ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន ៖ ការ​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​ដល់​អុ្ន​ក​ប្រមាថ ព្រះ​មហា​ក្ស គឺជា​ការ​មិន​ត្រឹមត្រូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ការ​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​ដល់​អុ្ន​ក​ប្រមាថ ព្រះ​មហា​ក្ស គឺជា​ការ​មិន​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ការ​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​ដល់​អុ្ន​ក​ប្រមាថ ព្រះ​មហា​ក្ស គឺជា​ការ​មិន​ត្រឹមត្រូវ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ទាប់​ពី​លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​នៅ​ក្នុង​ជំនួប​ជាមួយ លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាល​ពេល​ថ្ងៃ​ទី​0៦ ខែមីនា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​0៧ ខែមីនា ឆ្នាំ​២០១៨ ថា ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​របប​នយោបាយ​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​មាន​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​បំពារបំពាន​បាន​ឡើយ ។ ដូច្នេះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ ព្រះមហាក្សត្រ គឺជា​សំណូមពរ​ចាំបាច់ ដើម្បី​ការពារ​ព្រះ​កិត្តិនាម និង​ព្រះ​ចេស្តា នៃ​ព្រះមហាក្សត្រ ដែល​ជាទី​គោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ។

លោក​បញ្ជាក់​ថា «​ការ​ព្រួយបារម្ភ និង​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ ព្រះមហាក្សត្រ គឺ ជា​ការ​ចង់​ទុក​ឱកាស​ឲ្យ​ជន​អគតិ​ប្រមាថ ព្រះមហាក្សត្រ ។ ជា​ការ​ប្រមាថ​ប្រជាជន​កម្ពុជា​ទាំង​ជាង​១៥​លាន​នាក់ ។ ជា​ការ​ប្រមាថ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ជា​ការ​លំ​លោភ​ឯករាជ្យ និង​អធិបតេយ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

លោក​បន្ថែម​ថា ទោះ​មានការ​ព្រួយបារម្ភ ឬ​មិន​ព្រួយបារម្ភ​យ៉ាងណា ក៏​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ ព្រះមហាក្សត្រ គឺជា​សិទ្ធិ​ស្របច្បាប់ នៃ​ស្ថាបន​នីតិបញ្ញត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​តាម​នីតិវិធី​ជា​ធរមាន គ្មាន​ជន​ណា​អាច​រារាំង​បានជា​ដាច់ខាត ។ ការ​ប្រមាថ​ព្រះមហាក្សត្រ មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ ។

ក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ស​ម្តេ​ង​ការ​ព្រួយបារម្ភ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ដាក់ទោស​ដល់​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ទៅ​ផ្ទាល់ ឬ​ប្រយោល​ក្តី ។ យ៉ាងណា​ក្តី លោក ជិន ម៉ា​លី​ន បាន​អះអាង​ថា ការ​ព្រួយបារម្ភ​នេះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រីក្រសួង​តុ​ត្តិ​ធម៌​ក៏​ដូច​ជា​ក្រុមការងារ​កំណែទម្រង់​វិសោធនកម្ម​ច្បាប់ បាន​ធ្វើការ​ពន្យល់​រួច​ហើយ ប៉ុន្តែ​មិនដឹង​គាត់​ទទួលយក​បាន​ប៉ុន្មាន​នោះ​ទេ ។

សូម​ជម្រាប​ថា កាល​ខែកុម្ភៈ​កន្លង​មកនេះ រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ជា​ស្ថា​រ​ពរួច​ហើយ សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្ម​មាន​៥​មាត្រា ធ្វើ​ឡើង​ដើម្បី​រក្សាសុខ​សន្តិភាព ប្រទេស​ជាតិ និង​ដើម្បី​លើក​ស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អ​ធិ​តេ​យ្យ​ជាតិ និង​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី​លើក​ស្ទួយ​ការ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ។ ចំណែក​ក្រមព្រហ្មទណ្ឌ ដែល​មាន​ខ្លឹមសារ​ជា​រួម​ថា ការ​ប្រមាថ​ចំពោះ អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល ។ ចំពោះ​នី​តី​បុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់​១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន​ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់​ព័​ន្ទ​នឹង​ការ​ប្រ មា​ថ​ចំពោះ អង្គ​ព្រះមហាក្សត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ