រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ទើបនឹងទិញបានរថយន្តម៉ាកសាំយ៉ុងថ្មីៗ ហើយគាត់បានចេះបើកស្ទើរភ្លើងបានខំរៀនបើកបរបន្តទៀត ដើម្បីឲ្យស្ទាត់ជំនាញ ។ ប៉ុន្តែជាអកុសលបានរេចង្កូតជ្រុលទៅបុកចៅស្រីខ្លួនឯង២នាក់ ដែលកំពុងអង្គុយលេងនៅតាមចិញ្ចើមផ្លូវ រុញផ្ទប់ទៅនឹងរបងថ្ម បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ហើយរបងថ្មបានបាក់អស់១ផ្ទាំង បន្ទាប់មកគាត់ត្រូវបាននគរបាលចាប់ខ្លួនទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ។ តាមប្រភព័ត៌មានបានឲ្យដឹងថា បុរសចំណាស់ខាងលើឈ្មោះ ទី បាន អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ គាត់ទើបទិញបានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៣៧៦៥ ។ បុរសនេះបានរៀនបើកបររថយន្តនេះ ហើយបានជ្រុលទៅបុកចៅស្រីជីដូនមួយរបស់ខ្លួនឯងម្នាក់ ឈ្មោះ សំណាង ពិសី អាយុ៥ឆ្នាំ ជាសិស្សាសាលាមត្តេយ្យ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ។
ប្រភពដដែលបានបន្តទៀតថា ក្មេងស្រីរងគ្រោះគឺជាកូនកំព្រា ដោយបុរសជាឪពុករបស់នាងបានទៅមានប្រពន្ធថ្មីផ្សេងទៀត និងបានទៅរស់នៅឯស្រុកផ្សេងបាត់ហើយ ចំណែកស្ត្រីជាម្តាយបានស្លាប់ចោលនាងបាត់ទៀត ។ សព្វថ្ងៃនាងបានរស់នៅជាមួយម្តាយមីងម្នាក់ទៀតឈ្មោះ ថន ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ហើយពេលនេះបែរជាជួបនៅគ្រោះអកុសលបែបនេះទៅវិញ ។
សាច់ញាតិក្មេងស្រីរងគ្រោះបានឲ្យដឹងថា បុរសដែលត្រូវជាជីតាជីដូនមួយនេះ ទើបតែទិញរថយន្តម៉ាកសាំយ៉ុង១គ្រឿង បានរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ហើយគាត់មិនទាន់ចេះបើកបរស្ទាត់ជំនាញនៅឡើយ ។ នៅមុនពេលកើតហេតុគាត់បានរៀនបើកបររថយន្តនោះដោយខ្លួនឯង គ្មានគ្រូដើម្បីបង្ហាត់បង្រៀនគាត់ទេ ទាំងមិនមានគ្រូបង្រៀនឡើយ ដោយបានបើកក្រឡឹងតាមផ្លូវលំនៅក្នុង ។ លុះបើកបាន២ទៅ៣ជុំទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកចៅស្រីទាំង២នាក់ដែលកំពុងអង្គុយលេងចិញ្ចើមផ្លូវ រុញផ្ទប់នឹងរបងថ្ម បណ្ដាលឲ្យម្នាក់ និងរងរបួសស្រាលម្នាក់ មិនតែប៉ុណ្ណោះបានបណ្ដាលឲ្យបាក់រលំរបងថ្មអស់១ផ្ទាំងថែមទៀត ។
ក្រោយកើតហេតុ នគរបាលបានចុះទៅធ្វើការវាស់វែងព្រមទាំងឃាត់ខ្លួនបុរសដែលជាអ្នកបើកបររថយន្តខាងលើរួចបាននាំទៅសាកសួរនៅប៉ុស្តិ៍ បន្ទាប់មកបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ