ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ យល់ព្រម​ជួប​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន មុន​ដំណាច់

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម YONHAP ថា បេសកជន​ពិសេស​កូរ៉េ​ខាងត្បូង លោក CHUNG EUI YONG…

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម YONHAP ថា បេសកជន​ពិសេស​កូរ៉េ​ខាងត្បូង លោក CHUNG EUI YONG អះអាង​នា​ថ្ងៃ​ទី​៨ មីនា ថា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ព្រមព្រៀង​ជួប​គ្នា​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០១៨​នេះ ។

នេះ​ជា​ការ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​កើត​មាន​ក្រោយ​ការ​ជួប​គ្នា​រវាង​គណៈ
ប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​មួយ និង​លោក​គី​ម ជុង​អ៊ុ​ន បន្ទាប់​ពី​ភាព​តានតឹង​ខ្លាំង​បំផុត​រយៈ​ពេល​២​ឆ្នាំ​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ក្នុង​សង្កថា​យ៉ាង​ខ្លី​មួយ​ឯ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក CHUNG EUI YONG ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង​ប្រកាស​ថា លោក​ត្រាំ បាន​យល់ព្រម​ទទួលយក​ការ​អញ្ជើញ​របស់​លោក​គី​ម ជុង​អ៊ុ​ន ហើយ​សន្យា​ជួប​លោក​នា​ចុងខែ​ឧសភា ។ សេត​វិមាន​ក៏​អះអាង​ដែរ​ថា ប្រធានាធិបតី​អាមេ​រិ​ក បាន​ទទួលយក​សេចក្តី​អញ្ជើញ​នេះ ។ ទីកន្លែង​នៃ​ការ​ជួប​គ្នា​បែប​នេះ​រវាង​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ដែល​កន្លង​ទៅ​លោក​ចាត់​ទុក​ថា​ជា​មនុស្ស​ឆ្កួត​នៅ​ពុំ​ទាន់​បញ្ជាក់​នៅ​ឡើយ ។

លោក CHUNG បញ្ជាក់​ម្យ៉ាងទៀត​ថា លោក​គី​ម ជុង​អ៊ុ​ន សន្យា​អនុវត្ត​ការ​រំសាយ​នុយ​ក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ក៏​បាន​សន្យា​បញ្ឈប់​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល ។

ការ​ប្រកាស​នេះ​ក៏​កើត​មាន​ដែរ ក្រោយ​ភាព​ធូរស្រាល គួរ​ឱ្យ​កត់សម្គាល់​នៅ​ឧបទ្វីប​កូរ៉េ​តាំងពី​ដើមឆ្នាំ​នេះ​មក ជាមួយ​ការ​ចូលរួម​របស់​កូរ៉េ​ខា​ជើង​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ PYEONGCHANG ។

ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​យ៉ាង​យូរ​កាលពី​ថ្ងៃ​ទី​៥ មីនា ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន លោក CHUNG ធ្លាប់​អះអាង​ថា លោក​គី​ម ជុង​អ៊ុ​ន ចាប់ពី​ពេល​នេះ​តទៅ​ត្រៀម​ជំរុញ​លើ​សំណុំរឿង​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង ប្រសិនបើ​ការ​គំរាមកំហែង​ខាង​យោធា​ទាំងឡាយ​ប្រឆាំង​កូ​រ៉​ខាងជើង​លែង​មាន​តទៅ​ទៀត និង​ប្រសិនបើ​សន្តិសុខ​នៃ​របប​របស់​លោក​ត្រូវ​បាន​ធានា ។

ក្រោយ​បេសកកម្ម​នេះ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ធ្លាប់​និយាយ​ថា កូរ៉េ​ខាងជើង​ត្រៀមខ្លួន​ធ្វើការ​ចរចា​ដោយ​ស្មោះសរ​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក ដើម្បី​លើក​ពី​បញ្ហា​រំសាយ​នុយក្លេអ៊ែរ និង​ការ​ផ្អាក​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ក្នុងអំឡុងពេល​នៃ​ការ​ចរចា​គ្នា ។

យោង​តាម​ក្រុង​សេ​អ៊ូ​ល​ថា កូរ៉េ​ទាំង​២​ក៏​សម្រេច​ផង​ដែរ​ធ្វើការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​នា​ដំណាច់​ខែមេសា ក្រោយ​ការ​ជួប​គ្នា​កំពូល​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៧ ។ ការ​ជួប​គ្នា​កំពូល​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​នៅ​កណ្តាល​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព​ដែល​ពុះ​ចែក​កូរ៉េ​ទាំង​២ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ត្រាំ បាន​ស្វាគមន៍​ចំពោះ​សញ្ញា​នៃ​ការ​បើកចំហ​នេះ​របស់​កូរ៉េ​ខាងជើង តែ​ដោយ​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន រួច​ដោយ​អះអាង​ជា​ថ្មី​ថា រាល់​ការ​ជ្រើសរើស​ស្ថិត​នៅ​លើ​តុ​រួច​ហើយ ។ លោក​ត្រាំ ថ្លែង​ថា សេចក្តី​ប្រកាស​មក​ពី​កូរ៉េ​ខាងត្បូង​ក៏​ដូច​មក​ពី​កូរ៉េ​ខាងជើង​មាន​លក្ខណៈ​វិជ្ជមាន​បំផុត ។ នេះ​នឹង​ជា​រឿង​ល្អ​សម្រាប់​​ពិភពលោក ទាំង​សម្រាប់​កូរ៉េ​ខាងជើង​ទាំង​សម្រាប់​ឧបទ្វីប​កូរ៉េ ក៏​ប៉ុន្តែ​យើង​ចាំ​មើល​តើ​នឹង​មាន​អ្វី​កើត​មាន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ