ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​នឹង​ជួប​ពិ​ភា​ក្សា​ទេ្វ​ភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែមីនា​នេះ​ថា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែមីនា​នេះ​ថា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ទីកន្លែង​ដែល​សម្តេច​នឹង​មាន​កិច្ច​ពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Bligh Turnbull​។

​ថ្លែង​នៅ​ឯ​កម្មវិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​១​ម៉ឺន​នាក់ នៅ​​ខេត្តកណ្តាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ស​ម្តេច​នឹង​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេសអាស៊ាន​-​អូស្ត្រាលី រវាង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រមុខ​​ដឹកនាំ​អាស៊ាន នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី ១៥ ខែមីនា ឆ្នាំ​២០១៨ ។

​ស​ម្តេ​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​ហើយ​តាម​កម្មវិធី​គ្រោងទុក បើ​គ្មាន​ការ​ប្រែប្រួល​អី​ទេ ម៉ោង ១និង​៣០​នាទី ដល់​ម៉ោង ២និង​១៥​នាទី​រសៀល គឺ​រយៈ​ពេល ៤៥ នាទី ជា​ការ​សន្ទនា​ទ្វេភាគី​រវាង​ខ្ញុំ​នឹង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​​ការ​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​» ។ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​គ្រោង​​នឹង​ជួបជុំ​ជាមួយនឹង​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ពេល​មាន​វត្ត​មាននៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។

​ប្រទេស​អូស្ត្រាលី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​នៅ​ថ្ងៃ​ទី ១៧-១៨ ខែ​មីនា ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ី​ដ​នី កិច្ចប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក​នាយក​​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Bligh Turnbull ដោយ​ផ្តោត​លើ​ការ​លើក​កំពស់​សន្តិសុខ​និង​វិបុលភាព​ក្នុង​តំបន់​។ នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​ប្រទេស​អូស្ត្រាលី​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​​ទាំង ១០ ប្រទេស​។ កិច្ចប្រជុំ​កំពូល​ខាង​មុខ​នេះ ក៏​មាន​ជា​វេទិកា​តុមូល (CEO Forum) ដែល​មាន​អ្នកជំនួញ​ប្រមាណ​ជាង ៦០​នាក់​ មក​ពី​អាស៊ី​អាគ្នេយ៍​ចូលរួម​ជជែក​ពិភាក្សា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល (digital trade), ក៏​ដូច​ជា​វិស័យ​ទេសចរណ៍ កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម (Business Submit) និង​សន្និសីទ​ប្រឆាំង​ភេរវកម្ម (Counter-terrorism conference)​។

​អ្នកនាំពាក្យ​មួយ​រូប​ក្រុមការងារ​ពិសេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN special summit taskforce) បានឱ្យ​ដឹង​ថា អូស្ត្រាលី​បាន​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ហើយ​ទំនាក់ទំនង​ទ្វេភាគី​របស់​អូស្ត្រាលី ​គឺ​ល្អ​ខ្លាំង​ណាស់ ជា​មួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។ លោក​បាន​បន្ត​ថា ​មុន​ឈាន​ដល់​កិច្ចប្រជុំ​កំពូល​ពិសេស AUSTRAC នឹង​ដំណើរការ​ជា​លើក​ដំបូង​អាស៊ាន – អូស្ត្រាលី Codeathon ដើម្បី​បង្កើន​កិច្ចសហការ​រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ (FIUs) ធនា​គារ​​អភិវឌ្ឍន៍​ និង​ដៃគូ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​​អំពើ​ហិង្សា​និង​បង្កើន​សន្តិសុខ​តាម​អ៊ីនធឺណិត​។

​អ្នកនាំពាក្យ​មួយ​រូប​ក្រុមការងារ​ពិសេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដដែល​បាន​បន្ថែម​ថា​៖ «​អូស្ត្រាលី​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អាស៊ាន​។ ជាមួយ​អាស៊ាន យើង​ជា​ដៃគូ​សន្ទនា​ដំបូង​គេ​បង្អស់​ជាមួយ​អាស៊ាន ហើយ​យើង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​ភាព​ជា​ដៃគូ​ដ៏​សំខាន់​របស់​អាស៊ាន​ក្នុង​សម្រាប់​វិស័យ​ជា​ច្រើន តាម​រយៈ​ការ​ចែក​រំលែក​លើ​ការងារ​សន្តិសុខ​ក្នុង​តំបន់​ ក៏​ដូច​ជា​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​អាច​ខ្វះ​បាន​»​។


លោក​បាន​បន្ត​ថា កិច្ចប្រជុំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ១៧-១៨ ខែមីនា​នេះ មិនមែន​ជា​ផ្នែក​​មួយ​នៃ​ការ​កិច្ចប្រជុំ​រវាង​អាស៊ាន​-​អូស្ត្រាលី​ដែល​បាន​ធ្វើ​ឡើងជា​ទៀងទាត់​នោះ​ទេ «ប៉ុន្តែ​វា​ជា​កិច្ចប្រជុំ​កំពូល​ពិសេស​មួយ​ដែល​ផ្តួចផ្តើម​គំនិត​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ទៅ​កាន់​សម​ភាគី​របស់​គាត់​ដែល​ជា​មេដឹកនាំ​អាស៊ាន ដើម្បី​មក​កាន់​ប្រទេស​អូស្ត្រាលី ជួប​ប្រជុំ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា ក៏​ដូច​ជា​ការ​ចែក​រំលែក​​នូវ​គំនិត​យោបល់ ស្តី​ពី​អនាគត​នៃ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​អាស៊ាន និង​ដើម្បី​​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​បង្កើត​គំនិត​ដែល​នឹង​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​នា​ពេល​អនាគត​»​។

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​អាស៊ាន ដែល​ជា​ស្ថាប័ន​មួយ​ ​ហើយ​ហេតុ​អ្វី​អាស៊ាន​សំខាន់​សម្រាប់​ប្រទេស​អូស្ត្រាលី ។ ហើយ​មូលហេតុ​ គឺ​ធម្មតា​​បំផុត នោះ​គឺ​អាស៊ាន​បាន​បង្ហាញខ្លួន​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​ជាមួយ​ភាពរឹងមាំ​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

​អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​៖ «​អាស៊ាន​បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង ហើយ​អាស៊ាន​មាន​សុខុម​​នី​យ​កម្ម សន្តិភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ ហើយ​សម្រេច​បាន​នូវ​ភាព​រីក​ចំរើន​កំណើនសេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​។ ខ្ញុំ​សូម​ឆ្លុះ​បញ្ចាំង​រឿង​ពិត​មួយ ដែល​ថា ​ចាប់ពី​ពេល​​ដែល​យើង​ក្លាយជា​ដៃគូ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ មក ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​ និង​អាស៊ាន​​បាន​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ដោយសារ​ហេតុផល​ទាំង​នេះ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ចង់ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​របៀប​​ដែល​ប្រទេស​អូស្ត្រាលី​អាច​ទទួល​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ និង​សន្តិសុខ​ពី​អាស៊ាន​។ ជា​ពិសេស​គឺ​ពង្រឹង​ពី​របៀប​ធ្វើការ​ជាមួយ​គ្នា ដែល​យើង​អាច​បង្កើន​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ