ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសែនព្រេន​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច​ចេញពី​ភូមិ​តាម​ជំនឿ​ដូនតា

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ តាម​ជំនឿ​ពី​ដូនតា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប…

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ តាម​ជំនឿ​ពី​ដូនតា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​រៀបចំ​ពិធី​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​ចេញពី​ភូមិ ដែល​ពួក​គេ​ជឿ​ថា កន្លង​ទៅ​មាន​ខ្មោច​ព្រាយ​បិសាច​បាន​ចូល​មក​អុកឡុក ចូល​ស​ន្ថិ​ត​ក្នុង​ខ្លួន​មនុស្ស ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​មានការ​ខ្លាចរអា ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ បឿន រស់នៅ​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ និង​ព្រាយ​បិសាច​ចេញពី​ក្នុងភូមិ​នេះ មិន​ត្រឹមតែ​ចាស់​ៗ ក្មេង​ៗ​នោះ​ទេ សូ​ម្បី​តែ​សិស្សានុសិស្ស គ្រូបង្រៀន និង​កងកម្លាំង​នៅ​ក្នុងភូមិ​ក៏​មានការ​ចូលរួម​ជា​ច្រើន​កុះករ​ផង​ដែរ ។ លោក​ថា ដោយសារ​មាន​ជំនឿ​ថា កន្លង​ទៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ខ្មោច​ព្រាយ​បិសាច​ចូល​ស​ន្ថិ​ត​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​មានការ​ភ័យ​ខ្លាច ទោះបី​យក​អ្នក​ឈឺ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​បែប​ណា​ក៏​មិន​បាន​ធូរ​សះស្បើយ​ឡើយ ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្រេច​នាំ​គ្នា​មួយ​ភូមិ​តែ​ម្តង ដើម្បី​រៀបចំ​ពិធី​នេះ​ឡើង ទៅ​តាម​ទំនៀមទម្លាប់ តាម​ពី​ដូនតា ដើម្បី​កម្ចាត់​នូវ​គ្រោះ​ចង្រៃ ព្រាយ​បិសាច​ទាំងឡាយ ឲ្យ​វិនាស​ចាក​ឆ្ងាយ​ពី​ស្រុកភូមិ នាំ​មក​នូវ​សេចក្តីសុខ​ឡើង​វិញ ។

អ្នក​ភូមិ​នៅ​ទីនោះ​និយាយ​ថា របៀបរបប​នៃ​ការ​រៀប​សែនព្រេន​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច​នោះ គេ​រៀបចំ​ដូច​ជា​ស្លាធម៌ បាយសី បា​យស បាយ​ក្រហម បន្ទាប់​មក​បាន​នាំ​គ្នា​ដង្ហែរ​យក​ទៅ​ដាក់​ក្នុង​ទឹកទន្លេ​មេគង្គ បណ្តែត​ទឹក​ចោល រួច​អុជ​ផាវ​ផ្ទុះ​ទ្រហឹង​ពេញ​ភូមិ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយ​ៗ​ក៏​មាន​ចង​ព័ទ្ធ​នូវ​ខ្សែ​អំបោះ​សីមា​ការពារ​ផង​ដែរ ។ ប្រជាពលរដ្ឋ​ថា មូលហេតុ​ដែល​កើត​មានរឿង​បែប​នេះ ដោយសារ​តែ​កន្លង​ទៅ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ពុំ​សូវ​ចាប់អារម្មណ៍​ជាមួយ នឹង​ពិធី​សែនអ្នកតា ពិធី​អុំទូក​សែន​ដល់​អ្នកតា ម្យ៉ាងទៀត​ការ​យក​ខ្មោចតៃហោង​ចូល​មក​ក្នុងភូមិ ទើប​ធ្វើ​ឲ្យ​កើតរឿង​ការ​ភ័យ​ខ្លាច​បែប​នេះ ។

សូម​បញ្ជាក់​ថា នៅ​ខេត្តព្រះវិហារ​កន្លង​ទៅ​នៅ​តាម​តំបន់​ដាច់​ស្រយាល​នានា គេ​សង្កេត​ឃើញ​មានការ​រៀបចំ​ពិធី​សែនអ្នកតា​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន​ឡើយ ព្រោះ​ពួក​គេ​ជឿ​ថា ការ​ធ្វើ​បែប​នេះ​អាច​ដេញ​នូវ​គ្រោះ​ចង្រៃ​ចេញពី​ភូមិ​ស្រុក នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ស្រុក​មាន​សេចក្តីសុខ​ក្នុង​ការ​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ