ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ណាខ្លះ​ដែល​កំពុង​មាន​ឥទ្ធិពល​ក្នុង​វិស័យ​កីឡា​កម្ពុជា?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មក​ទល់​ពេល​នេះ​វត្តមាន​របស់​អតីត​អត្ត​ព​លិ​ក​ជម្រើស​ជាតិ​មួយ​​ចំនួន​បាន​លាឈប់​ពី​ការ​ប្រកួត​ក៏​ដោយ ក៏​គេ​នៅ​តែ​មើលឃើញ​ថា សមាសភាព កីឡាករ​-​កីឡាការិនី​ល្បី​ៗ៦​រូប​ខាងក្រោម​នៅ​តែ​ជា​តំណាង​ឱ្យ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​បរទេស​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​កីឡា​កម្ពុជា។ វត្តមាន​កីឡាករ​-​កីឡាការិនី​ទាំងនេះ បាន​សាង​ស្នាដៃ​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ បើ​ទោះ​ជា​អ្នកខ្លះ​មិន​ទទួល​បាន​មេដាយ​យ៉ាងណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មក​ទល់​ពេល​នេះ​វត្តមាន​របស់​អតីត​អត្ត​ព​លិ​ក​ជម្រើស​ជាតិ​មួយ​​ចំនួន​បាន​លាឈប់​ពី​ការ​ប្រកួត​ក៏​ដោយ ក៏​គេ​នៅ​តែ​មើលឃើញ​ថា សមាសភាព
កីឡាករ​-​កីឡាការិនី​ល្បី​ៗ៦​រូប​ខាងក្រោម​នៅ​តែ​ជា​តំណាង​ឱ្យ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​បរទេស​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​កីឡា​កម្ពុជា។

វត្តមាន​កីឡាករ​-​កីឡាការិនី​ទាំងនេះ បាន​សាង​ស្នាដៃ​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ បើ​ទោះ​ជា​អ្នកខ្លះ​មិន​ទទួល​បាន​មេដាយ​យ៉ាងណា​ក៏​ដោយ ។ ថ្វី​ដ្បិតតែ​ក្នុង​ចំណោម​ពួក​គេ​ក៏​មាន​ការ​រិះគន់​ថា​អ្នកខ្លះ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស​ដដែល​ៗ ព្រោះតែ​មាន​ខ្សែ​ទុយោ ក៏​គេ​នៅ​តែ​មើលឃើញ​ថា មាន​តែ​សមាសភាព​កីឡាករ​-​កីឡាការិនី​ទាំងនោះ​ប៉ុណ្ណោះ ដែល​បាន​លើក​ទង់ជាតិ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដដែល រហូត​ធ្វើ​ឱ្យ​គេ​ឃើញ​មុខ និង​ឈ្មោះ​កីឡាករ​-កីឡាការិនី​ទាំងនោះ គឺ​គេ​ស្គាល់​ពី​កម្ពុជា​កាន់​តែ​ច្បាស់ ។

កីឡាករ​-​កីឡាការិនី​ទាំងនោះ ត្រូវ​គេ​ឱ្យ​ចំណាត់ថ្នាក់​ជា​Super Star ដែល​មាន​ឥទ្ធិពល​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា គិត​មក​ទល់​នឹង​ពេល​នេះ​ផង ។

+ ស៊ន សៀវ​ម៉ី ៖ នាង​គឺជា Super Star ដែល​មាន​សក្ដានុពល​លំដាប់​ប្រទេស​តែ​ម្ដង ដោយ​​ក្នុង​វិស័យ​តេ​ក្វា​ន់​ដូ គឺ​មាន​តែ​នាង​ម្នាក់​គត់​ដែល​បាន​ជួយ​ឱ្យ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។ ក្នុង​រយៈពេល​ចុង​ក្រោយ នាង​បាន​ជួយ​ឱ្យ​គេ​កាន់តែ​ស្គាល់​កម្ពុជា​ទ្វេ​ដង ជា​ពិសេស​គឺ​កូរ៉េ និង​ប្រទេស​ជា​ដៃ​គូ​តែ​ម្ដង រហូត​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ​ផ្ដល់​អាហា​រូបករណ៍​ឱ្យ​នាង​ហ្វឹកហាត់​រយៈពេល​យូរ​ៗ​មុន​ពេល​នាង​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ម្ដង​ៗ ។ ភាព​ល្បីល្បាញ​របស់​នាង បាន​ជួយ​ឱ្យ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា មានការ​ចាប់​អារម្មណ៍​ចុះ​ជួយ​ពី​អន្តរ​ជាតិ​​ច្រើន​ឡើង ធ្វើ​ឱ្យ​វិស័យ​នេះ​ដើរ​លឿន​គួរ​ឱ្យ​កត់សម្គាល់​នា​ពេល​ចុង​ក្រោយ ។

ជាក់ស្ដែង ក្រោយ​ពី​ដណ្ដើម​បាន​មេដាយមាស​ពី​កីឡា​អាស៊ី​កាលពី​ឆ្នាំ​២០១៤ បាន​ជួយ​ឱ្យ​កីឡាការិនី​រូប​នេះ​ល្បីល្បាញ​យ៉ាង​ខ្លាំង ហើយ​ក៏​ជួយ​ឱ្យ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ខ្ទរខ្ទារ​កេរ្តិ៍ឈ្មោះ​ណាស់​ដែរ ដោយសារ​តែ​ស្នាដៃ​ដែល​នាង​ធ្វើ​បាន ។ ស្របគ្នា​ដែល​នាង ទើប​តែ​ទទួល​បាន​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មុន​នេះ​ផង​ទើប​ធ្វើ​ឱ្យ​​នាង​នៅ​តែ​ឈរជើង​ជា​Super Star គ្មាន​គូ​ប្រៀប​សម្រាប់​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ បើ​ទោះ​ជា​ក្នុង​ពេល​នេះ​ក៏​មាន​កីឡាករ និង​កីឡាការិនី​មួយ​ចំនួន​កំពុង​តែ​លេចធ្លោ​ប្រចាំ​សហ​ព័ន្ធ​មួយ​នេះ​ក្ដី ។ នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក នាង​ក៏​មាន​ហ្វេ​ន​គាំទ្រ​ជា​ជនជាតិ​បរទេស​ច្រើន​ដែរ ដែល​តាម​ការ​អះអាង​ថា បើ​នាង​ចង់​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​គឺ​មិន​ពិបាក​នោះ​ទេ ដោយសារ​តែ​ស្នាដៃ​ដែល​នាង​បាន​សាង​កន្លង​មក​។

+ ចាន់ វឌ្ឍនាកា ៖ តារាបាល់ទាត់​រូប​នេះ​ក៏ជា ​Super Stars តំណាង​ប្រទេស​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ ជា​ពិស​ស​ចាប់តាំងពី​លោក​ត្រូវ​បាន​គេ​ទិញ​ឱ្យទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​មុន ។ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​នេះ​ធ្វើ​ឱ្យ​មានការ​ទទួល​ស្គាល់​​ពី​កីឡាបាល់ទាត់​នៅ​កម្ពុជា​តែ​ម្ដង ដោយ​មិន​ត្រឹមតែ​បណ្ដាញសារព័ត៌មាន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​សូ​ម្បី​តែ​នៅ​ក្រៅ​ស្រុក​ក៏​ផ្សាយ​ពី​លោក​ដែល​នាំ​ឱ្យ​គេ​ស្គាល់​កម្ពុជា​ក្នុង​វិស័យ​កីឡា​មិនធម្មតា​ផង​ដែរ ។

លោក​កំពុង​ជាប់​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ជាមួយ​កីឡាករ​កម្ពុ​ជាមួយ​ចំនួន​ទៀត ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា លោក​គឺជា​Super Stars បាល់ទាត់​ដ៏​មាន​សក្ដានុពល​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​កម្ពុជា​ជាងគេ​។

+ កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ ៖ កីឡាការិនី​ទាំង​ពីរ​បាន​ជាប់​ឈ្មោះ​ជា​Super Star​កីឡា​ប៉េតុង​ក្រោយ​ពី​អ្នកស្រី កែ ឡេ​ង ដណ្ដើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ផ្ទួន​ៗ ទើប​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​លោត​ឡើង ។ បន្ទាប់​មក កីឡាការិនី អ៊ុ​ក ស្រី​មុំ ក៏​ធ្វើ​ឱ្យ​កីឡា​នេះ​កាន់តែ​ល្បី​ខ្ទរខ្ទារ​ដែល​នាំ​ឱ្យ​គេ​ស្គាល់​កម្ពុជា​ច្រើន​ឡើង​ដែរ ជា​ពិសេស​គឺ​ទទួលស្គាល់​កីឡា​ប៉េតង់​កម្ពុជា​ថា​មានការ​រីក​ចម្រើន​មិនធម្មតា ។

មកទល់​ពេល​នេះ ឱ្យ​តែ​គេ​នឹក​ដល់​កីឡា​ប៉េតង់ គឺ​គេ​នឹក​ដល់​កីឡាការិនី​ទាំង​២​រូប​នេះ​ភ្លាម​ដោយ​អាច​និយាយ​បាន​ថា អ្នកស្រី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ គឺជា​ដៃគូ​ដ៏​ខ្លាំង​នៅ​ក្នុង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ដែល​ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា​នៅ​គ្រប់ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​សម្រាប់​ប្រភេទ​កីឡា​នេះ​ផង ។ យ៉ាងណាមិញ ក៏​មានការ​បារម្ភ​ផង​ដែរ ថា​តើ​ក្រោយ​ពី Super Stars ទាំង​ពីរ​លាឈប់​ពី​ការ​ប្រកួត តើ​នឹង​មាន​វត្តមាន​កីឡាករ​-​កីឡា​ការិនី​រូប​ណា ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ល្បីល្បាញ​ថែម​ទៀត​ខាង​ផ្នែក​កីឡា​ប៉េតង់​នេះ​។

+ ឃុន ឌី​ម៉ា ៖ ដ្បិតថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ឃុន ឌី​ម៉ា មិនមែន​ជា​កីឡាករ​ល្បី​លោត​ខ្លាំង​​ជាងគេ​ជាង​ឯង ប៉ុន្តែ​សម្រាប់​ក្រៅប្រទេស​គេ​ស្គាល់​កីឡាករ​រូប​នេះ​ច្រើន ដោយសារ​តែ​លោក​ធ្លាប់​សាង​ស្នាដៃ​រាប់​មិន​អស់​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ច្រើន​ជាងគេ​នៅ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង One FC ។

លោក​គឺជា​កីឡាករ​នាំមុខ​គេ​ដែល​តំណាង​ឱ្យ​កម្ពុជា​ចូល​ប្រកួត​ហើយ​បណ្ដាញ​សារ​ព័ត៌​មាន​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ធ្វើ​ឱ្យ​គេ​កាន់តែ​ស្គាល់​កីឡាករ​កម្ពុជា​រូប​នេះ​។

លោក​កាន់តែ​ល្បី​ថែម​ទៀត បន្ទាប់​ពី​បាន​ឈ្នះ​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ផ្នែក​ប្រដាល់​សាកល​មុន​នេះ ដោយ​ក្នុង​ពេល​នេះ សូ​ម្បី​តែ​គេ​ឃើញ​ឈ្មោះ ឃុន ឌី​ម៉ា ដែល​មានឈ្មោះ​ក្នុងស្រុក​ថា ឃី​ម ឌី​ម៉ា គឺ​ស្គាល់​ដល់​វិស័យ​ប្រដាល់​កម្ពុជា​នោះ​ផង​ទាំង​ប្រដាល់​ដាក់​ទ្រុង និង​ប្រដាល់​សាកល ។

យ៉ាងណាមិញ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនមែន​មាន​តែ​លោក​នោះ​ទេ ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ ដោយ​គ្រាន់តែ​លោក​ទទួល​បាន​ភាព​លេចធ្លោ​ជាង ដោយ​សារ​តែ​បាន​ហក់​ចូល​ប្រដាល់​ដាក់​ទ្រុង​អន្តរជាតិ​នាំមុខ​គេ ហើយ​ធ្វើ​ឱ្យ​លោក​ត្រូវ​បាន​គេ​ផ្សាយ​ដល់​ថ្នាក់​ខ្ទរខ្ទារ​លើ​បណ្ដាញសារព័ត៌មាន​និយាយ​ពី​កម្ពុជា ដែល​ផ្ទុយ​ពី​កីឡាករ​ក្រោយ​ៗ​ដែល​មានមុខ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​រាប់​មិន​អស់​ដូច​គ្នា ប៉ុន្តែ​មិន​មានការ​ចាប់
អារម្មណ៍​ដូច​លោក​។

+ ហែម​ថុ​ន វិ​ទិ​នី ៖ ដ្បិតថា​មិន​ទាន់​មាន​មេដាយ​អន្តរជាតិ​ពី​ការ​ប្រកួត​ហែល​ទឹក ប៉ុន្តែ​ការ​បង្ហាញ​វត្តមាន​ចេញ​ប្រកួត​ក្រៅប្រទេស​ច្រើន​ឆ្នាំ​ដដែល​ៗ បាន​ជួយ​ឱ្យ​នាង​ក្លាយជា​កីឡា​ការិនី​មួយ​រូបតំណាង​ឱ្យ​កម្ពុជា ដែល​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​គេ​ស្គាល់​កម្ពុជា​ផង​ដែរ ។

នាង​គឺជា​Super Star ក្នុង​វិស័យ​ហែល​ទឹកជា​យូរ​មក​ហើយ ខណៈ​ដែល​ការ​សាង​កេរ្តិ៍ឈ្មោះ​កន្លង​មក ក៏​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡាហែលទឹក​ត្រូវ​អន្តរជាតិ​ស្គាល់​ច្រើន ដោយសារ​តែ​នាង​ផង​ដែរ​។

+ សម ថា​រ័​ត្ន ៖ នាង​រឹតតែ​ជា​អត្ត​សញ្ញាណ​របស់​កម្ពុជា​ដែល​មិន​អាច​បំភ្លេច​បាន ដោយ​សារ​តែ​នាង​គឺជា​កីឡាការិនី​ផ្នែក​ល្បុ​ក្ក​តោ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ហើយ​មានឱកាស​តំណាង​​ប្រទេស​ច្រើន​លើក​ចេញ​បង្ហាញ​សមត្ថភាព​នៅ​ក្រៅប្រទេស ។ នាង​ល្បី​លើ​ឆាក​អន្តរជាតិ​រហូត​ដល់​ថ្នាក់​ផលិតករ​អ្នក​នាង​អែន​ជេ​លី​ណា ជូ​លី ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួអង្គ​ធំ​ក្នុង​រឿង​«​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​ដោយសារ​តែ​ក្នុង​វិស័យ​អ្នកចេះ​កីឡា​ល្បុក្កតោ គឺ​នាង​អាច​ចាត់​ទុក​ថា​ជា​Super Star ឬ​ជា​តំណាង​ប្រទេស​ដ៏​សំខាន់​ម្នាក់​។

មក​ទល់​ពេល​នេះ នាង​នៅ​តែ​កាន់​តំណែង​ជា ​Super Star ក្នុង​ប្រភេទ​កីឡា​ល្បុក្កតោ បើ​ទោះជា​កីឡា​មួយ​នេះ​ហាក់​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដូច​កាលពី​ចេញ​មុខ​ដំបូង​ៗ ដែល​ជា​រឿយ​ៗ​គឺ​ឧស្សាហ៍​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ប្រកួត ឬ​ទៅ​សម្ដែង​ក្បាច់គុន​នៅ​ក្រៅប្រទេស​នោះ​។

ក្រៅពី​សមាសភាព​កីឡាករ​-​កីឡាការិនី​ខាងលើ Super Stars ប្រចាំ​ប្រទេស​ផ្សេង​ទៀត ក៏​ជា​អត្តសញ្ញាណ​របស់​កម្ពុជា​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ដោយ​គ្រាន់តែ​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​​នៅ​ទាប​ជាង Super Stars ខាងលើ​។ យ៉ាងណាមិញ គេ​នៅ​តែ​មើលឃើញ​ថា កេរ្តិ៍
ឈ្មោះ​កីឡាករ​-​កីឡាការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​បាន​បង្ហាញ​សមត្ថភាព និង​ឥទ្ធិពល​ធ្វើ​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​ពី​ការ​រីក​ចម្រើន​វិស័យ​កីឡា​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ