ខេត្តព្រះសីហនុ ៖ លោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍សំណង់ នៃទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំគណៈកម្មការចម្រុះចុះរុះរើសំណង់ និងបង្គោលបេតុងដែលសាងសង់មិនមានច្បាប់អនុញ្ញាតស្ថិតនៅតាមបណ្ដោយព្រែកធម្មជាតិ ក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោក លី ចិត្តនិយម បានឲ្យដឹងថាម្ចាស់សំណង់ខាងលើនេះ ឈ្មោះ មុំ វណ្ណា ភេទប្រុស អាយុប្រមាណជា៥៨ឆ្នាំ មានទីលំនៅស្ថិតនៅក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ លោកបានបន្តឲ្យដឹងទៀតថា ដោយសារតែម្ចាស់សំណង់ខាងលើមិនអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញផ្នែកសំណង់របស់រដ្ឋបាលសាលាខេត្តដែលតម្រូវឲ្យម្ចាស់សំណង់ខាងលើមុនធ្វើការសាងសង់ត្រូវសុំច្បាប់អនុញ្ញតពីមន្ត្រីជំនាញឲ្យបានត្រឹមត្រូវមុនចាប់ផ្តើមសាងសង់ចៀសវាងការសាងសង់ខុសលក្ខណបច្ចេកទេសបាត់បង់ចំណីព្រែក និងប៉ះពាល់ដល់បរិស្ថាន ។
លោក លី ចិត្តនិយម បានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារតែម្ចាស់សំណង់ខាងលើរឹងរុះមិនគោរពតាមការណែនាំដូចបានជម្រាបជូនខាងលើទើប លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្រេចឲ្យបង្កើតជាគណៈកម្មការចម្រុះចុះមករុះរើសំណង់ខុសច្បាប់ខាងលើចោលវិញដោយមិនមានការតវ៉ាអ្វីឡើយ ។
លោក លី ចិត្តនិយម តំណាងឲ្យរដ្ឋបាលសាលាខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នាមុននិងធ្វើការសាងសង់សំណង់ផ្សេងៗ ចៀសវាងការខាតបង់ដោយសារតែការសាងសង់មិនត្រឹមត្រូវទៅតាមលក្ខណបច្ចេកទេសរបស់មន្ត្រីជំនាញ ៕
ចែករំលែកព័តមាននេះ