អ្នក​ប្រដាល់​ល្បី ពេជ្រ ប៊ុនធឿន ធ្លាក់​ខ្លួន​ជាអ្នកញៀនថ្នាំ​មែនទេ?


ខេត្តបាត់ដំបង ៖ ធ្លាប់​ជា​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ខ្លាំងក្លា​មួយ​រូប ដែល​មាន​ប្រវត្តិ​កំណើត​ជា​អ្នក​ខេត្តបាត់ដំបង ពេជ្រ ប៊ុ​នធឿ​ន បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​ជិត​៣​ឆ្នាំហើយ​ បើ​គិត​មក​ដល់​ពេល
​នេះ ។ មិនតែប៉ុណ្ណោះ​ បច្ចុប្បន្ន​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​រូប​នេះ កំពុង​ធ្លាក់ខ្លួន​ចូល​ក្នុង​រណ្ដៅ​អ​វចី​នៃ​អ្នក​សេព​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ទៀត​ផង ។ នេះ​បើ​តាម​ការ​រៀបរាប់​ដោយ​គ្មាន​ការ​លាក់លៀម​ពី​សំណាក់​ឪពុក​​ម្ដាយ​របស់​អតីត​កីឡាករ​ដ៏​ល្បី​រូប​នេះ​ ។

លោក សាត ថា​ន ជា​ឪពុក​បង្កើត​របស់​អ្នក​ប្រដាល់ ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព ​កាលពី​ព្រឹក​ថ្ងៃ​ទី០​៥ មីនា ថា​ ៖ «​កូនប្រុស​ខ្ញុំ ​(​ពេជ្រ​ប៊ុ​ន​ធឿ​ន​) ​ពិតជា​បាន​បោះបង់​សង្វៀន​ប្រដាល់​មែន​ ក្នុង​រយៈ​ពេល​ប្រហែល​៣​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​ថែម​ទាំង​ធ្លាក់ខ្លួន​ជា​អ្នក​សេព​ថ្នាំ​ញៀន​ទៀត​ផង ។ ខ្ញុំ​និង​គ្រួសារ​ធ្លាប់​បាន​យក​វា​ទៅ​ដាក់​មណ្ឌល​កែប្រែ​ ដើម្បី​បន្សាបថ្នាំ​ញៀន​ចំនួន​៤​លើក​ហើយ​»​ ។ គាត់​និយាយ​ថា ពេល​នេះ
ប៊ុ​ន​ធឿ​ន បាន​ចេញពី​មណ្ឌល​កែប្រែ​ជា​លើក​ចុង​ក្រោយ​​ជាង​កន្លះ​ឆ្នាំ​ហើយ មើលទៅ​​កែប្រែ​ខ្លួន​ល្អ​ប្រសើរ​ជាង​​មុន ។ ឪពុក​ដែល​ឈាន​ចូល​វ័យ​៧០​ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​ថា ពិតមែនតែ​កូន​គាត់កែប្រែ​ខ្លួន​បាន​​ខ្លះ តែ​គេ​នៅ​តែ​ឆក់​ឱកាស​ម្ដងម្កាល​ទៅ​លួច​សេព​ថ្នាំ​ញៀន​ ជាមួយ​មិត្តភក្ដិ​ដដែល ។ ប៉ុន្តែ​ពេល​ខ្លះ ​គេ​ក៏​បាន​ទៅ​ជួយ​ចាប់​ម៉ូយ​តាក់ស៊ី​នៅ​ចំណតរថយន្ត​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង​ដែរ ដើម្បី​បាន​កម្រៃ​ចាយវាយ​ផ្ទាល់ខ្លួន ​។

ឆ្នាំ​នេះ អតីត​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ ពេជ្រ ប៊ុ​ន​ធឿ​ន មាន​អាយុ​៣៥​ឆ្នាំ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​អ្នកស្រី​ ញឹក ចាន់ ដែល​ជា​ម្ដាយបង្កើត ។ អ្នកស្រី​បាន​ប្រាប់​ថា ប៊ុ​ន​ធឿ​ន​មានស្រុក​កំណើត​នៅ​កន្លែង​រស់នៅ​បច្ចុប្បន្ន​នេះឯង គឺ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​ជា​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​ប្រុស​-​ស្រី​ចំនួន​៤​នាក់ ។ អ្នកស្រី​ញឹក ចាន់ វ័យ​៦៦​ឆ្នាំ បាន​បញ្ជាក់​ដែរ​ថា​៖ «​ប៊ុ​ន​ធឿ​ន គឺជា​កូនប្រុស​តែ​ម្នាក់​គត់​របស់ខ្ញុំ​ ក្នុង​ចំណោម​កូន​៤​នាក់​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត តែ​អកុសល​កូនប្រុស ​ជាទី​ស្រឡាញ់​រូប​នេះ បែរ​ជា​ធ្លាក់ខ្លួន​ចូល​ក្នុង​ពិភព​នៃ​អ្នក​សេព​ថ្នាំ​ញៀន​ទៅ​វិញ​»​ ។

អ្នកស្រី​ញឹក ចាន់ ហាក់​អួល​ដើម​.ក​ពេល​និយាយ​អំពី​ប្រវត្តិ​កូនប្រុស​ ដែល​កំពុង​ធ្លាក់​ក្នុង​រណ្ដៅ​អ​វចី​នៃ​គ្រឿងញៀន​នេះ ខណៈ​កិត្តិយស​កូនប្រុស​គាត់​ធ្លាប់តែ​ល្បីល្បាញ​ក្នុង​វិស័យ​កីឡាប្រដាល់ ។ គាត់​បាន​រៀប​រាប់​ថា​៖ «​ខ្ញុំ​មានការ​សោកស្ដាយ និង​រន្ធត់​ខ្លាំង​ណាស់​ នៅ​ពេល​កូន​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​» ។ ប៊ុ​ន​ធឿ​ន ធ្លាប់​​រៀប​ការ​ប្រពន្ធ​ក្នុង​ឆ្នាំ​២០០៣ ​នៅ​រាជធានី​ភ្នំពេញ ដែល​កាលនោះប៊ុ​ន​ធឿ​ន កំពុង​ល្បីល្បាញ​ខ្លាំង​បំផុត​ក្នុង​វិស័យ​កីឡាប្រដាល់ តែ​ជីវិត​អា​ពា​ហ៍ពិពាហ៍​របស់​គេ​ មាន​អាយុ​ត្រឹមតែ​ជាង​១​ខែ​ប៉ុណ្ណោះ ក៏​ដើរ​ដល់​ផ្លូវ​បំបែក ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ។

បើ​តាម​ប្រវត្តិ​ដែល​រៀបរាប់​ដោយ​ក្រុម​គ្រួសារ អ្នក​ប្រដាល់ ពេជ្រ ប៊ុ​ន​ធឿ​ន ជា​គ្រាប់ពូជ​ដែល​បណ្ដុះ​ចេញ
ពី​ក្នុង​ក្លិប​កីឡាប្រដាល់​ «​ពន្លឺ​សាមគ្គី​» ​ដែល​មាន​គ្រូបង្វឹក​ គឺ​លោក សៅ ថិ​ន នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។ ប៊ុ​ន​ធឿ​ន បាន​ចាប់ផ្ដើម​អាជីព​ជា​អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ទាំង​ឪពុក​ម្ដាយ និង​បងប្អូន​មិន​បានដឹង ។ កីឡាករវ័យក្មេង​រូប​នេះ​ បាន​ឡើង​បង្ហាញ​មុខជា​លើក​ដំបូង​នៅ​លើ​សង្វៀន​ប្រដាល់​ចន្លោះ​ឆ្នាំ​១៩៩៧-​១៩៩៨ ។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​របស់​លោក​សាត ថា​ន ដែល​ជា​ឪពុក​បង្កើត ​។

អ្នក​ខេត្តបាត់ដំបង​ ដែល​និយម​វិស័យ​កីឡាប្រដាល់ បាន​ចាប់ផ្ដើម​ស្គាល់​មុខ និង​ក្បាច់​ប្រដាល់​ដ៏​ខ្លាំងក្លា​របស់​អ្នក​ប្រដាល់​រូប​នេះ តាមរយៈ​ការ​ប្រើ​ជង្គង់​និង​កែង​ផ្ដូ​ល​គូប្រកួត​មិន​ឲ្យ​លើស​ពី​ទឹក​ទី​២​ឬ​ទី​៣​ឡើយ ។ ហើយ​រឹតតែ​ល្បី​ខ្លាំង​ទ្វេ​ដង​ទៀត​ នៅ​ពេល​ដែល​កីឡាក​រូប​នេះ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ដល់​ទៅ​២​នាក់​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​​ប៉ុណ្ណោះ ពេល​ឡើង​សង្វៀន​ប្រដាល់​ម្ដង ដែល​មិន​ធ្លាប់​មាន​សោះ​ ក្នុង​ប្រវត្តិសាស្ត្រ​អ្នកកីឡា​ប្រដាល់ ​។ ជាមួយនឹង​ការ​បង្ហាញ​នូវ​កាយវិការ​ផង លោកសាត ថា​ន បាន​រំលឹក​អំពី​ប្រវត្តិ​ខ្លះ​ៗ​របស់​ខ្លួន​លោក​ផ្ទាល់​ថា​៖ «​តាម​ពិត​ ខ្លួន​ខ្ញុំក៏​ជា​អតីត​អ្នក​ប្រដាល់​ដ៏​ខ្លាំង​ម្នាក់​ដែរ ​កាលពី​សម័យ​មុន​តែ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ហាត់​ប្រដាល់​ទេ ព្រោះ​ខ្លាច​មិន​បាន​ដូច​ខ្ញុំ នាំ​ឲ្យ​គេ​វាយ​ធ្វើបាប​»​។ គាត់​និយាយ​ថា ដំបូង​គាត់​មិន​ដឹង​​ថា កូនប្រុស​គាត់​ហាត់​ដាល់​ទេ តែ​នៅ​អំឡុង​​ឆ្នាំ​១៩៩៧​ និង​១៩៩៨ ស្រាប់តែ​គេ​ល្បី​ថា ឃើញ​កូន​គាត់​ឡើង​​ដាល់ ​ហើយ​ផ្ដួល​គូប្រកួត​ជា​ញឹកញាប់ ។ លុះ​ពេល​កូន​គាត់​ឡើង​​ដាល់​លើក​ក្រោយ គាត់​ក៏​ទៅ​មើល​ឃើញ​កូន​គាត់ ​ពិតជា​វាយ​បាន​ល្អ ហើយ​ខ្លាំង​ទៀត ។ ឃើញដូច្នេះ​ គាត់​ក៏​ចាប់ផ្ដើម​លើកទឹកចិត្ត និង​ជួយ​បង្ហាត់បង្រៀន​ក្បាច់​ពិសេស​ៗ​បន្ថែម​ទៀត​ដល់​កូន​ចាប់តាំងពី​ពេល​នោះ​មក​។

dav

អតីត​កីឡាករ​ប្រដាល់​វ័យ​៧០​ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​ថា​៖ «​កូន​ខ្ញុំ​បាន​ឡើង​សង្វៀន​ប្រដាល់​តាំងពី​អាយុ​ក្រោម​២០​ឆ្នាំ​បន្តិច ហើយ​អ្វី​ដែល​ខ្ញុំ​ស្ងើចសរសើរ​កូន​ខ្ញុំ​បំផុត គឺ​នៅ​ពេល​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ឲ្យ​គេ​ឡើង​វាយ​ម្ដង​ដល់​ទៅ​២​លើក ។ ពេល​នោះ​ប៊ុ​ន​ធឿ​ន បាន​ផ្ដួល​គូ​ទី​១​ ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ហើយ​ភ្លាម​នោះ​អាជ្ញាកណ្ដាល​ក៏​បាន​ផ្គូផ្គង​ឲ្យ​ប៊ុ​ន​ធឿ​ន វាយ​ជាមួយ​កីឡាករមួយ​រូប​ទៀត​ភ្លាម​ៗ​ដែរ​»​។ លោក សាត ថា​ន បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ដូច្នេះ​ថា​៖ «​នៅ​ពេល​ត្រូវ​អាជ្ញាកណ្ដាល​រៀបចំ​ឲ្យ​វាយ​គូ​បន្ទាប់ វា​មិន​បាន​ប្រកែក​ទេ ហើយ​វា​ក៏​បាន​ផ្ដូ​ល​គូ​ទី​២​នេះ​ឲ្យ​សន្លប់​បន្ត​ទៀត​នៅ​ទឹក​ទី​២.. ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​នៅ​ពេល​ឃើញ​កូន​ខ្ញុំ​វាយ​ទៅ​លើ​គូប្រកួត​សាហាវ​បែប​នេះ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​សោះ នៅ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​អ្នក​ប្រដាល់​»​។

លោក សាត ថា​ន ក៏​ដូច​អ្នក​និយម​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដទៃ​ទៀត​ដែរ សុទ្ធតែ​បាន​អះអាង និង​ទទួលស្គាល់​ថា ពេជ្រ ប៊ុ​ន​ធឿ​ន ពិតជា​កីឡាករ​ប្រដាល់​ដ៏​ខ្លាំងពូកែ​មែន ។ អ្នកគាំទ្រ​បាន​លើក​សរសើរ​ពី​ក្បាច់​ពិសេស​របស់ ពេជ្រ ប៊ុ​ន​ធឿ​ន​ថា ក្បាច់​ពិសេស​សម្រាប់​ផ្ដួល​គូប្រកួត​របស់ ពេជ្រ ប៊ុ​ន​ធឿ​ន គឺ​«​ជង្គង់​និង​កែង »​។ លោក សាត ថា​នបាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ទទួលស្គាល់​ថា កូនប្រុស​ខ្ញុំ​ពូកែ​ជង្គង់ និង​កែង​នេះ​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មានបទពិសោធន៍​អំពី​ក្បាច់​នេះ គូប្រកួត​អាច​គ្រោះថ្នាក់​បំផុត​នៅ​ពេល​ចូល​វាយ​កៀក​»​។លោក​បញ្ជាក់​ដែរ​ថា ប៊ុ​ន​ធឿ​ន ធ្លាប់​ទទួល​ពានរង្វាន់​លើក​ដំបូង​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​១៩៩៩ ក្រោយមក​វាយ​ដណ្ដើម​បាន​ខ្សែក្រវាត់​M150 នៅ​ស្ថានីយទូរទស្សន៍ និង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ជា​បន្តបន្ទាប់​ទៀត​។

ត្រឡប់​មក​និយាយ​អំពី​បច្ចុប្បន្នភាព នៃ​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ ពេជ្រ ប៊ុ​ន​ធឿ​នរូប​នេះ​វិញ បើ​តាម​អ្នកស្រី​ញឹក ចាន់ ដែល​ជា​ម្ដាយ​កីឡាករ​រូប​នេះ បាន​រៀបរាប់​ថា ស្រប​ពេល​ដែល ប៊ុ​ន​ធឿ​ន កំពុង​តែ​ស្ថិត​ក្នុង​ភាព​ល្បីល្បាញ ស្រាប់តែ​គេ​ត្រូវ​បោះបង់​សង្វៀន​ទៅ​វិញ ដោយសារ​ការ​សេពគប់​ជាមួយ​មិត្តភក្ដិ​ដែល​ប្រព្រឹត្ត​គ្រឿងញៀន ។ អ្នកស្រី​បាន​ប្រាប់​ថា កូនប្រុស​រូប​នេះ​បាន​ចាប់ផ្ដើម​រយាល​ពី​សង្វៀនប្រដាល់​ក្នុង​អំឡុង​ឆ្នាំ​២០១៥ តែ​នៅ​មាន​គេ​ហៅ​ទៅ​ប្រកួត​ម្ដងម្កាល​ដែរ លុះ​ក្រោយមក​ក៏​បោះបង់​តែ​ម្ដង ។អ្នកស្រី​ញឹក ចាន់ បាន​បញ្ជាក់​ថា សព្វថ្ងៃ​គាត់​ទទួលស្គាល់​ថា ប៊ុ​ន​ធឿ​ន ពិតជា​ប្រព្រឹត្ត​ថ្នាំ​ញៀន​មែន ។ គេ​តែង​បង្ក​ហិង្សា​នៅ​ក្នុងផ្ទះ​ពេល​គ្មាន​ថ្នាំ​ញៀន តែ​គេ​មិន​ដែល​បង្ក​បញ្ហា​ជាមួយ​មនុស្ស​ក្រៅ​ផ្ទះ​ទេ ។ អ្នកស្រី​បាន​បន្ត​ថា គាត់​ធ្លាប់​បាន​បញ្ជូន​កូនប្រុស​រូប​នេះ​ទៅ​មណ្ឌល​កែប្រែ​ចំនួន​៤​លើក​ហើយ តែ​ពេល​ត្រឡប់​មក​វិញ​លើក​ចុង​ក្រោយ​នេះ ប៊ុ​ន​ធឿ​ន ហាក់​មានការ​កែប្រែ​ប្រសើរ​ជាង​មុន ។ អ្នកស្រី​និយាយ​ថា ពេល​ខ្លះ​គេ​បាន​ទៅ​ស៊ីឈ្នួល​ចាប់​ម៉ូយ​តាក់ស៊ី​នៅ​ចំណតរថយន្ត​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង ដើម្បី​រក​កម្រៃ​ចាយ​ផ្ទាល់ខ្លួន ។ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ហៅ​ប៊ុ​ន​ធឿ​ន ឲ្យ​ទៅ​ជួយ​ធ្វើ​«​អា​ប៊ីត ជា​អ្នក​ផ្សព្វផ្សាយ ឬ​ជា​អ្នក​ជួយ​រៀបចំ​កម្មវិធី​ប្រដាល់​»​ផង​ដែរ​។

ជុំវិញ​ការ​បរិយាយ​អំពី​ប្រវត្តិ​ខ្លះ​ៗ​របស់​លោក ពេជ្រ ប៊ុ​ន​ធឿ​ន អតីត​អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ល្បី​រូប​នេះ កោះសន្តិភាព បាន​ព្យាយាម​ជា​ច្រើន​ថ្ងៃ​ដើម្បី​ស្វែងរក​ធ្វើ​បទសម្ភាសន៍​ដោយ​ផ្ទាល់ តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ដោយសារ​តែ​អ្នក​ប្រដាល់​រូប​នេះ​មិន​ស្ថិត​នៅ​គោលដៅ​ណាមួយ​ច្បាស់លាស់ សូ​ម្បី​តែ​ក្រុម
គ្រួសារ​ក៏​ពិបាក​នឹង​ស្វែងរក​ដែរ ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក សាត ថា​ន និង​ភរិយាគឺ​អ្នកស្រី​ញឹក ចាន់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពិតមែន​តែ​កូន​គាត់​ហាក់​មានការ​កែប្រែ​ល្អ​ជាងមុន តែ​គេ​នៅ​តែ​អាច​ឆ្មក់​ទៅ​សេព​ថ្នាំ​ញៀន​ម្ដងម្កាល​ជាមួយ​មិត្តភក្ដិ​ដដែល ។ ប៉ុន្តែ​មួយ​រយៈ​នេះ​កូនប្រុស​គាត់​បាន​ទទូច​សុំ​ឲ្យ​គាត់​បង្កើត​ក្លិប​តូច​មួយ ដើម្បី​បង្ហាត់បង្រៀន​សិស្ស តែ​គាត់​គ្មាន​លទ្ធភាព​។ ដូច្នេះ​តាម​រយៈ​កោះសន្តិភាព លោក សាត ថា​ន និង​ភរិយា បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ក្ដី សហព័ន្ធ​កីឡា​កម្ពុជា​ក្ដី ឬ​តាម​បណ្ដា​ក្លិប​កីឡា​នានា​ក្ដី សូម​មេត្តា​ជួយ​ជ្រោមជ្រែង ឬ​ធ្វើ​បែប​ណា​ដើម្បី​ជួយ​ឲ្យ​កូនប្រុស​គាត់​បោះបង់​ថ្នាំ​ញៀន​នេះ​ផង ។ គ្រួសារ​គាត់​ជឿ​ថា កូនប្រុស​រូប​នេះ​មិន​មាន​សមត្ថភាព​ឡើង​សង្វៀន​ប្រកួតបាន​ទៀត​ទេ តែ​គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កូនប្រុស​គាត់​(​ពេជ្រ ប៊ុ​ន​ធឿ​ន​) អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាត់បង្រៀនសិស្ស​៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ