើការ បដិសេធ​។ ដូច្នេះ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​វិ​ត្រលប់​ទៅ​លំ​ដ្ឋា​ន​វិញ​ចុះ​។ ការ​តវ៉ា​នេះ មិន​មាន​ប្រើ​អំពើ​ហិង្សា​ណាមួយ​ទេ ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​អាជ្ញាធរ​ខេត្ត​ហើយ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ