ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​មាន​អ្វី​ប្លែក​សម្រាប់​បង្អួត​ពិភពលោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ​នេះ​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ពិតជា​បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​អច្ឆរិយ​ដ៏​វ័យ​ចំណាស់​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ កាន់តែ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ដែល​ខុស​ពី​គ្រាន់តែ​ស្ដាប់​ការ​បរិយាយ…

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ​នេះ​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ពិតជា​បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​អច្ឆរិយ​ដ៏​វ័យ​ចំណាស់​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ កាន់តែ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ដែល​ខុស​ពី​គ្រាន់តែ​ស្ដាប់​ការ​បរិយាយ ។

នៅ​ឆ្នាំ​២០១៨​នេះ អង្គរ​សង្ក្រាន្ដ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «​សាទរ​មរតក​ដូនតា​» ដោយ​​រំពឹង​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​លាន​នាក់​មក​ទស្សនា​កម្មវិធី​ជា​ច្រើន ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៦ មីនា លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈ​កម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​នៃ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៦ ហើយ​ដែល​រូបភាព​អង្គរ​សង្ក្រាន្ត​បាន​​រំលេច​ឡើង​ដោយ​ទទួល​បាន​ភាព​ជោគជ័យ​គាំទ្រ​ទាំង​ជាតិ និង​អន្តរជាតិ ។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​រៀបចំ​ក្រោម​ប្រធានបទ​«​សាទរ​មរតក​ដូនតា​» ព្រម​ជាមួយ​ការ​បង្កើត​កម្មវិធី​ដ៏​ច្រើន​ពិសេស​ជាង​មុន​។

លោក​បន្ដ​ថា ៖« យើង​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​អាជ្ញា​ធរ​អប្សរា សុទ្ធតែ​ជា​អ្នក​យល់​ដឹង​យ៉ាង​ច្បាស់​ពី​ការ​រៀបចំ​នេះ ។ មួយទៀត ដោយសារ​តែ​មានការ​លើកទឹកចិត្ត​ពី​បងប្អូន​ក្នុង​និង​ក្រៅប្រទេស ទើប​យើង​អាច​បន្ត​បាន​តទៅ​ទៀត»។

លោក​បញ្ជាក់​ថា ៖« កត្តា​សំខាន់ គឺ​ឆន្ទៈ​របស់​ក្រុមការងារ​ដែល​ជា​យុវជន​ស្ម័គ្រចិត្ត មិន​គិត​នឿយហត់ ប៉ុន្ដែ​ពួក​គេ​សប្បាយ​រីករាយ​នឹង​ការងារ ហើយ​យើង​នៅ​តែ​ផ្តល់​ស្នាម​ញញឹម​ដើម្បី​ជាតិ និង​អន្តរជាតិ » ។

លោក​លើក​ឡើង​ទៀត​ថា នេះ​ជា​ការ​ចំណេញ​ទៅ​ដល់​សេដ្ឋកិច្ចជាតិ ។ បើ​តាម​របាយ​ការណ៍​ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កើនឡើង​ពី​១៧៩.១៥៤​នាក់​ក្នុង​ឆ្នាំ​២០១៣ រហូត​ដល់​១,៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧ មាន​កំណើន​ជា​បន្ដបន្ទាប់ ។ លើស​ពី​នេះ អង្គរ​សង្ក្រាន្ត​កំពុង​តែ​ក្លាយជា​ព្រឹត្តិការណ៍​គំរូ​មួយ​សម្រាប់​ខេត្ត​ដទៃ​ទៀត​ប្រារព្ធ​ឡើង ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​លើក​ឡើង​ដែរ​ថា អង្គរ​សង្ក្រាន្ត​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០១៨ និង​មានកម្ម​វិធី​ជា​ច្រើន​ដែល​នឹង​បង្ហាញ​ពី​អរិយធម៌ វប្បធម៌ ទំនៀម​ទម្លាប់ និង​ប្រពៃណី​ជាតិ ។

លោក​បន្ដ​ថា ៖« យើង​មានកម្ម​វិធី​មហោស្រព​វប្បធម៌​បុរាណ ក្រោម​ទិដ្ឋភាព​កម្មវិធី​ល្ខោន​ព្រះរាជ​ទ្រព្យ​រឿង «​មហា​វេស្សន្តរជាតក​» ដែល​ដកស្រង់​ចេញពី​គម្ពីរ​ទសជាតក​។​លើស​ពី​នេះ មានកម្ម​វិធី​ភូមិ​ខ្ញុំ កម្មវិធី​ភូមិ​បេតិកភណ្ឌ​វប្បធម៌ កម្មវិធី​ព្រៃ​ប្រ​សិ​ទ្ឋី កម្មវិធី​សហស្ស​​វិចិត្រ​វាយ​នា កម្មវិធី​ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់ កម្មវិធី​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត និង​កម្ម​វិធីគុណ​ល្បុក្កតោ ជាដើម » ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ភាព​ឈ្លៀសវៃ​របស់​លោក ហ៊ុន ម៉ា​នី ក្នុង​ការ​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ពិសេស​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​លាន​នាក់​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ខេត្តសៀមរាប ។

ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​នា​ថ្ងៃ​ដដែល​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ថា ៖« ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​កិច្ចសហការ និង​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ នៅ​លើ​ទឹកដី​ខេត្តសៀមរាប ក្រោម​ការ​ចាត់ចែង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​បេសកកម្ម​បណ្តុះ​បណ្តាល​​យុវជន​កម្ពុជា ឱ្យ​ក្លាយទៅជា​សសរទ្រូង និង​ជា​ឆ្អឹងខ្នង​នៃ​ប្រទេស​ជាតិ » ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល​៤​ថ្ងៃ (​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា​) ក្រោម​ប្រធានបទ «​សាទរ​មរតក​ដូនតា​» ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ធ្វើការ​ឈ្វេងយល់​កេរដំណែល​អរិយធម៌ វប្បធម៌ ទំនៀម​ទម្លាប់ និង​ស្នាដៃ​បុព្វបុរស​ខ្មែរ ។

ព្រឹត្តិការណ៍​នេះ ក៏​នឹង​នាំ​មក​នូវ​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជា​ច្រើន​ទម្រង់​ដូច​ជា​៖ ការ​លេង​ល្បែង​ប្រជាប្រិយ ការ​សម្តែង​របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ព្រមទាំង​ការ​បង្ហាញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ផ្សេង​ៗ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត លានជល់ដំរី បរិវេណ​ពិព័រណ៍​ឃ្យុ​ង​យូ ផាប់​ស្ទ្រី​ត និង​សួនច្បារ​ព្រះរាជ​ដំណាក់​នៃ​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ