ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​វិញ្ញាណក្ខន្ធ​សព​ឧត្តមសេនីយ៍ឯក គង់ ផា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ លោក​ឧត្តមសេនីយ៍ឯក សៅ សា​រឿ​ន អគ្គនាយករង…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ លោក​ឧត្តមសេនីយ៍ឯក សៅ សា​រឿ​ន អគ្គនាយករង អគ្គនាយកដ្ឋាន​យុទ្ធ​សេវា និង​ជានា​យក នាយកដ្ឋាន​កិច្ចការ​យោធា និង​ស៊ី​វិល តំណាង​ឲ្យ​ក្រសួងការពារជាតិ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងការពារជាតិ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ជួយ​ចែករំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ នៃ​សព​លោក​ឧត្តមសេនីយ៍ឯក គង់ ផា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ ដែល​បាន​ទទួលមរណៈភាព កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៦២​ឆ្នាំ ដោយ​រោគាពាធ ហើយ​សព​ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​ទក្ខិណាទាន​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា នៅ​គេហដ្ឋាន​នៃ​សព ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

នៅ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នោះ លោក​ឧត្តមសេនីយ៍ឯក សៅ សា​រឿ​ន អគ្គនាយករង អគ្គនាយកដ្ឋាន​យុទ្ធ​សេវា និង ជានា​យក នាយកដ្ឋាន​កិច្ចការ​យោធា និង​ស៊ី​វិល ក្នុង​នាម​តំណាង​ឲ្យ​ក្រសួងការពារជាតិ បាន​ធ្វើការ​បំពាក់​ឋានន្តរស័ក្តិ​ជា​កិច្ច​ប​ច្ឆា​មរណៈ​ថ្នាក់​ឧត្តមសេនីយ៍ទោ ជូន​ដល់​សព​លោក​ឧត្តមសេនីយ៍ឯក គង់ ផា និង​បាន​ធ្វើការ​ស្មឹង​ស្មា​ត​គោរព​វិញ្ញាណ​ក្ខ​ន្ត និង​បូជា​ទៀន​ធូប​ដើម្បី​ឧទ្ទិស​ជូន​ដល់​វិញ្ញាណ​ក្ខ​ន្ត​របស់​សព​លោក ឧត្តមសេនីយ៍ឯក គង់ ផា ព្រមទាំង​បាន​ធ្វើការ​ចូលរួម​សម្តែង និង​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ក្នុង​ចិត្ត ដោយ​ឥត​ឧបមា ក្នុង​ការ​បាត់បង់​ស្វាមី បី​តា ជីតា ដ៏​ឧត្តុង្គឧត្តម​នៃ​គ្រួសារ​ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជាទី​ស្រឡាញ់​របស់​គ្រួសារ​នៃ​សព ក៏​ដូច​ជា​ការ​បាត់បង់​វីរជន​ដ៏​ឆ្នើម ក្នុង​ការ​បញ្ជា​ដឹកនាំ​ការពារ​ជាតិ​មាតុភូមិ ដែល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិស​ដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ ព្រមទាំង​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​នៅ​គ្រប់​កាលៈទេសៈ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មាតុភូមិ ក្នុង​មួយ​ជីវិត​របស់​លោក ។

លោក​ក៏​បាន​បញ្ជាក់​ថា ទោះបី​នៅ​ពេល​នេះ​រូប​កាយវិញ្ញាណ​របស់​លោក​ឧត្តមសេនីយ៍ឯក គង់ ផា បាន​រលត់​ចាក​ឆ្ងាយ​ពី​លោក​នេះ​ទៅ​កាន់​ទី​ភព​ថ្មី​ដ៏​សែន​ឆ្ងាយ ដែល​គ្មាន​ថៃ្ង​វិល​ត្រលប់​មក​វិញ​ជា​រៀង​រហូត ។ ក៏​ប៉ុន្តែ​ចំពោះ​កិត្តិ​ស័ព្ទ​កេរ្តិ៍ឈ្មោះ​របស់​លោក ក៏​បាន​ដក​ជាប់​នូវ​ក្នុង​ក្រអៅបេះដូង​របស់​កូនចៅ ថ្នាក់ដឹកនាំ និង​យុទ្ធ​មិត្ត​រួម​អាវុធ ញាតិ​មិត្ត​រួមការ​ងារ ដែល​ធ្វើ​ឲ្យ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ ។ លោក​ឧត្តមសេនីយ៍ឯក សៅ សា​រឿ​ន ក៏​បាន​ធ្វើការ​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ឧត្តមសេនីយ៍ឯក គង់ ផា បាន​ទៅ​កាន់​សុខ​គតិ​ភព​ថ្មី កុំបី​ឃ្លាងឃ្លាត​ឡើយ ។

បន្ទាប់​ពី​ក្រុម​ប្រតិភូ​មេបញ្ជាការ បញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ ធ្វើការ​គោរព​គារវកិច្ច នៃ​សព​រួច​មក ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះ​ដែរ ក៏​មាន​ក្រុម​ប្រតិភូ​ខេត្ត​ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក អ៊ឹ​ង ហឿ​ន សមាជិក​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​លោក លោក​ជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​អស់លោក​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង និង​កងពល​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៤ បាន​គោរព​វិញ្ញាណក្ខន្ធ រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​ឧត្តមសេនីយ៍ឯក គង់ ផា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ ជា​កិច្ច​ចុង​ក្រោយ ទៅ​តាម​ផែន​នៃ​អង្គភាព​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ