CSX ដាក់​ដំណើរការ App ផ្តល់​ព័ត៌មាន​ពី​ការ​ជួញដូរ​មូល​ប​ត្រ


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ស្មា​ត​ហ្វូ​ន​មាន​ចំនួន​ច្រើន​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​ដាក់​ឱ្យ​ដំណើរការ​កម្ម​វិធី​ទូរស័ព្ទ «​ផ្សារ​ហ៊ុន App» ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​វិនិយោគិន​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​មាន​ភាព​ងាយស្រួល និង​ទាន់​ពេលវេលា ។

អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​លោក ហុង សុ​ហួរ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៤ មីនា កន្លង​មក​ថា ដើម្បី​ឱ្យ​សាធារណជន ក៏​ដូច​ជា​វិនិយោគិន​ងាយស្រួល​ទទួល​បាន​ព័ត៌មាន​អំពី​ទីផ្សារ​ភាគហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ដាក់​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ​​ថា «​ផ្សារ​ហ៊ុន App» ដែល​អនុញ្ញាត​ឱ្យ​សាធារណជន​យល់​ដឹង​ពី​ការ​វិនិយោគ​ភាគហ៊ុន​ងាយស្រួល​ជាង​មុន ។

លោក​មាន​ប្រសាសន៍​ថា ៖« កម្មវិធី​ផ្សារ​ហ៊ុន​បាន​ដាក់​បញ្ចូល​នូវ​ព័ត៌មាន​ចាំបាច់​អំពី​ក្រុម​ហ៊ុ​ន​ចុះបញ្ជី ថ្លៃ​ភាគហ៊ុន និង​ទិន្នន័យទីផ្សារ​ជាក់ស្តែង ភ្លាម​ៗ សៀវភៅ​អេ​ឡិច​ត្រូ​និ​ច និង​ឯកសារ​ផ្សេង​ៗ​សម្រាប់​ដោ​ន​ឡូត​ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ព័ត៌មាន​ទាន់​ហេតុ​ការណ៍ អត្ថបទ​ល្អ​ៗ និង​ការ​វិភាគ Chat room សម្រាប់​សាធារណជន​ពិភាក្សា​អំពី​បញ្ហា​នានា » ។

លោក​បន្ត​ថា ៖« កម្មវិធី​ទូរស័ព្ទ​ផ្សារ​ហ៊ុន ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នេះ គឺ​មាននៅ​លើ​ប្រភេទ​ទូរស័ព្ទ​ដំណើរការ​កម្មវិធី​ដោយ​ប្រព័ន្ធ Android តែ​ប៉ុណ្ណោះ រីឯ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ IOS វិញ យើង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ សម្រាប់​វិនិយោគិន​ប្រើប្រាស់​ទូរស័ព្ទ iPhone អាច​ប្រើប្រាស់​តាម​រយៈ​គេហទំព័រ PhsarHun ក្នុងអំឡុងពេល IOS មិន​ទាន់​ដំណើរការ » ។

តាម​មន្ត្រី​ប្រតិបត្តិ និង​ចុះបញ្ជី​ដាក់​ផ្ញើ​មូល​ប​ត្រ​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា លោក កៅ លី​ហ៊ួ​រ ឱ្យ​បានដឹង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា ៖«​បន្ទាប់​ពី​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ទូរស័ព្ទ «​ផ្សារ​ហ៊ុន App» គិត​ពី​ថ្ងៃ​ទី​៤ មីនា មក​ដល់​ថ្ងៃ​ទី​៧ មីនា គឺ​មាន​អ្នក​ដោ​ន​ឡូត​កម្មវិធី​ប្រមាណ​២០៨​ដោ​ន​ឡូត​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដំណើរការ​កម្មវិធី Android» ។

លោក​បន្ត​ថា ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ផ្សារ​ហ៊ុន វា​ចូលរួម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ព័ត៌មាន​ពី​ការ​ជួញដូរ មាន​វី​ដេ​អូ​បង្រៀន​ពី​របៀប​ធ្វើការ​ជួញដូរ និង​ទិញ​ភាគហ៊ុន ជាដើម ជា​ពិសេស អ្នកចេះ​ធ្វើការ​ទិញ​-​លក់​ភាគ​ហ៊ុន នឹង​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែ​ទទួល​បាន​ព័ត៌មាន​រហ័ស​ពី​ផ្សារ​ហ៊ុន ។

លោក ម៉ៅ មក​រា ប្រជាពលរដ្ឋ​ដែល​មានការ​យល់​ដឹង​ពី​ការ​ជួញដូរ​ភាគហ៊ុន បានឱ្យ​ដឹង​ថា កន្លង​មក បើ​ចង់​ពី​ព័ត៌មាន​កា​រវិ​វត្ត​នានា គឺ​លោក​ប្រើ​ទូរស័ព្ទ​បើក​ចូល​ទៅ​គេហទំព័រ​របស់​ផ្សា​រមូល​ប​ត្រ តែបើ​ផ្សា​រមូល​ប​ត្រ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ផ្សារ​ហ៊ុន​តាម​ទូរស័ព្ទ គឺ​វា​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់​ដឹង​ព័ត៌មាន​ក៏​ដូច​ជា​រូប​លោក​ផង​ដែរ ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា កម្មវិធី​ទូរស័ព្ទ ផ្សារ​ហ៊ុន​គឺ​សំខាន់ ព្រោះ​គាត់​ដាក់ App យើង​អាច​ធ្វើការ​ជួញដូរ​ភាគហ៊ុន​តាម​ទូរស័ព្ទ​បាន​យ៉ាង​លឿន ដោយ​មិន​ចាំ​ផ្តល់​ព័ត៌មាន​ដែល​យើង​ចង់​ទិញ​ប្រាប់​ទៅ​ខាង​ក្រុមហ៊ុន ឬ​ក្រុមការងារ​ពាក់ព័ន្ធ​ទេ ។ ខ្ញុំ​គិត​ថា App ផ្សារ​ហ៊ុន​​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​យើង វា​នឹង​ផ្តល់​ភាព​ងាយស្រួល​អាច​ឱ្យ​យើង​មើល​ព័ត៌មាន​លឿន ទិញ​-​លក់​បាន​លឿន និង​មិន​ចាំបាច់​ចំណាយពេល​ច្រើន​ដូច​មុន​ទៀត​ឡើយ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ