ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​​ស្ត្រី​​អណ្តែត​ទឹក​ទន្លេ​​មេ​គង្គ​​បាន​ស្គាល់​​អត្ត​​សញ្ញាណ​ហើយ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣ មីនា ​សព​ស្ត្រី​ម្នាក់​​ដែល​បាន​អណ្តែត​មក​ទើរ​ត្រង់​ចំណុច​វត្ត​ជ្រោយ​ថ្ម ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​​បឹង​កុក ក្រុង​កំពង់​ចាម ​ដោយ​​ពាក់​អាវ​​យឺត​ពណ៌​លឿង និង​ស្លៀក​ខោ​ខូវ​ប៊យ​ជើង​វែង​ពណ៌​ខៀវ ​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២ មីនា នោះ ត្រូវ​បាន​ដឹង​ថា សព​មាន​ឈ្មោះ​​ម៉ន ចាន់​ដារ៉ា ​ភេទស្រី អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​​​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការ​លើ ។

​គួរ​កត់​សម្គាល់​ថា បង​ប្អូន​ខ្មែរ​អ៊ិស្លាម បាន​ប្រទះ​ឃើញ​សព​​ស្ត្រី​ម្នាក់​មិន​ស្គាល់​​អត្ត​សញ្ញាណ​​បាន​ផុស​​អណ្តែត​​នៅ​កណ្តាល​ទន្លេ​មេ​គង្គ​​មុខ​វត្ត​ជ្រោយ​ថ្ម ហើយ​ត្រូវ​បាន​លោក​វរ​សេនីយ៍​ត្រី សំ ផាត អធិ​ការ​នគរ​បាល​​ក្រុង​កំពង់​ចាម បាន​ចាត់​ឱ្យ​កម្លាំង​​​ក្រោម​ឱវាទ​រក​​ទូក​ម៉ាស៊ីន ដើម្បី​អូស​យក​សព​នោះ​មក​ច្រាំង​ទន្លេ​មេ​គង្គ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ។ រហូត​មក​ដល់​វេលា​ម៉ោង​៧​យប់​ទៅ​ហើយ​គេ​នៅ​តែ​មិន​ទាន់​ស្គាល់​​​អត្ត​សញ្ញាណ​អ្នក​រង​គ្រោះ​​នៅ​ឡើយ​ទេ ។ ​ផ្អែក​តាម​​បញ្ជា​របស់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​បាន ឱ្យ​យក​សព​នេះ​ទៅ​តម្កល់​​នៅ​​វត្ត​បឹង​កុក​ជា​​​បណ្តោះ​អាសន្ន​​សិន ​រង់​ចាំ​ក្រែង​មាន​​ក្រុម​សាច់​ញាតិ​​មក​តាម​រក។

លោកម៉ឹង សាវឿន នគរបាលបច្ចេកទេស​ខេត្ត​បានប្រាប់ថា តាមរយៈការពិនិត្យសព​ឃើញ​ថា​នៅលើផ្ទៃមុខខាងឆ្វេងមាន​ស្នាមហើមជាំ​។ តាម​ការ​សន្និដ្ឋាន​ថា អាចត្រូវ​គេសំលាប់នៅលើ​ច្រាំងទន្លេ រួច​ហើយសែងមកទំលាក់ចូលក្នុង​ទឹក​ទន្លេ​មេគង្គ​ ហើយ​បានរសាត់មកទើរ​ត្រង់​ច្រាំង​ទន្លេមុខវត្តជ្រោយ​ថ្ម​ដែលបង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់អ្នកក្រុង​កំពង់ចាម ក្មេងចាស់​ប្រុស​ស្រី​នាំគ្នាមកមើល​ជា​បន្តបន្ទាប់ តែមិន​មាន​អ្នក​ណា​ម្នាក់អះអាង​​ថា ​ស្គាល់​អ្នកស្លាប់នេះ រស់​នៅទី​ណា​​​ទេ។

តាមប្រភពចុងក្រោយ​គឺ​​បុរស​​ឈ្មោះ​ឡាយ ហ៊ាង អាយុ៥៦ឆ្នាំ ត្រូវជា​ឪពុក​នៃ​សព​បាន​ប្រាប់​ថា កូនស្រី​គាត់​ឈ្មោះ​ចាន់​ដារ៉ា ​កើត​រោគ​សរសៃ​ប្រសាទ​បានបាត់ចេញ​ពី​ផ្ទះ​តាំង​​ពីវេលាម៉ោង​១០​យប់ ថ្ងៃទី​២៦ កុម្ភៈ ម៉្លេះមិន​ដឹង​ជា​ចេញទៅ​ទីណា​ទេ ព្រោះ​សមា​ជិក​គ្រួសារ​​ម្នាក់ៗបាន​តាម​ស្វែង​​​រក​គ្រប់​ច្រកល្ហក​​តែគ្មានដំណឹង​ណា​បន្តិច​សោះ។ ​នាព្រឹកថ្ងៃទី​២៧ កុម្ភៈ រូប​គាត់​បាន​តាម​សួរ​នាំគេឯង ​និងបាន​សួរ​កំលាំង​នគរ​បាល​ប៉ុស្តិ៍​បុស​ខ្នុរ ត្រូវបានគេ​ប្រាប់​ថា បាន​ប្រទះ​ឃើញ​កូន​ស្រីរបស់គាត់ជិះ​កង់​១​គ្រឿង ចេញ​មកទិស​ខាង​ត្បូងតាមផ្លូវជាតិ​លេ​ខ៧១ តែ​មិន​ដឹង​ថា ទៅ​ណា​ទេ។​

​បុរស​​ដដែល​​បន្ត​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា គាត់​បានជិះម៉ូតូឌុបតាមស្វែង​រក​កូន​ស្រីគ្រប់​ទី​កន្លែង តែមិនបានទទួល​ដំណឹង​ណា​បន្តិច​សោះ។ មិនអស់ចិត្ត​គាត់​ទៅ​ក្រុង​កំពង់​ចាម កាត់តាម​វត្ត​ជ្រោយថ្ម និងទៅស្ពាន​មាត់​ឃ្មង់ ស្រុកត្បូង​ឃ្មុំ​ទៀតនៅ​តែមិន​មានពន្លឺ​ណា​មួយសោះ។ លុះពេលរសៀលបានជិះម៉ូតូ​ត្រឡប់​ទៅ​ផ្ទះវិញ​ទាំង​អស់សង្ឃឹម។ មក​ដល់វេលាម៉ោង៩ព្រឹក ថ្ងៃ​ទី​៣ មីនា ​កំលាំ​ង​រដ្ឋបាលប៉ុស្តិ៍​ឃុំស្វាយទាប បាន​​​មក​ប្រាប់​ថា «មានសពស្រ្តីម្នាក់មិន​ស្គាល់​អត្ត​​សញ្ញាណ​ផ្សាយ​តាម​កាសែត​កោះ​សន្តិ​ភាព​បាន​ផុសអណ្តែត​នៅ​មុខវត្តជ្រោយថ្ម ដោយ​មាន​ស្លៀកខោខូវ​ប៊យ​ពណ៌ខៀវ និងពាក់​អាវ​យឺត​ពណ៌​លឿង និង​មាន​ពាក់​ចិញ្ចៀន​មេដៃ​ខាង​ឆ្វេង»។ ព័ត៌មាន​នេះ​ស៊ី​សង្វាក់​​រឿង​កូនស្រីទី២ របស់​គាត់ដែលបានបាត់ចេញ​ពីផ្ទះកាលពី​ថ្ងៃទី​២៦ កុម្ភៈ ដែលមានភិន​ភាគ​ដូច​រៀបរាប់នេះ​ ដូច្នេះ​ហើយ​ទើប​​គាត់​ប្រញាប់មក​មើល​នៅ​កន្លែង​គេតំកល់សពនៅវត្តបឹងកុក ទើប​ដឹងប្រាកដថា ពិតជាកូនស្រីរបស់គាត់មែន។ សព​កូនស្រី​​គាត់​ត្រូវ​​បាន​រៀបចំបូជាតាម​ប្រពៃណី ​នៅ​​វត្ត​បឹង​កុក ហើយ​​យកធាតុទៅ​ធ្វើ​បុណ្យ​​នៅ​ស្រុក​ចំការលើ​វិញ ៕