ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដូងទឹក​ស្អាត​មួយ​កន្លែង​ក្នុងស្រុក​អង្គរធំ​ត្រូវ​បាន​កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើការ​ប្រគល់​ជូន​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អណ្តូងទឹក​ស្អាត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គោល​ស្នួល ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប (​ជា​អណ្ដូងស្នប់​អា​ហ្វ្រី​ដេ​ស៍​) ឧបត្ថម្ភ​ដោយ Veltinis…

ខេត្តសៀមរាប ៖ អណ្តូងទឹក​ស្អាត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គោល​ស្នួល ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប (​ជា​អណ្ដូងស្នប់​អា​ហ្វ្រី​ដេ​ស៍​) ឧបត្ថម្ភ​ដោយ Veltinis International Group (VIG) ត្រូវ​បាន​ធ្វើការ​ប្រគល់​ជូន​ដល់​ប្រជា​ពល​នៅ​ក្នុង​សហគមន៍ ផ្តល់​តាម​រយៈ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​របស់​លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក លុក ផុស អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ​បាន​គូសបញ្ជាក់​ថា នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន កំពុង​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ដែល​កន្លង​មក​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ដូច​ជា​អណ្តូង​ដៃ​តូច​ៗ ទឹកស្រះ និង​ទិញ​ទឹកជា​ដើម ។

តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ុំ សំ​អន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​គូសបញ្ជាក់​ថា នេះ​ជា​អណ្តូងទឹក​ទី​២៦ ហើយ​បន្ទាប់​ពី​អណ្តូង​ទី​២៤ និង​២៥ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ហើយ​ក៏​ជា​អណ្តូងទឹក​ទី​១ ក្នុងស្រុក​អង្គរជុំ​ផង​ដែរ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ទទួលផល​១៣​គ្រួសារ មាន​សមាជិក​សរុប​៧៣​នាក់ បាន​ប្រើប្រាស់​ទាំង​ប្រាំង និង​វស្សា ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ដូច​មុន​ឡើយ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ធ្វើការ​សំណេះសំណាល និង​ប្រគល់​អណ្ដូងទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​ស្នួល ដែល​ខ្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ ក្នុង​នោះ​ដែរ លោកស្រី​ក៏​បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ អំពី​សុខភាព និង​អនាម័យ ។

លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា បញ្ហា​សុខភាព គឺជា​កត្តា​ចម្បង​សម្រាប់​មនុស្ស​យើង​គ្រប់​រូប ដូច្នេះ​បញ្ហា​ទឹក​ស្អាត ក៏​ជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​មនុស្សជាតិ​យើង​គ្រប់​រូប ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​បរិភោគ​ប្រើប្រាស់​ជា​អចិន្ត្រៃយ៍​ទឹក​គឺជា ថាមពល​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស សត្វ និង​រុក្ខជាតិ ។ ម្យ៉ាងទៀត​អណ្តូងទឹក​នេះ ក៏​ជា​សម​ទ្ធិ​ផល​ថ្មី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោក​ស្នួល បាន​ប្រើប្រាស់​គ្រប់​ៗ​គ្នា ដែល​មិន​បាន​ចោទ​ជា​បញ្ហា​ការ​កង្វះខាត​ទឹក​ប្រើប្រាស់​ទៀត​ឡើយ ទាំង​រដូវប្រាំង និង​វស្សា​។

លោកស្រី​ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​ឧបត្ថម្ភ​ដោយ Veltinis International Group (VIG) ដែល​បាន​ផ្តល់​អណ្តូងទឹក​នេះ ដល់​ប្រជាជន​ក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ដែល​សបញ្ជាក់​នូវ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ ដើម្បី​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យ​ប្រើប្រាស់​ទឹក​ស្អាត និង ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ “​ទឹកជា​ប្រភព​នៃ​ជីវិត​” ។ លោកស្រី​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងមូល ត្រូវ​មើលថែ​រក្សា​អណ្តូងទឹក​នេះ​ឲ្យ​បាន​ល្អ ដើម្បី​ជា​ប្រយោជន៍​ប្រើប្រាស់​បាន​យូរអង្វែង​របស់​បងប្អូន​ទៅ​អនាគត​ផង​ដែរ ។

ក្នុង​នោះ​ដែរ លោកស្រី ក៏​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល រួម​ក្នុង​ពិធី​ប្រគល់​អណ្តូង​នេះ ដោយ​ម្នាក់​ៗ​ទទួល​បាន សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ