ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឱ្យ​មន្ទីរ ស្ថាប័ននានា​ពង្រឹង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​ច្បាប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ធានា​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​អាជីវករ ពាណិជ្ជករ​ខ្មែរ និង​បរទេស ក្រសួងពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​អំពី​កាតព្វកិច្ច និង​ការ​អនុវត្ដ​លិខិត​បទដ្ឋាន​ច្បាប់ ទាក់ទង​នឹង​ការ​ប្រកប​អាជីវកម្ម និង​ពាណិជ្ជកម្ម…

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​ធានា​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​អាជីវករ ពាណិជ្ជករ​ខ្មែរ និង​បរទេស ក្រសួងពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​អំពី​កាតព្វកិច្ច និង​ការ​អនុវត្ដ​លិខិត​បទដ្ឋាន​ច្បាប់ ទាក់ទង​នឹង​ការ​ប្រកប​អាជីវកម្ម និង​ពាណិជ្ជកម្ម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ចូលរួម​ពី​អន្តរក្រសួង និង​មន្ទីរ​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​ព្រះ​សីហ​នុ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សាលាខេត្ត នា​ថ្ងៃ​ទី​៦ មីនា កន្លង​មក លោក សុខ សុ​ភ័ក្ដ្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ពី​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ដើម្បី​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​ច្បាប់ និង​ការ​អនុវត្ដ​ច្បាប់​ជា​ធរមាន​លើ​ករណី​ជនបរទេស និង​អាជីវកម្ម​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ ក្នុង​គោលដៅ​ចម្បង​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់ របៀបរៀបរយ សន្ដិសុខ និង​នីត្យានុកូលដ្ឋាន​នៃ​ការ​ប្រកប​អាជីវកម្ម ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ៖« កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ពង្រឹង​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ប្រឈម និង​ត្រួតពិនិត្យ​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ដ​ច្បាប់​ដោយ​ប្រការ​ណាមួយ​របស់​មន្ត្រី​មូលដ្ឋាន​មាន​សមត្ថកិច្ច ដើម្បី​ធានា​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​អាជីវករ​ខ្មែរ និង​បរទេស » ។
លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​កំណើន​យ៉ាង​គំហុក​ចាប់ពី​ឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​នេះ លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន ។ ក្នុង​នោះ ខេត្ត​ក៏​មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​រដ្ឋបាល​ខេត្ដ​ដែរ ។
លោក​អភិបាលខេត្ត​ថ្លែង​ថា ៖« ចំណុចខ្លាំង គឺ​ខេត្ដ​មាន​សក្តានុពល​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប ។ ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​បាន​ល្អ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ដ​បាន​ច្រើន និង​ការ​វិនិយោគទុន​ពី​ជនជាតិ​បរទេស​មានការ​កើនឡើង​ខ្ពស់ ។ យ៉ាងនេះ​ក្ដី ខេត្ត​ក៏​មាន​ចំណុច​ខ្វះចន្លោះ​មួយ​ចំនួន​ដែរ​ដែល​ត្រូវ​ពង្រឹង​បន្ថែម » ។

យោង​តាម​ប្រកាស​លេខ ០៨០ ព​.​ណ ច​.​ប​.​ព ស្ដី​ពី​ការ​គ្រប់គ្រង និង​ការ​ចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ដែល​មាន​៧​ប្រការ ក្នុង​នោះ​ប្រការ​១ ចែង​ថា គ្រប់​ពាណិជ្ជករ អាជីវករ សេវាករ ដែល​មាន​សញ្ជាតិ​ខ្មែរ និង​មិន​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ដូច​បាន​កំណត់​ក្នុង​ប្រកាស​លេខ ០២៥ សហរ​.​ប្រក​.​អ​ព​ដ ចុះ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដី​ពី​ការ​កែសម្រួល​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ត្រូវ​មាន​កាតព្វកិច្ច​មក​សុំ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ឬ​ពី​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​រាជធានី ខេត្ដ ខណ្ឌ ក្រុង ស្រុក ។

ចំពោះ​ពាណិជ្ជករ អាជីវករ សេវាករ មាន​សញ្ជាតិ​បរទេស ឬ​ខ្មែរ ដែល​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ត្រូវ​មាន​កាតព្វកិច្ច​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម តាម​ប្រព័ន្ធ​ស្វ័យប្រវត្ដ​កម្ម​របស់​ក្រសួងពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ