ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ូយ ! ជួល​ឡាន​គេ​ជាង​៣០​គ្រឿង​យក​ទៅ​លក់​ខ្ទេច

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នគរបាល​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​0៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ជន​ឆបោក​ម្នាក់ ដែល​បាន​ជួល​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប យក​ទៅ​លក់​អស់​ជាង​៣០​គ្រឿង…

ខេត្តសៀមរាប ៖ នគរបាល​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​0៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ជន​ឆបោក​ម្នាក់ ដែល​បាន​ជួល​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប យក​ទៅ​លក់​អស់​ជាង​៣០​គ្រឿង និង​បាន​ដកហូត​បាន​រថយន្ត​ចំនួន​១០​គ្រឿង​មក​វិញ​ហើយ ប៉ុន្តែ​នៅ​មួយ​ចំនួន​ធំ​ទៀត​កំពុង​ស្រាវជ្រាវ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ច​ន្តា​រ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​តាម​បណ្តឹង​ជន​រង​គ្រោះ ករណី​ជួល​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​រួច​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។

លោក​បន្ត​ថា ជនសង្ស័យ​រូប​នេះ​មានឈ្មោះ អៀង វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាស​ទ​បាគង ខេត្តសៀមរាប ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ខាង​លោក​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ចំនួន​២៨​នាក់ ដែល​មាន​រថយន្ត​សរុប​ចំនួន​៣១​គ្រឿង ។

លោក​បន្ត​ថា ជនសង្ស័យ​រូប​នេះ បាន​ឆបោក​ជន​រង​គ្រោះ ដោយ​និយាយ​ថា គាត់​ជួល​រថយន្ត​ទាំងនេះ​យក​ទៅ​ជួល​បន្ត​ឲ្យ​ជនជាតិ​ចិន​ក្នុង​១​ខែ​តម្លៃ​ចាប់ពី​៤០០​ទៅ​៦០០​ដុល្លារ ។ ក្នុង​នោះ​ជនសង្ស័យ ក៏​បាន​ប្រើ​ល្បិច​លើកទឹកចិត្ត​បង់លុយ​២​មុន​ខែ ដើម្បី​ឲ្យ​ម្ចាស់​ទុកចិត្ត ។

លោក​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប រក​ឃើញ​រថយន្ត​ទំនើប​ៗ​បាន​មក​វិញ​ចំនួន​១០​គ្រឿង និង​រក្សា​ទុក​៥​គ្រឿង នៅ​កា​រ៉ា​ស់សិន រង់ចាំ​តុលាការ​សម្រេច ហើយ​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​បន្ថែម​ទៀត ។

លោក​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​ទិញ ឬ​ក៏​លក់ដូរ​ផ្សេង​ៗ ក្នុង​នោះ​ត្រូវ​តែ​ពិនិត្យ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​ផង ។ លោក​បញ្ជាក់​ថា ចំពោះ​កន្លែង​ដែល​បាន​ទិញ​របស់​ចោរកម្ម​នោះ គឺ​សម្រេច​លើ​ខាង​តុលាការ ។

បន្ទាប់​ពី​នគរបាល​ជំនាញ​សាកសួរ​រួច ជនសង្ស័យ​បាន​សារភាព ពី​កំហុស​របស់​ខ្លួន ហើយ​បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ សូម​រំឭក​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទ្សិ​ណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់​ត្រូវ​បាន​គេ​ដាក់​រាំង​លក់​នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ទិញ​ឈ្មោះ​ចូល​ធ្វើ​ប៉េ​អឹ​ម​នៅ​ខេត្តបន្ទាយមានជ័យ​ផង​ដែរ និង​សុំ​ផ្ទេរ​មក​ខេត្តសៀមរាប ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច ក៏​ត្រូវ​នគរបាល​ចាប់​បាន​តែ​ម្តង ។ ប្រភព​បន្ត​ថា ជន​ស្ស័​យ​បាន​ជួល​ឡាន​យក​ទៅ​លក់​អស់​ជា​ច្រើន​គ្រឿង​នេះ គឺ​ដើម្បី​យក​លុយ​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ