ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ស្រូវ​បង្ហាញ​តាម​បែប​ប្រព័ន្ធ​ប្រពល​វប្បកម្ម​ទទួលបាន​ទិន្ន​ផល​ខ្ពស់

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​ស្រែ​បង្ហាញ​តាមបែប​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​ដំណាំ​ស្រូវ​តាម​គោល​ការណ៍​ ធម្មជាតិ (ប.វ.ស) ក្រោមជំនួយ​ពីអង្គ​ការ​ហ្វាវ (FAO) ផ្តល់ជូន​ប្រជា​កសិករ​ក្រី​ក្រ​នៅ​ភូមិ​ព្រិច ឃុំ​ដូង ស្រុករមាស​ហែក ពេលនេះ​បាន​ផ្តល់​​ផល​​ហើយ ហើយ​​​ប្រជា​កសិ​ករបាន​​ចុះ​ច្រូត​កាត់​យ៉ាង​សប្បាយ​រីករាយ​​កាលពី​​ព្រឹក​ ថ្ងៃ​​​ទី​២៤ កញ្ញា កន្លង​មក ។ សកម្មភាព​ច្រូត​កាត់​ប្រមូល​ផល​​ស្រូវ​ស្រែ​បង្ហាញ​ ប.វ.ស ខាង​លើនេះ​ ក៏​មាន​​​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្រុន

ខេត្ត​ស្វាយ​រៀង ៖ ​ស្រែ​បង្ហាញ​តាមបែប​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​ដំណាំ​ស្រូវ​តាម​គោល​ការណ៍​ធម្មជាតិ (ប.វ.ស) ក្រោមជំនួយ​ពីអង្គ​ការ​ហ្វាវ (FAO) ផ្តល់ជូន​ប្រជា​កសិករ​ក្រី​ក្រ​នៅ​ភូមិ​ព្រិច ឃុំ​ដូង ស្រុករមាស​ហែក ពេលនេះ​បាន​ផ្តល់​​ផល​​ហើយ ហើយ​​​ប្រជា​កសិ​ករបាន​​ចុះ​ច្រូត​កាត់​យ៉ាង​សប្បាយ​រីករាយ​​កាលពី​​ព្រឹក​ថ្ងៃ​​​ទី​២៤ កញ្ញា កន្លង​មក ។ សកម្មភាព​ច្រូត​កាត់​ប្រមូល​ផល​​ស្រូវ​ស្រែ​បង្ហាញ​ ប.វ.ស ខាង​លើនេះ​ ក៏​មាន​​​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្រុន សុខុម អគ្គ​នាយក​រងនៃ​​អគ្គ​នាយកដ្ឋាន​កសិកម្ម លោក​ពេជ រម្យនា តំណាង​អង្គការ FAO លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោកម៉ៅ វីរៈ​ អភិ​បាល​ស្រុក​រមា​សហែក ព្រមទាំង​ប្រជា​កសិករ​យ៉ាង​ច្រើន​កុះ​ករ ។

លោក​គង់ វឿន ជា​កសិករ​គំរូ​ម្នាក់​នៅ​ភូមិ​ព្រិច ឃុំ​ដូង ​បាន​ប្រាប់​កោះ សន្តិ​ភាព​ថា ពី​មុន​គាត់​ធ្វើស្រែ​តាម​ទំលាប់​ប្រពៃ​ណី​ ប្រើ​ពូជ​ចាស់ ដែល​រើស​រដូវ ហើយ​ប្រើ​ពេល​​យូរ​ពី​៦​ទៅ​៧​ខែ ទើបទទួល​បាន​ផល ចំណែក​​​ទិន្ន​ផល​ក៏​បានតិច​ ត្រឹម​តែ​១,៥​តោន ទៅ​២​តោន​ប៉ុណ្ណោះ ក្នុង​មួយ​ហិកតា ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​គ្រួសារ ពេល​មាន​រវល់​បុណ្យ​ទាន​ ឬ​រៀប​មង្គល​ការ​កូន​ចៅ​ម្តងៗ ។ ប៉ុន្តែ​ថ្មីៗ​នេះ ដោយ​អង្គការ FAO បាន​ជ្រើ​សរើស​​យក​ឃុំ​ដូង ស្រុក​រមាស​ហែក ធ្វើ​ជា​តំបន់​គោល​ដៅនៃគំរោង បង្កើន​សន្តិសុខស្បៀង​សំរាប់​គ្រួសារ​កសិករ ដែល​​រង​​ឥទ្ធិពល​ដោយ​សារ​ការ​ឡើង​ថ្លៃ​​ស្បៀង​អាហារ ហើយ​បានចែក​​ពូជ​ស្រូវ​ ពូជបន្លែ ជីគីមី និង​សំភារ​កសិកម្ម​មួយ​ចំនួន​ទៀត​ដល់​គ្រួសារ​កសិករ​ក្រី​ក្រផង និង​ដោយ​មាន​ការ​ណែនាំបណ្តុះ​បណ្តាល​បច្ចេក​ទេស​កសិកម្មពី​មន្ត្រី​​ជំនាញ​របស់​មន្ទីរ​កសិកម្ម​ផងនោះ​ រូប​គាត់​​ក៏​បាន​ស្ម័គ្រ​ចិត្ត​​ធ្វើជា​កសិករ​គំរូ​ ធ្វើ​ស្រែ​បង្ហាញ​តាម​បែប​ប្រពល​វប្ប​កម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ប.វ.ស បង្ហាញ​ដល់​កសិ​ករ​ដទៃ​ទៀត​ ដែលពេល​នោះ​​ទាំង​រូប​គាត់​ក៏​មិន​ទាន់​ដឹង​ថា លទ្ធ​ផល​ នឹង​ទទួល​បាន​ប៉ុន​ណា​ផង ។ លុះ​ក្រោ​យ​ពី​រូបគាត់​ភ្ជួរ​​រាស់​សាប​ព្រោះ​ហើយ​រយៈ​ពេល​តែង​ជាង​៣​ខែ​ប៉ុណ្ណោះ ស្រែ​បង្ហាញ​​របស់​គាត់​ក៏​អាច​ច្រូត​កាត់​ប្រមូល​ផល​បាន ហើយ​ថែមទាំង​មាន​ទិន្ន​ផល​ខ្ពស់​ថែមទៀត ធ្វើ​ឱ្យ​គាត់​ភ្ញាក់​ផ្អើល​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង ។

លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឱ្យ​ដឹង​ថា មន្ត្រី​ជំនាញរបស់​មន្ទីរ​​កសិកម្ម​បានយក​សំណាក​៣​កន្លែង (កន្លែង​ល្អ មធ្យម និង​ខ្សោយ) ក្នុង​ទំហំ​៤ម៉ែ​ត្រ​ការ៉េ ពីស្រែ​បង្ហាញ​របស់កសិករគង់ វឿន ​មក​ធ្វើ​​ការ​វិភាគ​ ។ ជា​លទ្ធ​ផល​បាន​​រក​ឃើញ​ថា ផល​ស្រូវ​ទទួលបានមធ្យម​៥​តោន​៧៥០គីឡូ​ក្រាម​ នៅ​សំណើម និង​៤តោន​៩៤៥គីឡូ​ក្រាម​ ពេល​កាត់​សំណើម ​​ក្នុង​មួយហិកតា ​ដែល​ស្រែ​បង្ហាញ​នេះ ប្រើ​ប្រាស់​ពូជ​ស្រូវ​សែនពិដោរ ជា​ជំនួយ​របស់​អង្គការ FAO ។ លោក​ស្រុន សុខុម អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ បាន​ឱ្យ​ដឹង​ថា បើកសិករ​​យើង​ជ្រើស​រើស​ពូជស្រូវ​សែន​ពិដោរ គឺ​ចំណាយ​ពេល​តែ​៣ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​ច្រូតកាត់​ប្រមូល​ផល​​​បាន​ ហើយទិន្ន​ផល​អាច​ទទួល​បាន​ពី​៥​តោន ទៅ​៦តោន ក្នុង​ហិកតាឯណោះ ។ បើ​ប្រៀប​ធៀប​​នឹង​ការ​ប្រើ​ប្រាស់​ពូជស្រូវ​ចាស់វិញ គឺ​ចំណាយ​ពេល​​ពី​៦​ទៅ​៧ខែ​​ ទើបទទួលបាន​ផល​ ហើយ​ទិន្ន​ផល​បានតែ​ពី​១,៥តោន ទៅ​១,៦​តោន​ប៉ុណ្ណោះ ក្នុង​១ហិកតា ឃើញ​ថា ខុសគ្នា​ឆ្ងាយ​​ណាស់ ។ លោក​ស្រុន សុខុម ​បញ្ជាក់​ថា ពូជ​​ស្រូវ​សែន​ពិដោរ​​នេះ​ត្រូវបាន​ក្រសួង​កសិកម្ម​រកឃើញ​នៅ​ឆ្នាំ​២០០២ ហើយ​បាន​ស្នើ​សុំ​ទៅ​សម្តេច​តេជោ​ហ៊ុន សែន ដាក់ឈ្មោះ​ពូជស្រូវ​នេះ​ថា សែន​ពិដោរ ដោយ​ពាក្យ​សែន​ជា​ឈ្មោះ​សម្តេច ​ឯពិដោរ ពីព្រោះ​ស្រូវនេះ​ស្រាល​ហើយ​ក្រអូប ៕