ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក សៅ វ​ណ្ណា បើក​ឆាក​គូ​អន្តរជាតិ នៅ​ប៉ុស្តិ៍​លេខ​៥

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែមីនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែមីនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​សម្រាប់​ស​ប្ដា​ហ៍​នេះ​មានការ​ចាប់អារម្មណ៍​ជាង​មុន ដោយសារ​គូ​អន្តរជាតិ គឺជា​ជំនួប​រវាង​ម្ចាស់​ជើង​ឯក TV5 Knock Out Series By K-Cement ទើប​ជាប់​រដូវ​កាល​មុន ខណៈ​ដែល​សមាស​ភាព​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ឆ្ពោះទៅ​ដណ្ដើម
ជើងឯក​ស​ប្ដា​ហ៍​នេះ ក៏​មិនធម្មតា ។

កីឡាករ​កម្ពុជា គឺ​សៅ វ​ណ្ណា ដែល​មិន​ធ្លាប់​ឡើង​ប្រកួត​អន្តរជាតិ​ទាល់តែ​សោះ នឹង​បើក​ឆាក​ប្រកួត​ជា​មួយ​កីឡាករ​ថៃ ដោយ​ការ​ប្រកួត​លើក​នេះ​ដ្បិតថា​ជា​ការ​ប្រកួត​មិត្តភាព តែ​ក៏​ដើម្បី​ការពារ​កិត្តិយស​របស់​លោក​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ថ្មី​ៗ​ផង​ដែរ​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ ត្រូវ​គេ​ឃើញ​មាន​ការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា​។

កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ​សៅ វ​ណ្ណា និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Aram Boy នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ជម្រុះ​ចាញ់​​ធ្លាក់​ៗ​សម្រាប់​ស​ប្ដា​ហ៍​ទី​៧​ផង​ដែរ ទើប​មាន​អ្នក​ទស្សនា​ភាគច្រើន​យល់​ថា វត្តមាន​របស់​កីឡាករ​ទាំង​កម្ពុជា និង​ថៃ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​​ចាប់អារម្មណ៍ ។ លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មានការ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​នៅ​ក្នុង​ការ​ប្រកួត​នោះ ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ ។ វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ​ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ នៅ​ពេល​កីឡាករ​ប្រកួត​គ្នា ។

លោក សេង ក​ដិ​កា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ សៅ វ​ណ្ណា ដោយសារ​តែ​កីឡាករ​រូប​នេះ​ទើបតែ​បាន​តំណែង​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ ក្នុង​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា​កាលពី​រដូវ​កាល​មុន ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Aram Boy មាន​តែ​សៅ វ​ណ្ណា ម្នាក់​ប៉ុណ្ណោះ​ដែល​លោក​សម្លឹង​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​ត្រូវ​គ្នា ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា មានការ​ត្រៀមខ្លួន​ច្បាស់​លា​ស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា​។

មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ សៅ វ​ណ្ណា​មិនសូវ​មាន​ទម្លាប់​ឡើង​វាយ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន ហើយ​វាយ​ស៊ូ ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធ​តែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​​សម្រាប់​ជំនួប​រវាង សៅ វ​ណ្ណា និង​កីឡាករ​ថៃ Aram Boy គឺ​លោក​ជឿជាក់ ដោយ​សារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់ ហើយ កីឡាករ​កម្ពុជា​ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ជា​គូប្រកួត​ដែល​ជា​កីឡាករ​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​ថា សៅ វ​ណ្ណា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន បើ​លោក​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។

ជំនួប​រវាង​ពួក​គេ លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយ​សារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។ លោក​ថា មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡា ព្រោះ​តែ​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ ជា​ពិសេស​ក្នុង​នាម​ជា​ម្ចាស់​ពាន​ថ្មី​ៗ​បែប​នេះ ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថ​ភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍
ស​ប្ដា​​ហ៍​នេះ តែ​ក៏​ទាមទារ​ឱ្យ​ប្រឹងប្រែង​ណាស់​ដែរ គឺ​មិន​អាច​សំអាង​ត្រឹម​ថា​ជា​កីឡាករ​ល្បី​ស្រាប់ មានការ​គាំទ្រ​ស្រាប់ ហើយ​ក៏​ខ្វះ​ការ​ប្រឹងប្រែង​នោះ​ទេ ។ លោក​នៅ​តែ​ចាត់​ទុក​ថា សៅ វ​ណ្ណា គឺជា​ធនធាន​កំពុង​ឡើង​កូដ​ងាយស្រួល​បណ្ដុះ ដោយសារ​តែ​គេ​មាន​មហិច្ឆតា​ខ្លាំង​ចង់​ក្លាយជា​កីឡាករ​ល្បី​។

សម្រាប់​ការ​ប្រកួត​៤​នាក់​ជា​លក្ខណៈ​មិត្តភាព​ដែល​ជា​ការ​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍​ទី​៧​នេះ​វិញ លោក​ថា​នឹង​មាន​វត្តមាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង​ប៉ះ​គ្នា ដោយសារ​ក្នុង​ចំណោម​សមាសភាព​ថ្មី​ទាំង​៣២​រូប គឺ​លោក​បាន​ដាក់​ចម្រុះ​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ល្អ​ៗ ដែល​ធានា​ថា​នឹង​ទាក់ទាញ​មិន​ចាញ់​ការ​ប្រកួត​អន្តរ​ជាតិ​ដែល​បាន​សម្រិតសម្រាំង​ឡើយ ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​សម្រាប់​​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។

លោក​អះអាង​ថា ការ​ប្រកួត​របស់​លោក គឺ​មិន​មាន​អ្នក​​ឈ្នះ​ក្នុង​វគ្គ​ណាមួយ​មិន​ឈ្នះ​ដោយ​ការ​ប្រឹងប្រែង​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​បាន​ឡើង​អង្គុយ​កៅអី​៤​នាក់​បើក​ឆាក​ក្នុង​វគ្គ​១៦​នាក់​កាលពី​៦​ស​ប្ដា​ហ៍​កន្លង​ទៅ បាន​ឡើង​ទាំង​វេទនា​នោះ​ផង ។

លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ សុទ្ធតែ​ទាមទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀមខ្លួន​ខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ ដោយសារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់​ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នក​មានមុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ មិន​ខ្វល់​ពី​គ្រោះថ្នាក់ និង​លាក់​ថ្វីដៃ ពោល​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តែ​ឈ្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ