ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​និង​កូន​អត់​តាម​រក​ឬ​ប្តឹង​ ទើបធ្វើ​ឱ្យ​អ្នកស្រុក​ជិតខាង​​​សង្ស័យខ្លាំង​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​រួមគំនិត​គ្នា​ រវាងម្តាយ​និង​កូន​កាលពី​ជាង​១​ឆ្នាំ​មុន បាន​ត្រូវ​នគរបាល​ស្រាវជ្រាវ​ដឹង​ការ​ពិត ហើយ​ទីបំផុត​ក៏​ឈានទៅ​ឃាត់ខ្លួន​២​នាក់​ម្តាយ​-​កូន និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​៦ ខែ​មីនា ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​ប្តី…

ខេត្តបន្ទាយមានជ័យ ៖ ការ​រួមគំនិត​គ្នា​ រវាងម្តាយ​និង​កូន​កាលពី​ជាង​១​ឆ្នាំ​មុន បាន​ត្រូវ​នគរបាល​ស្រាវជ្រាវ​ដឹង​ការ​ពិត ហើយ​ទីបំផុត​ក៏​ឈានទៅ​ឃាត់ខ្លួន​២​នាក់​ម្តាយ​-​កូន និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​៦ ខែ​មីនា ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​ប្តី ។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ជា​ម្តាយ​-​កូន​នេះ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែមីនា ដែល​ម្តាយ​ឈ្មោះ អាន តឹក អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ និង​កូនប្រុស​ឈ្មោះ សូ វុ​ធ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រឡោក​​លិច ឃំ​ុ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោកស្នងការ​រង​បញ្ជាក់​ថា ក្រោយ​ពី​មានករណី​បាត់​ខ្លួន​បុរស​ឈ្មោះ នឹ​ប អឹ​ម អាយុ​៥៥​ឆ្នាំ មិនដឹង​ទៅ​ណា ហើយ​ទាំង​ប្រពន្ធ​និង​កូន​មិន​មាន​តាម​រក​ឬ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រក​នោះ ធ្វើ​ឱ្យ​អ្នកស្រុក​ជិតខាង​មានការ​សង្ស័យ ។ រីឯ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​ទាំង​២​នាក់ ដែល​ជាប់ចោទ​សមគំនិត​គ្នាសម្លាប់​ប្តី​និង​ឪពុក​របស់​ខ្លួន ។ លោកស្នងការ​រង​ថ្លែង​ទៀត​ថា ក្រោយ​ពេលឃាត់ខ្លួន កូនប្រុស​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៦ ឪពុក​ខ្លួន​ក្រោយ​ពេលត្រឡប់​មក​ពី​ពិធី​ឡើងផ្ទះ​អ្នក​ភូមិ មាន​អាការ​ស្រវឹងស្រា​និង​បាន​រករឿង​ម្តាយ លុះ​នៅ​ម៉ោង​ប្រមាណ​១០​យប់ ឪពុក​បាន​យក​កាំបិត​ចុង​ស្រួច​ឡើង​លើ​ផ្ទះ​បំណង​ចាក់​ម្តាយ ។

កូនប្រុស​រូប​នេះ​សារភាព​ទៀត​ថា ពេល​ឃើញដូច្នេះ ខ្លួន​បាន​ស្ទុះ​មក​រុញ​ឪពុក​ភ្លាត់ជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​មក​ក្រោម ហើយ​ខ្លួន​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ដេក​វិញ ។ ដោយសារ​ឪពុក​ស្ងាត់​​យូរ​ពេក ក៏​ចុះ​មក​មើល​ស្រាប់តែ​ឃើញ​ស្លាប់​ដោយ​បាក់​ក​និង​កាំបិត​ជង់​ពោះ ក៏​បាន​ជជែក​ជាមួយ​ម្តាយ ​ហើយ​សម្រេចចិត្ត​យក​សំពត់​ដឹក​សព​​តាម​គោ​យន្ត​ទាំង​កណ្តាល​យប់​ យក​ទៅ​ចោល​ចម្ងាយ​ពី​ភូមិ​ជិត​៣០​គីឡូម៉ែត្រ ។ ក្រោយមក ពេល​អ្នក​ភូមិ​ជិតខាង​សួរ​រក​ឪពុក​ក៏​កុហក​ថា ឪពុក​ទៅ​ធ្វើ​ការងារ​នៅ​ភ្នំពេញ ។លុះ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ អ្នក​ភូមិ​ម្នាក់​ឈ្មោះ សៀ​ក តិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ខណៈ​ទៅ​ដាក់​អង្គប់កណ្តុរ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សព​នៅ​ក្នុង​ព្រៃ វាលស្រែ​ខាងលិច​បឹងចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ភូមិ​ទន្លាប់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ។

ក្រោយ​ពេល​ឃើញ​សព ​ក៏​មានការ​សង្ស័យ ព្រោះ​ស្គាល់​សម្លៀក​បំពាក់ ទើប​ហៅ​ប្រពន្ធ​ទៅ​មើល​តែ​ប្រពន្ធ​មិនបាន​ទៅ គឺ​ទៅ​តែ​កូនប្រុស ប៉ុន្តែ​ថា​មិនមែន​សព​ឪពុក​ខ្លួន​ទេ ហើយ​អ្នកស្រុក​ក៏​កប់​គ្រោងឆ្អឹង​នោះ​ទៅ ។
លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ថ្លែង​ថា ជន​រង​គ្រោះ​មានកូន​ប្រុស​ស្រី​៦​នាក់ ក្នុង​នោះ​៥​នាក់ ខ្លះ​មាន​ប្តី​ប្រពន្ធ និង​ខ្លះទៅ​ធ្វើការ​ប្រទេស​ថៃ ហើយ​កូនប្រុស​ឈ្មោះ សូ វុ​ធ ត្រូវ​បាន​បងប្អូន​ឱ្យ​នៅផ្ទះ​មើល​ឪពុក​ម្តាយ ។ ពេល​នៅ​ជាមួយ ដោយសារ​ឪពុក​ផឹកស្រា​ស្រវឹង និង​ប៉ង​ប្រើ​អំពើ​ហិង្សា​លើ​ម្តាយ ដោយ​យក​កាំបិត​ចុង​ស្រួច​ឡើង​លើ​ផ្ទះ​ខ្លាច​ចាក់​ម្តាយ កូនប្រុស​រូប​នេះ​ក៏​រុញ​ធ្លាក់​ពី​កាំជណ្តើរ​បាក់​ក និង​ត្រូវ​កាំបិត​ចុង​ស្រួច​ជង់​ស្លាប់​ទៅ ។

លោកស្នងការ​បញ្ជាក់​ថា ករណី​នេះ​មន្ត្រី​ជំនា​ញ​បាន​ធ្វើការ​ស្រាវជ្រាវ​ដូច​រាវរក​ម្ជុល​នៅ​បាតសមុទ្រ ទាល់តែ​១​ឆ្នាំ​ក្រោយ​ទើប​ឈាន​ដល់​ការ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ម្តាយ​និង​កូនប្រុស​ដែល​សមគំនិត​គ្នា​សម្លាប់​ជន​រង​គ្រោះជា​ប្តី​និង​ជា​ឪពុក ។ក្រោយ​ពេល​កំណត់​បាន​ឃាតករ​ហើយ សមត្ថកិច្ច​ក៏​បាន​យក​រូប​មនុស្ស​ជ័រ​ទៅ​ឱ្យធ្វើ​ត្រាប់​ដូច​ជា​ច្រាន​ធ្លាក់​ពីលើ​ជណ្តើរ​ស្លាប់​ផ្កាប់មុខ រូបភាព​ដឹក​តាម​គោ​យន្ត​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​ជាដើម​ទុកជា​ឯកសារ​នៃ​ឃាតកម្ម​សម្លាប់​ប្តី​និង​ឪពុក ៕ ​

អត្ថបទសរសេរ ដោយ