ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជីថ​ល​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​សម័យ​បច្ចេកវិទ្យា​ទំនើប គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក បាន​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​ពួក​គេ​ដោយ​ផ្ទាល់​មក​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​អាច​ឲ្យ​ពួក​គេ​ចំណេញ​ពេលវេលា និង​ថវិកា ។ សម្រាប់​កម្ពុជា​វិញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​បរិបទ​សម័យ​បច្ចេកវិទ្យា​ទំនើប គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក បាន​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​ពួក​គេ​ដោយ​ផ្ទាល់​មក​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​អាច​ឲ្យ​ពួក​គេ​ចំណេញ​ពេលវេលា និង​ថវិកា ។ សម្រាប់​កម្ពុជា​វិញ ក៏​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា ឲ្យ​វិស័យ​បច្ចេកវិទ្យា​ដើរ​ទាន់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជជែក​រក​ដំណោះស្រាយ​សម​ស្រប​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៦ មីនា លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការ​បង្កើត​បរិយា កាស​អំណោយផល​សម្រាប់​យុវជន ក្នុង​ការ​ប្រើប្រាស់​អំណោយទាន​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​របស់​ខ្លួន បង្កើត Startup ក្នុង​វិស័យ​នេះ​ផង​ដែរ ។

លោក​ថ្លែង​ថា ៖« ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់ Startup និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផង​ដែរ » ។

លោក​បន្ត​ថា កម្ពុជា​បាន​បង្កើត​មូលនិធិ​ចំនួន​២ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែរ​នោះ​គឺ មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ ដែល​មូលនិធិ​នេះ​ជួយ​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​តាម​តំបន់​ជន បទ។ ចំណែក​មូលនិធិ​មួយទៀត គឺ​មូលនិធិ​ការ​កសាង​សមត្ថភាព​ស្រាវជ្រាវ ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គម​ន៍​និង​ព័ត៌មាន ដែល​មូលនិធិ​នេះ​ជួយ​ដល់​ការ​អប់រំ ការ​ស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ។

លោក​ថា ៖« តាម​រយៈ​មូលនិធិ​នេះ មជ្ឈមណ្ឌល​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនា គមន៍ និង​ព័ត៌មាន​មួយ នឹង​ត្រូវ​សាងសង់​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៨​នេះ ដោយ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​នេះ​នឹង​ក្លាយជា​កន្លែង​អំណោយផល​មួយ​ដល់​យុវជន​សិក្សា និង​ប្រឹក្សា​យោបល់ ក៏​ដូច​ជា​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ការ​ចូលរួម​របស់​ក្រសួង​លើ​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​រវាង​ប្រជា​ពលរដ្ឋ​ទីក្រុង និង​ជនបទ តាម​រយៈ​ការ​កសាង​បណ្តាញ​ទូរគមនាគមន៍ ការ​អប់រំ និង​ការ​ស្រាវជ្រាវ ក៏​ដូច​ជា​ការ​បង្កើត​បរិយាកាស​សម្រាប់​យុវជន​និង​ប្រតិបត្តិ​ករ តាម​រយៈ​ក្រសួង​​តែ​ម្ខាង គឺ​ពិបាក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ណាស់ ។ ដូច្នេះ លោក​ស្នើ​ឱ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ ក៏​ដូច​ជា​សហការ​ជាមួយ​ក្រសួង​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ ។

តំណាង​មក​ពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Huawei បាន​លើក​ឡើង​ថា ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ចាំបាច់​ណាស់​ត្រូវ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឱ្យ​បាន​ប្រសើរ ព្រោះថា បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

ក្នុង​កិច្ច​ពិភាក្សា​នេះ តំណាង​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទស្សនទាន ដែល​ជា​ធាតុ​ចូល​ក្នុង​ការ​បង្កើត​ផែនការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (​ប​.​គ​.​ព​) នៅ​កម្ពុជា សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០៣២​ផង​ដែរ ។ បទ​បង្ហាញ​នេះ​ផ្តោត​លើ​៤​ចំណុច​សំខាន់​ៗ​គឺ ១-​ចក្ខុវិស័យ និង​តម្រូវការ​របស់​កម្ពុជា​, ២-​ការ​ប្រៀប​ធៀប​ជាមួយ​អន្តរជាតិ និង​ការ​វិភាគ​លើ​គម្លាត​, ៣-​គោលដៅ​អភិវឌ្ឍន៍​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​៤-​យុទ្ធសាស្ត្រ និង​ការ​អនុវត្ត ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ មក​រា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថ​ភាព​ផ្នែក​មូលដ្ឋាន​គ្រឹះ និង​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន » សម្រាប់​ការ​អភិវឌ្ឍ​និង​លើកកម្ពស់​ធនធានមនុស្ស ជំនាញ​​ផ្នែក​ព័ត៌មានវិទ្យា​នៅ​មូលដ្ឋាន ដោយ​អនុវត្ត​នៅ​ក្នុង​រាជធានី​/​ខេត្ត​ចំនួន​៤​គឺ ៖ ភ្នំពេញ​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ និង​ស្វាយ​រៀង ហើយ​រំពឹង​ថា គម្រោង​នេះ​អាច​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ និង​លើកកម្ពស់​ធនធានមនុស្ស​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នាំ​មក​នូវ​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ប្រទេស ជា​ពិសេស​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

បើ​តាម​ក្រសួង​ប្រៃសណីយ៍ គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ពី​ខែតុលា ឆ្នាំ​២០១៧ ដល់​ខែកញ្ញា ឆ្នាំ​២០២១ ដែល​មាន​រយៈពេល​៤​ឆ្នាំ ដោយ​ផ្តោត​លើ​សកម្មភាព​ធំ​ៗ​ចំនួន​៣​រួម​មាន ការ​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា​ជា​លក្ខណៈ​អនុវត្ត​ជាក់ស្តែង​, ការ​លើកកម្ពស់​បច្ចេកវិទ្យា​នៅ​តាម​តំបន់​ជនបទ និង​ការ​បង្កើត​ការងារ​ព័ត៌មានវិទ្យា ។

សកម្មភាព​ចម្បង​របស់​គម្រោង​នេះ គឺជា​ការ​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា​ជា​លក្ខណៈ​អនុវត្ត​ជាក់ស្តែង ដែល​មាន​៣​វគ្គ​ដូច​ខាងក្រោម ៖

១-​វគ្គ​សិក្សា​មូលដ្ឋាន​ដែល​ស្មើនឹង​ការ​ប្រឡង IP (IT Passport) របស់​អង្គការ ITPEC ។

២-​វគ្គ​សិក្សា​មធ្យម ដែល​ស្មើនឹង​ការ​ប្រឡង FE (Fundamental IT Engineers) របស់ អង្គការ​ITPEC ។

៣-​វគ្គ​សិក្សា​កម្រិត​ខ្ពស់ ដែល​ស្មើនឹង​ការ​ប្រឡង​AP (Applied IT Engineers) របស់ អង្គការ​ITPEC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ