ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វេ​ស​ប៊ុ​ក​បញ្ចប់​ការ​សាកល្បង​នៅ​ក្នុង​ប្រទេស​ចំនួន​6

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook Inc បាន​បញ្ចប់​ការ​សាកល្បង News Feed ថ្មី​ក្នុង​ប្រទេស​ចំនួន​៦ ។…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook Inc បាន​បញ្ចប់​ការ​សាកល្បង News Feed ថ្មី​ក្នុង​ប្រទេស​ចំនួន​៦ ។ ការ​សាកល្បង​នេះ​រួម​មានការ​បង្កើត News Feed មួយ​ថ្មី ដែល​បែងចែក​ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ។ News Feed មួយ​ផ្តោត​សំខាន់​ទៅ​លើ​រូបភាព និង​ការ​បង្ហោះ​ផ្សេង​ៗ​ពី​មិត្តភក្តិ​និង​បងប្អូន ខណៈ​មួយទៀត​មានឈ្មោះ​ថា Explore Feed ផ្តោត​សំខាន់​តែ​លើ​ការ​បង្ហោះ​របស់ Page ដែល​យើង​បាន​ចុច Like ប៉ុណ្ណោះ ។

លោក Adam Mosseri ប្រធាន​ផ្នែក News Feed របស់​ហ្វេ​ស​ប៊ុ​ក បាន​និយាយ​ក្នុង​សេច​ក្តីថ្លែងការណ៍​មួយ​ថា បណ្តាញ​សង្គម​នេះ​បាន​សម្រេចចិត្ត​បញ្ចប់​ការ​សាកល្បង និង​រក្សា News Feed តែ​មួយ​ដដែល ព្រោះ​អ្នក​ប្រើប្រាស់​បាន​ប្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ស្ទង់​មតិ​ថា ពួក​គេ​មិន​ចូល​ចិត្តការ​ផ្លាស់​ប្តូរ​បែប​នេះ​ឡើយ ។

លោក​និយាយ​ថា ៖« ក្នុង​ការ​ស្ទង់​មតិ អ្នក​ប្រើប្រាស់​បាន​ប្រាប់​យើង​ថា ពួក​គេ​មិន​សប្បាយ​​ចិត្តនឹង​អ្វី​ដែល​ពួក​គេ​មើលឃើញ​ទេ ហើយ​ការ​មាន News Feed ចំនួន​២​ផ្សេង​គ្នា គឺ​មិន​បាន​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​មាន​ភាព​ស្និទ្ធ​សា្ន​ល​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ឡើយ » ។

គួរ​បញ្ជាក់​ថា ការ​សាកល្បង​នេះ​បាន​ចាប់ផ្តើម​ក្នុង​ខែតុលា ទៅ​លើ​ប្រទេស​ចំនួន​៦ ដូច​ជា បូ​លី​វី​, កម្ពុជា​, ក្វា​តេ​ម៉ា​ឡា​, Serbia, ស្លូ​វ៉ា​គី និង​ស្រី​លង្កា ។ ការ​សាកល្បង​នេះ​បាន​ប៉ះពាល់​ដល់​ចរាចរណ៍​អ្នក​ចុច​អាន​ព័ត៌មាន​យ៉ាង​ខ្លាំង ។

លោក Mosseri បន្ត​ថា ៖« ក្រុមហ៊ុន​ក៏​បាន​ទទួល​មតិយោបល់​ថា ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ក្រោម​ការ​សាកល្បង​ទាំងនេះ កាន់តែ​ពិបាក​ទទួល​ព័ត៌មាន​សំខាន់​ៗ ហើយ​ពួក​យើង​មិន​បាន​បកស្រាយ​ពី​ការ​សាកល្បង​នេះ​ច្បាស់លាស់​ឡើយ »។

លោក​បន្ថែម​ថា ហ្វេ​ស​ប៊ុ​ក​នឹង​កែប្រែ​វិធី​សាកល្បង ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា នឹង​អាច​ធ្វើ​បាន​ដោយ​វិធី​ណា​ទេ ។

នាយក​ប្រតិបត្តិ លោក Mark Zuckerberg បាន​ប្រកាស​ថា ការ​ផ្លាស់​ប្តូរ​នៃ News Feed ទាំងនេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​បង្ហោះ​របស់​មិត្តភក្តិ និង​ក្រុម​គ្រួសារ ។

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក និង​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ​ពី​អ្នក​ប្រើប្រាស់ និង​រដ្ឋាភិបាល​ឲ្យ​កាត់​បន្ថយ​ភាព​ញៀន​របស់​ពួក​គេ ព្រមទាំង​ឲ្យ​ខំប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​ព័ត៌មាន​មិន​ពិត ឬ​បោក​បញ្ឆោត​អ្នក​អាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ