ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្នំ​សេ​ដា​ឱន​ ​អ្នក​ទេស​ចរ​ទាំង​ប្រុស​-ស្រី​នាំ​គ្នា​តោង​ខ្សែ​ឡើង​ទៅ​កំពូល​ភ្នំ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។ ភ្នំ​នេះ​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ពី​អ្នកទេសចរ​បរទេស​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​តោង​ខ្សែ…

ខេត្តកំពត ៖ ភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។ ភ្នំ​នេះ​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ពី​អ្នកទេសចរ​បរទេស​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​តោង​ខ្សែ ដោយ​មាន​អ្នក​ចាំ​តោង​ឡើង​ទៅ​កំពូលភ្នំ និង​ចុះ​វិញ​ចូល​រូងភ្នំ ។

ការ​តោង​ខ្សែ​ឡើង​ភ្នំ​នោះ​ហាក់​ប្រថុយ​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ជនបរទេស​មិន​ញញើត​ទេ ។
យុវជន​ហ៊ូ សោភា អាយុ​២១​ឆ្នាំ ជា​អ្នក​នាំ​ជនបរទេស​ឱ្យ​តោង​ខ្សែ​ឡើង​តាម​រូងភ្នំ​ទៅ​កំពូល​ភ្នំ​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស​កំពុង​ពេញ​និយម​ពី​ជនបរទេស​ទៅ​កម្សាន្ត និង​ជិះ​ខ្សែ​យោង​តាម​រូងភ្នំ​ទៅ​កំពូលភ្នំ​មាន​កម្ពស់​ជាង​៥០​ម៉ែត្រ ។ នៅ​ក្នុង​រូងភ្នំ​សំបូរ​ដោយ​បំណែក​ប្រាសាទ​បាក់បែក និង​មាន​រូង​បត់បែន​ជា​ច្រើន ។

ចំណែក​ស្រី្ត​ឈ្មោះ​តន គង់ អាយុ​៥៩​ឆ្នាំ រស់នៅ​ជាប់ជើង​ភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ អ្នកស្រុក​តែងតែ​និមន្ត​ព្រះសង្ឃ​ចូល​ទៅ​ស្រង់​ព្រះ​ក្នុង​រូងភ្នំ ព្រោះ​អ្នកស្រុក​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​បារមី​ថែរក្សា​ទឹកដី​ភ្នំ​ក្បាល​រមាស ។

លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត​ថ្លែង​ថា ភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស​បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​រួច​ហើយ ។ បើ​តាម​ការ​ស្រាវ​ជ្រាវ​និង​សិក្សា​ផ្ទាល់ ខាង​ជំនាញ​បាន​រក​ឃើ​ង​ឆ្អឹង​សត្វ​រមាស​ជា​ច្រើន​នៅ​ក្នុង​រូងភ្នំ ។ ចំពោះ​ពាក្យ​ថា​ភ្នំ​សេ​ដា​ឱន​នោះ​វា​គ្រាន់តែ​ជា​រឿងព្រេង​ប៉ុណ្ណោះ ។

ភ្នំ​សេ​ដា​ឱន​ជា​ភ្នំ​ធម្មជាតិ​ដែល​ក្រៅពី​សម្រស់​ខាងក្រៅ​គួរ​ឲ្យ​ចង់​គយគន់ នៅ​ផ្ណែ​ក​ខាង​ក្នុង​មាន​រូង​បត់បែន​គួរ​ឲ្យ​ចង់​ចូល​លេង​កម្សាន្ត ។ ជា​ពិសេស​ជនបរទេស​សប្បាយ​រីករាយ​នឹង​ការ​តោង​តាម​ខ្សែ​ឡើង​ទៅ​លើ​កំពូលភ្នំ ។

អ្នក​នាំ​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​ឲ្យ​ដឹង​ថា​តែងតែមាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។ គេ​ចង់​ឲ្យ​អ្នក​មិន​ទាន់​បាន​ទៅ គួរតែ​ទៅ​ទទួល​រសជាតិ​នៃ​ការ​កម្សាន្ត​ថ្មី​មួយទៀត​នៅ​ភ្នំ​សេ​ដា​ឱន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ