ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលៈទេសៈបង្ខំឱ្យវាយទម្លុះចូលខាងក្នុង ២ម៉ោងទើបព្រមរលត់

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​ក្លិប​កម្សាន្ត​រស្មី​ផ្កាយ​ពេជ្រ ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ មីនា ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​រថយន្ត​ដឹក​ទឹក​ចំនួន​១០​គ្រឿង ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​ក្លិប​កម្សាន្ត​រស្មី​ផ្កាយ​ពេជ្រ ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ មីនា ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​រថយន្ត​ដឹក​ទឹក​ចំនួន​១០​គ្រឿង ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​២០​រថយន្ត​ ទើប​រលត់​ជា​ស្ថាពរ​ និង​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង ។

លោក​វរសេនីយ៍ឯក ស៊ុ​យប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​គ្រឿងផ្ទុះ ​និង​អគ្គិភ័យ​ប្រាប់​ឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ឆេះ​ក្លិប​ខាងលើ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ទាំង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក និង​រថយន្ត​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ស្នងការដ្ឋាន​ចេញ​មក​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ខណៈ​ភ្លើង​កំពុង​តែ​ឆេះ​ចេញពី​ក្នុង​ក្លឹ​ប​នោះ ។

លោកស្នងការ​រង​ប្រាប់​បន្ត​ថា ដោយសារ​តែ​មាន​ក្តី​បារម្ភ​ខ្លាច​ទប់ទល់​មិន​បាន​នោះ ក៏​បាន​សុំ​អន្តរាគមន៍ មាន​រថយន្ត​ដឹក​ទឹក​ចំនួន​៥​គ្រឿង​របស់​ក្រុមហ៊ុនចំការកៅស៊ូ​បាន​ចេញ​មក​ជួយ​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ។ ដោយសារ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ ចេញពី​ខាងក្នុង​មិន​អាច​ឱ្យ​កងកម្លាំង​សមត្ថកិច្ច ចូល​ទៅ​បាញ់​ទឹកបាន​នោះ​ទេ តែ​ដោយ​ខ្លាច​ភ្លើង​ឆេះ​កាន់តែ​រាលដាល​បន្ថែម​ទៀត​នោះ ទើបបាន​បង្ខំចិត្ត​ដោយ​មានការ​យល់ព្រម​ពី​ម្ចាស់​ក្លិប​ផង​នោះ លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក ក៏​បាន​នាំ​គ្នា​ប្រើ​ញញួរ​វាយ​ទម្លុះ​ជញ្ជាំង​​បេតុង ល្មម​នឹង​ដាក់​ទុយោ​បាញ់​ទឹក​ចូល​ទៅ​ខាងក្នុង ដែល​ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​នោះ រលត់​ទៅ​វិញ​បន្តិច​ម្តង​ៗ​ដោយ​បាន​ប្រើ​រយៈពេល​ដល់​ទៅ​២​ម៉ោង ​ក្នុង​ការ​បាញ់​ទឹក​ពន្លត់ ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៥​ល្ងាច ។

លោក​វរសេនីយ៍ឯក ស៊ុ​យ ប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ឆេះ​ក្លិប​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ក៏​ឆេះ​រាលដាល​ទៅ​ដល់​គ្រឿង​ជ័រ​បិទ​នៅ​លើ​ជញ្ជាំង​បេតុង ដែល​ធ្វើ​សម្រាប់​កុំឱ្យ​ឮ​សូរ​សម្លេង​ចេញ​មក​ខាងក្រៅ ទើប​បណ្តាល​ឱ្យ​ឆេះ​ពិបាក​ពន្លត់ ប្រសិនបើ​មិន​អាច​បាញ់​ចូល​រួច​នោះ ។ ទោះជា​បែប​ណា​ក្តី​ក្រោម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត​បានឱ្យ​រថយន្ត​ចេញ​មក​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ព្រមទាំង​វាយ​ទម្លុះ​ជញ្ជាំង ដើម្បី​បាញ់​ទឹក​ចូល​ពន្លត់​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ថា​ក្លិប​នេះ​ត្រូវ​បាន​បិទទ្វារ​ចោល​មួយ​រយៈ​ហើយ មិន​មាន​សកម្មភាព​នោះ​ទេ ហើយ​ការ​ឆេះ​នេះ​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ