ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​តម្រូវ​បន្ថែម​បន្ទប់​សណ្ឋាគារ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ខ្វះខាត ព្រោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​មាន​ចំនួន​តិច ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​តម្លៃ​បន្ទប់​កើនឡើង​ដែរ ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ជាតិ​សំខាន់​ៗ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ខ្វះខាត ព្រោះ​សណ្ឋាគារ និង​ផ្ទះសំណាក់​មាន​ចំនួន​តិច ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​តម្លៃ​បន្ទប់​កើនឡើង​ដែរ ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ជាតិ​សំខាន់​ៗ ។

លោក យន្ត មីន អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​សក្ដានុពល​ដ៏​ធំធេង​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ បាន​ជំរុញ​ឲ្យ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ ។ លោក​ថា ៖« ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត​២​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១,៥​លាន​នាក់ និង​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ជិត​៥០​ម៉ឺន​នាក់ » ។

លោក​លើក​ឡើង​ថា ៖« កន្លង​មក នៅ​រៀងរាល់ថ្ងៃ​ឈប់​សម្រាក​ធំ​ៗ សណ្ឋាគារ និង​ផ្ទះ​សំណាក់ តែងតែ​មានការ​កក់​ពេញ​ៗ ហើយ​យើង​ទទួលស្គាល់​ថា នៅ​ពេល​នោះ សណ្ឋា​គារ និង​ផ្ទះសំណាក់​ពិតជា​ឡើងថ្លៃ ដោយសារ​តែ​បន្ទប់​មួយ​ត្រូវ​ស្នាក់​នៅ​គ្នា​៤​ទៅ​៦​នាក់ ពេល​ខ្លះ​ឈាន​ទៅ​៧​ឬ​៨​នាក់ និង​បាន​ប្រើប្រាស់​ទឹក​ភ្លើង​អស់​ច្រើន អីចឹង​ហើយ​ទើប​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ត្រូវ​តែ​ដំឡើង​ថ្លៃ​ឲ្យ​សម​នឹង​ប្រើប្រាស់​របស់​ភ្ញៀវ » ។

ដើម្បី​រួមចំណែក​បំពេញតម្រូវការ​ដែល​កំពុង​ខ្វះខាត​នេះ នៅ​រយៈពេល​១​ឆ្នាំ​ខាង​មុខ សណ្ឋាគារ​១​ដែល​មាន​ចំនួន​ជាង​៤០០​បន្ទប់ នឹង​លេច​រូបរាង​ឡើង​នៅ​លើ​ទឹកដី​ទេស​ចរណ៍​មួយ​នេះ ដោយ​រំពឹង​ថា​នឹង​ចូលរួម​កាត់​បន្ថយ​កង្វះខាត​បន្ទប់​ស្នាក់​បាន​មួយ​កម្រិត ព្រមទាំង​ចូលរួម​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១​ពាន់​នាក់ ។

បើ​តាម​ម្ចាស់​ភាគហ៊ុន​គម្រោង​សណ្ឋាគារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ បាន​ឲ្យ​ដឹង​ថា សណ្ឋា​គារ​នេះ​មាន​បន្ទប់​ចំនួន​៤៥២ ហើយ​នៅ​ពេល​គម្រោង​សណ្ឋាគារ​នេះ​សង់​រួចរាល់ គឺ​អាច​បង្កើត​ការងារ​ធ្វើ​ជា​អចិន្ត្រៃយ៍​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​១​ពាន់​នាក់ ដើម្បី​ជា​ចំណែក​មួយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ កសាង​ប្រទេស​ជាតិ និង​បង្កើត​ធនធានមនុស្ស ជា​ពិសេស នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់​តែ​ម្ដង ។

លោក​ឧកញ៉ា តាំង គួ​ង ម្ចាស់​ភាគហ៊ុន​រូប​នេះ​បញ្ជាក់​ថា ៖« សណ្ឋាគារ​នេះ​អាច​នឹង​សង់​រួចរាល់​នៅ​រយៈពេល​១​ឆ្នាំ​ទៀត​។ ដូចនេះ នៅ​ក្រោយ​ពេល​សង់​រួច វា​អាច​ផ្ដល់​សេវាកម្ម​បន្ទប់​ស្នាក់​នៅ​ដល់​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​បាន​ច្រើន​ផង​ដែរ » ។

បើ​តាម​លោក យន្ដ មីន អភិបាលខេត្ត បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​ព្រះ​សី​ហនុមាន​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​សរុប​ចំនួន​៨១០​ទីតាំង ក្នុង​នោះ​មាន​សណ្ឋាគារ​ចំនួន​៧៣, ផ្ទះសំណាក់​៣១៦, ភោជនីយដ្ឋាន​២៥៩ និង​កាស៊ីណូ​កំពុង​ដំណើរការ​៣២​ទីតាំង។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​មួយ​នេះ​បាន​បញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​និង​កំពុង​វិនិយោគ និង​បណ្ដាក់ទុន​រកស៊ី​លើ​វិស័យ​សំណង់ កសិកម្ម រោង​ចក្រ សិប្បកម្ម​កែ​ច្នៃ ផលិតផល​សម្រេច និង​ពាក់កណ្ដាល​សម្រេច រោងចក្រ​កាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

របាយការណ៍​ដដែល​បង្ហាញ​ថា ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​ៗ​ចំនួន​៣ រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, តំបន់​សេដ្ឋកិច្ច​អ៊ែ​ត​វូ​ត ស្រុក​ស្ទឹង​ហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

បើ​តាម​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ក្រោយ​ពេល​មាន​វត្តមាន​វិនិយោគិន​ចិន​មក​កាន់​កម្ពុជា ជា​ពិសេស ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​មាត់សមុទ្រ​នេះ​ឡើង​ខ្ពស់​ជា​២​ជា​៣ និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដូច​ជា សណ្ឋាគារ ខុន​ដូ និង​កាស៊ីណូ ជាដើម ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​ឡើងថ្លៃ ដោយសារ​តែ​មាន​តម្រូវការ​។ បច្ចុប្បន្ន​នេះ តម្រូវការ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ច្រើន ហើយ​អ្នកទិញ និង​អ្នកលក់​ភាគច្រើន​ជា​ជនជាតិ​ចិន លោក​បារម្ភ​ខ្លាច​ថ្ងៃ​ណាមួយ ចិន​មាន​វិបត្តិ​អ្វី​កើតឡើង​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​វិបត្តិ​ដីធ្លី​កើតឡើង​ដូច​កាលពី​វត្តមាន​កូរ៉េ​នៅ​កម្ពុជា​ច្រើន​ដូច្នេះ​ដែរ ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ Key Real Estate Co., Ltd. បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ លំហូរ​វិនិយោគិន​បរទេស​មក​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស ជា​ពិសេស ដល់​ពលរដ្ឋ​តែ​ម្ដង ។ លោក​ថា ៖« បច្ចុប្បន្ន យើង​ត្រូវការ​ឲ្យ​វិនិយោគិន​បរទេស​មក​អភិវឌ្ឍន៍​ប្រទេស​យើង ដើម្បី​ឲ្យ​ប្រទេស​យើង​មាន​ភាព​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត ។ ជាក់ស្ដែង​យើង​ត្រូវការ​អគារ​ខ្ពស់​ៗ និង​សណ្ឋាគារ ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ