ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវដែក និង​ផ្លូវទឹក នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ដើម​ខែមេសា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ សមិទ្ធផល​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន នឹង​បញ្ចប់​ដំណើរការ​សាងសង់ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ ក្នុង​នោះ​គម្រោង​ចំនួន​២ ត្រូវ​បាន​កំណត់​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ជាក់លាក់​ហើយ ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ សមិទ្ធផល​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន នឹង​បញ្ចប់​ដំណើរការ​សាងសង់ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ ក្នុង​នោះ​គម្រោង​ចំនួន​២ ត្រូវ​បាន​កំណត់​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ជាក់លាក់​ហើយ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា គម្រោង​ផ្លូវដែក ប៉ោយ​ប៉ែ​ត​-​ស៊ី​សុ​ផុ​ន ដែល​ចម្ងាយ​៤៨​គីឡូម៉ែត្រ និង​គម្រោង​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក ព្រែក​ព្នៅ​-​ក្រុង​តា​ខ្មៅ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើម​ខែមេសា ខាង​មុខ​នេះ ។ ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សំខាន់​ៗ​ទាំង​ពីរ​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា បាន​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​យ៉ាងច្រើន ពិសេស​គឺ​សម្រួលការ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ មីនា ថា គម្រោង​ជួសជុល ឬ​ស្តារ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​ស៊ី​សុ​ផុ​ន ដែល​មាន​ចម្ងាយ​៤៨​គីឡូម៉ែត្រ នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៤ ខែមេសា ហើយ​គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តា​ខ្មៅ នឹង​ចាប់ផ្តើម​ថ្ងៃ​ទី​៦ មេ​សា គឺ​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖« ផ្លូវដែក​ដែល​ដាច់​ដោយ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧៣ ពី​ប៉ោយ​ប៉ែ​តម​ក​ស៊ី​សុ​ផុ​ន ប្រវែង​៤៨​គីឡូម៉ែត្រ នេះ យើង​បាន​ស្ថាបនា​ឡើង​វិញ​ចប់​សព្វគ្រប់​ហើយ ។ អីចឹង នៅ​ថ្ងៃ​ទី​៤ ខែមេសា យើង​នឹង​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​សម្រាប់​ដឹក​អ្នកដំណើរ ហើយ​យើង​អាច​បន្ត​មក​បាត់ដំបង និង​មក​ដល់​ភ្នំពេញ អាច​បញ្ចប់​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ » ។
លោក​បាន​ប្រកាស​ជា​ឱឡារិក​ថា ៖« ខ្ញុំ​សូម​ជម្រាប​ថា យើង​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ថូ​ល ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ទាំង​នៅ​ភ្នំពេញ និង​ប៉ោយ​ប៉ែ​ត គឺ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​យក​លុយ រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា » ។

ចំណែក​គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក ពី​ព្រែក​ព្នៅ ទៅ​ក្រុង​តា​ខ្មៅ លោក​ទេស​រដ្ឋមន្ត្រី គូសបញ្ជាក់​ថា ៖« យើង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៦ មេ​សា ខាង​មុខ​នេះ នឹង​មាន​ទូក​ដឹក​អ្នកដំណើរ​ជំហាន​ដំបូង​ចំនួន​៣​គ្រឿង ដែល​ទូក​នីមួយ​ៗ​អាច​ផ្ទុក​អ្នកដំណើរ​បាន​លើស​ពី​៥០​នាក់ » ។
លោក​បន្ត​ថា ទូក​៣​គ្រឿង​នេះ នឹង​ធ្វើ​ចរាចរណ៍​ផ្តល់​សេវា​ចេញដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តា​ខ្មៅ ចម្ងាយ​សរុប​ប្រមាណ​២៥​គីឡូម៉ែត្រ ចំណាយ​ពេលវេលា​ជា​មធ្យម​៣៤​នាទី ដោយ​មាន​ចំណត​ផែ​ចំនួន​៥ រួម​មាន ចំណត​ផែ​ព្រែក​ព្នៅ​, ទីលាន​ប្រជាធិបតេយ្យ​ថ្មី​, ផ្សារ​រាត្រី​, កោះ​ពេជ្រ និង​ក្រុង​តា​ខ្មៅ ហើយ​លោក​សង្ឃឹមថា ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា និង​ចូលរួម​កាត់​បន្ថយ​ក​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ មីនា ម្សិលមិញ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ពង្រីក​ផ្លូវ​នេះ ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល ពិសេស​សម្រួល​ចរាចរណ៍ ។ ការ​ពង្រីក​ចរាចរណ៍ នៅ​តាម​ផ្លូវដែក​ប៉ោយ​ប៉ែ​ត ជា​ច្រក​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់ ព្រោះ​កសិផល និង​ទំនិញ​ឆ្លងកាត់​ច្រក​ប៉ោយ​ប៉ែ​ត​ច្រើន ។ ដោយឡែក ការ​សម្រួល​ចរាចរណ៍​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តា​ខ្មៅ​តាម​ផ្លូវទឹក​នេះ វា​ជា​រឿង​ល្អ​មួយ និង​ថ្មី ដែល​យើង​មិន​ដែល​បាន​ប្រើ និង​ចាប់អារម្មណ៍​ប្រើ ។

លោក​បណ្ឌិត​បន្ត​ថា ៖« ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ចំណេញ​ពេលវេលា​បាន​ច្រើន​។ ដូចនេះ បើសិន​មាន​ចរាចរណ៍​ផ្លូវទឹក​ពី​ស្ពាន​លី​យ៉ុ​ង​ផាត់ ហើយ​យើង​ឆ្លង​តាម​ស្ពាន​លី​យ៉ុ​ង​ផាត់​ទៅ​ផ្លូវជាតិ​លេខ​៦ ឬ​ផ្លូវ​ផ្សេង​ទៀត​នោះ គឺ​ជួយ​សម្រួល​ចរាចរណ៍​មែនទែន ។ អីចឹង គេ​អាច​បែងចែក​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ម្តុំ​ព្រែក​ព្នៅ ដែល​វា​ជា​រឿង​ល្អ​មួយ​បំផុត​សម្រាប់​ផ្លូវដែក ផ្លូវគោក និង​ផ្លូវទឹក​ផង គឺ​អាច​បែងចែក​ចរាចរណ៍​ទៅ​ផ្លូវជាតិ​លេខ​៤, ៥ និង​លេខ​៦ » ។

លោក​បណ្ឌិត​បន្ត​ថា ៖« ខ្ញុំ​គិត​ថា គម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ នឹង​ទទួល​បាន​ជោគជ័យ ទី​១-​នៅ​ក្រុង​តា​ខ្មៅ មាន​ពង្រីក​ផ្លូវ​ធ្វើ​ចរាចរណ៍ ។ ទី​២-​មាន​គម្រោង​ធ្វើ​ព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​នៅ​ខេត្តកណ្តាល និង​ទី​៣-​មាន​ច្រក​បែងចែក​ពី​ផ្លូវ​តា​ខ្មៅ ទៅ​ផ្លូវជាតិ​លេខ​១ លេខ​២ រួម​នឹង​មាន​ផ្លូវ​លេខ​៦០​ម៉ែត្រ​ចូល​មក​ទីក្រុង​ភ្នំពេញ​ទៀត គឺជា​ការ​បង្កើត​ច្រក​សេដ្ឋកិច្ច​យ៉ាងច្រើន និង​ជួយ​សម្រួល​ចរាចរណ៍ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ » ។

លោក​បណ្ឌិត​ថា ៖« គម្រោង​ដែល​រាជរដ្ឋាភិបាល​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ខាង​មុខ​នេះ វា​ជា​ចរន្ត​មួយ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មិន​មានការ​រារែក​ក្នុង​ការ​វិនិយោគ​ទៀត ព្រោះ​អ្នក​វិនិយោគ​មួយ​ចំនួន​ត្រូវការ​វិនិយោគ​នៅ​តំបន់​ឆ្ងាយ តែ​ការ​ដឹក​ជញ្ជូន​មានការ​ពិបាក ។ អីចឹង នៅ​ពេល​រាជរដ្ឋាភិបាល​ធ្វើ​ផ្លូវ​ជួយ​សម្រួល​ចរាចរណ៍​នេះ​បាន​នោះ នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​ទៅ​ក្រៅ​ក្រុង​នឹង​កើត​មាន​ឡើង ព្រោះ​ការ​វិនិយោគ​ក្នុង​ក្រុង ថ្លៃ​ជួល​ទីតាំង​ខ្ពស់ ។ ដូចនេះ វា​បាន​សម្រួល​បរិយាកាស​វិនិយោគ សម្រួល​ឱ្យ​មានការ​ងារ​ធ្វើ​នៅ​តំបន់​ជនបទ និង​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​ជនបទ និង​ទីប្រជុំជន ។ អីចឹង របាយ​ប្រជាជន​ស្មើគ្នា កំណើនសេដ្ឋកិច្ច​នៅ​តាម​ជនបទ​នឹង​ងើប​ឡើងជា​បណ្តើរ​ៗ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ