ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្មុំព្រៃធម្មជាតិ មានលក់ជា​ហូរហែ​ដោយបងប្អូន​​ជនជាតិ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឃ្មុំ​ព្រៃ​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​រកបាន​ពី​តាម​តំបន់​ព្រៃ​នានា​ក្នុង​ខេត្ដរតនគិរី​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​សមរម្យ​ល្មម ​គឺ​មួយ​សំបុក​លក់​ចាប់ពី​៣​ម៉ឺន រហូត​ទៅ​ដល់​ជាង​១០​ម៉ឺន​រៀល ​តាម​តូច​តាម​ធំ ។ លោក យុង…

ខេត្តរតនគិរី ៖ ឃ្មុំ​ព្រៃ​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​រកបាន​ពី​តាម​តំបន់​ព្រៃ​នានា​ក្នុង​ខេត្ដរតនគិរី​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​សមរម្យ​ល្មម ​គឺ​មួយ​សំបុក​លក់​ចាប់ពី​៣​ម៉ឺន រហូត​ទៅ​ដល់​ជាង​១០​ម៉ឺន​រៀល ​តាម​តូច​តាម​ធំ ។

លោក យុង សាម វ័យ​ជាង​ហាសិប​ឆ្នាំ ជនជាតិភាគតិច​ទំពួន​រស់នៅ​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម ក្រុង​បាន​លុង បាន​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ដោយ​យួរ​ឃ្មុំ​ជា​ច្រើន​បង្គង យក​មក​លក់​នៅ​មុខ​ផ្សារ​បាន​លុង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឃ្មុំ​ដែល​គាត់​យក​មក​លក់​នោះ គឺ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រកបាន​ពី​ក្នុង​ព្រៃ ដោយ​គាត់​យក​មក​លក់​បន្ដ​សម្រាប់​គេ​យក​ទៅ​ច្របាច់​យក​ទឹក ឬ​ធ្វើ​ជា​ម្ហូប​ដែរ​ធ្វើ​ឱ្យ​រូប​គាត់​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ​លក់​សំបុក​ឃ្មុំ​ព្រៃ​នេះ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​កម្រិត ។

អ្នកលក់​ឃ្មុំ​រូប​នោះ​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា ឃ្មុំ​ទាំងនោះ គឺជា​ឃ្មុំ​ធម្មជាតិ​ហើយ​លក់​ក្នុង​តម្លៃ​ខុស​គ្នា គឺ​ទៅ​តាម​សំបុក​តូច​ឬ​សំបុក​ធំ ពោល​គឺ​ឃ្មុំ​មួយ​សំបុក​តូច​(​ឃ្មុំខ្យង​) លក់​តម្លៃ​៣​ម៉ឺន​រៀល​ក្នុង​មួយ​សំបុក ។ ចំណែក​សំបុក​ធំ​(​ឃ្មុំផ្លិត​ឬ​ឃ្មុំត្រចៀកដំរី​)​លក់​បាន​ក្នុង​តម្លៃ​៨​ម៉ឺន​ដល់​ទៅ​ជាង​១០​ម៉ឺន​រៀល​ក៏​មាន​ដែរ ។អ្នកលក់​ឃ្មុំ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ពិបាក​ក្នុង​ការ​ស្វែងរក​ឃ្មុំ​ដើម្បី​យក​មក​លក់​ណាស់​បួន​ប្រាំ​ថ្ងៃ​ទៅ​មួ​យស​ប្ដា​ហ៍ ទើប​អ្នក​ភូមិ​រកបាន​បួនដប់​សំបុក ។ ឃ្មុំ​ខែ​ចែ​ត្រ​គេ​និយម​ចូល​ចិត្ដ​ទិញ​យក​ទៅ​ប្រើប្រាស់​ដោយ​ច្របាច់​យក​ទឹក​ដាក់​ដប​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​អ្នកខ្លះ​ក៏​ទិញ​យក​ទៅ​ហូប​ធម្មតា ។

ចំណែក​អ្នក​ធ្លាប់​ទិញ​ឃ្មុំ​យក​ទៅ​ប្រើប្រាស់​កន្លង​មក​បានឱ្យ​ដឹង​ដែរ​ថា មាន​សំបុក​ឃ្មុំ​មួយ​ចំនួន​បាន​ដាក់​លក់​នៅ​ដងផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​ទៅ​ស្រុក​អូ​រយ៉ា​ដាវ ភាគច្រើន​សំបុក​ឃ្មុំ​ទាំងនោះ ច្រើន​ជា​សំបុក​ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រកបាន​ពី​ក្នុង​ព្រៃ ឬ​នៅ​តាម​ភូមិ​ដាច់​ស្រយាល ។ ហើយ​សំបុក​ឃ្មុំ​ទាំងនោះ​ពួក​គាត់​ច្រើន​លក់​ធូរ​ថ្លៃ​ជាង​សំបុក​ឃ្មុំ ដែល​គេ​យក​មក​លក់​បន្ត​នៅ​ពីមុខ​ផ្សារ​បាន​លុង ។ អ្នកខ្លះ​និយាយ​ថា ឃ្មុំ​មួយ​សំបុក​ធំ​លក់​តំលៃ​តែ​បួន​ទៅ​ប្រាំ​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ជា​ឃ្មុំ​ខែ​ចែ​ត្រ​ធម្មជាតិ​ដូច​គ្នា​ផង​ដែរ ។

អ្នក​ធ្លាប់​ទិញ​ឃ្មុំ​ដដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គាត់​ទិញ​សំបុក​ឃ្មុំ​នេះ​យក​មក​ច្របាច់​យក​ទឹក​ព្រោះ​លោក​យល់​ថា សំបុក​ឃ្មុំ​ដែល​យក​មក​ច្របាច់​យក​ទឹក​ខ្លួនឯង​ច្រើន​តែ​សុទ្ធ​ល្អ ។ ហើយចំពោះ​ទឹកឃ្មុំ​ខែ​ចែ​ត្រ​វិញ វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខ្លាំង​ណាស់ ហើយ​វា​ក៏​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​ទៀត​ផង​ដោយ សារ​វា​ជា​ទឹកដម​ផ្កា​ព្រៃ​ច្រើន​មុខ ។ ការ​ប្រើប្រាស់​ទឹកឃ្មុំ​សម្រាប់​ធ្វើ​ជា​ឱសថ​ព្យាបាល​រោគ​នេះ​មាន​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​។ ក្រុម​អ្នករក​ឃ្មុំ​បន្ត​ទៀត​ថា នៅ​ជិត​ថ្ងៃសីល​ទើប​រកបាន​ច្រើន ហើយ​ឃ្មុំ​ពេញ​ក្បាលទឹក​ល្អ​និង​រកបាន​១​ថ្ងៃ​៣​ទៅ​៤​សំបុក ។បើ​តាម​អ្នកទិញ​លក់​បន្ត​នៅ​តាម​ផ្លូវជាតិ​លេខ​៧៨​អា លើ​ចិញ្ចើម​ផ្លូវ​ចេញពី​ក្រុង​បាន​លុង ឆ្ពោះទៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​និយាយ​ថា ទឹកឃ្មុំ​១​លី​ត្រ​៧០,០០០​រៀល ហើយ​ក្នុង​មួយ​អាទិត្យ​លក់​បាន​២០​ម៉ឺន​រៀល​គឺ​មាន​ច្រើន​លក់​បាន​ច្រើន មិន​ដែល​សល់​ទេ ៕

អត្ថបទសរសេរ ដោយ