ខេត្តកំពង់ឆ្នាំង ៖ លោកតាអាយុ១០០ឆ្នាំត្រូវបានសប្បុរសជនខេត្តកំពង់ចាមឧបត្ថម្ភទឹកប្រាក់ចំនួន៣០ម៉ឺនរៀល នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ ដោយចៅប្រុសផ្ទាល់របស់លោក តាបានទៅបើកពីកន្លែងវេរលុយក្នុងភូមិលោកតា រស់នៅ គឺភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អំណោយខាងលើជារបស់ម្ចាស់ដេប៉ូស្រាបៀរកម្ពុជាសាខាខេត្តកំពង់ចាម គឺលោក សន វុត្ថា និងភិរិយា។ តាមភរិយារបស់លោក សន វុត្ថា បានឲ្យដឹងថា បន្ទាប់ពីបានអានសារព័ត៌មានកោះសន្តិភាពដែលបានរៀបរាប់នូវទុក្ខលំបាករបស់លោកតា សំ សុខ អាយុ១០០ឆ្នាំ ដែលកំពុងរស់នៅជាមួយកូនស្រីឈ្មោះ សំ ផុន អាយុ៦៨ឆ្នាំ ជាអ្នកមើលថែ តែការរស់នៅរបស់ពួកគាត់អាស្រ័យលើចៅពីរនាក់ប្តីប្រពន្ធ ដែលមានជីវភាពខ្វះខាត។
ដោយឃើញពីទុក្ខលំបាកលោកតាអាយុ១០០ឆ្នាំ ដែលចង់ពិសារឆ្ងាញ់ផងនោះ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានសម្រេចជួយឧបត្ថមប្រាក់ចំនួន៣០ម៉ឺនរៀល ដោយបានស្រាវជ្រាវតាមភ្នាក់ងារ កោះសន្តិភាពខេត្តកំពង់ឆ្នាំង យកលេខរបស់ចៅលោកតាមផ្ទាល់ ដើម្បីវេរលុយចំនួន៣០ម៉ឺនរៀល ទៅជូនលោកតាសម្រាប់ទិញម្ហូបអាហារភេសជ្ជៈ តាមតម្រូវការលោកតាផ្ទាល់ ដែលប្រាក់បានដល់ដៃលោកតាហើយ។
ប្រភពដដែលបានបន្តថា គាត់បានជួបលោកតា តាមទូរសព្ទ័ដែរ លោកតាបានប្រឹងនិយាយ ថ្លែងអំណរគុណ និងជូនពរយ៉ាងក្បោះក្បាយដែរ ធ្វើឲ្យគាត់ជាសប្បុរសជនមានអារម្មណ៍សប្បាយចិត្តរីករាយ ព្រោះបានធ្វើបុណ្យជាមួយលោកតាអាយុ១០០ឆ្នាំ។ ក្នុងនាមកោះសន្តិភាពក៏សូមជួនពរដល់លោក សន វុត្ថា និងភរិយា រួមទាំងក្រុមគ្រួសារសូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ