ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ចក្រី ប្រធានរដ្ឋសភា ជំរុញ​បុរស​ៗ​ផ្តល់​កិត្តិយស​ដល់​ស្នាដៃ​ស្ត្រី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជំរុញ​បុរស​ៗ​ផ្តល់​កិត្តិយស​ដល់​ស្នាដៃ​ស្ត្រី និង​លើកតម្កើង​តម្លៃ​ឋានៈ​តួនាទី និង​សិទ្ធិ​ស្ត្រី ក្នុង​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ជំរុញ​បុរស​ៗ​ផ្តល់​កិត្តិយស​ដល់​ស្នាដៃ​ស្ត្រី និង​លើកតម្កើង​តម្លៃ​ឋានៈ​តួនាទី និង​សិទ្ធិ​ស្ត្រី ក្នុង​សង្គម ។ ការ​ជំរុញ​របស់​សម្តេច​ចក្រី ហេង សំ​រិ​ន ធ្វើ​ឡើង​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​ស្ត្រី មក​ពី​ស្ថាបន​រដ្ឋ​អង្គការ និង​វិស័យ​ឯកជន​ទៀត ដើម្បី​លើកកម្ពស់​តម្លៃ​ស្ត្រី អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ ខួប​ទី​១០៧ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​”​។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ស្ត្រី​ដែល​មក​ពី​ស្ថាបន​ផ្សេង​ៗ​គ្នា ដែល​ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នេះ សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា ថ្ងៃ​ទី​០៨ ខែមីនា គឺជា​ទិវា​ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់​គ្នា ជា​ពិសេស​បុរស​ត្រូវ​តែ​បន្ត​ជំរុញ និង​លើកតម្កើង​នូវ​តម្លៃ​ឋានៈ តួនាទី និង​សិទ្ធិ​របស់​ស្ត្រី​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ និង​ថ្លៃថ្លា​ថែម​ទៀត ។

សម្តេច​បាន​គូសបញ្ជាក់​បន្ត​ថា ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្តេច​សូម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ការពារ និង​លើក​ស្ទួយ​នូវ​តម្លៃ ឋានៈ តួនាទី សិទ្ធិ និង​ជីវភាព​របស់​ស្ត្រី ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ផែនការ​សកម្មភាព នៃ​ទីក្រុង​ប៉េ​កាំ​ង ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​សន្និសីទ ស្ត្រី​ពិភពលោក​លើក​ទី​៤ ឆ្នាំ​១៩៩៥ គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍ និង​សេចក្តីសម្រេច លើក​ទី​៨ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តី​ពី “ ស្ត្រី សុខ​សន្តិភាព និង សន្តិសុខ​”​។

សម្តេច​បាន​គូសបញ្ជាក់​ថា «​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​គោលនយោបាយ​ស្តី​ពី​ការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី និង​សមភាព​យេ​ន​ឌ័​រ ។ រាជរដ្ឋាភិបាល​កម្ពុជា មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើកកម្ពស់​តួនាទី​ស្ត្រី ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ក្នុង​វិស័យ​សាធារណៈ នៅ​គ្រប់​កម្រិត តាម​រយៈ​គោលនយោបាយ​ជាតិ​នានា ក្នុង​នោះ​មាន​យុទ្ធសាស្ត្រ​ចតុកោណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ប​ច្ចុ​ប្ប ន្ន​កម្ម និង​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​ស្ត្រី​នារីរតនៈ​ជាដើម​» ។

សម្តេច​បាន​ស​ង្គ​ត់​ធ្ងន់​ថា «​ការ​ជ្រើស​យក​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អ ភិ​វ​ឌ្ឍ​ជាតិ​”​សម្រាប់​ទិវា ៨ មីនា ឆ្នាំ​២០១៨ នេះ ពិតជា​មាន​សារៈសំខាន់ និង​ស្រប​ទៅ​នឹង​បរិបទ​តំបន់ និង​សកល​ជា​ពិសេស​សម្រាប់​កម្ពុជា​យើង ដែល​ជា​និច្ចកាល​បាន​ផ្តល់​តម្លៃ​ជា​សារ​វ័​ន្ត​នូវ​តម្លៃ​សន្តិភាព និង​ការ​លើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​គាំទ្រ​ជំរុញ ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​អភិវឌ្ឍ​សង្គម​ឆ្ពោះទៅ​បន្ត​លើកកម្ពស់​សិ​ទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ព្រមទាំង​សុខុមាលភាព​សង្គម​» ។

លោកស្រី​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ក្នុង​ការ​ជំរុញ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ។ ស្ត្រី និង​កុមារី នៅ​ក្នុង​គ្រប់​កម្រិត​បាន​កំពុង​យកចិត្តទុកដាក់​ថែទាំ គាំពារ និង​ផ្តល់​ឱកាស ជំរុញ និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។

លោក​ស្ត្រី​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា នៅ​ក្នុង​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ ដែល​ជា​ផែនទី​ម​គ្គុ​ទេស​សម្រាប់ កែទម្រង់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម ដើម្បី​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​ប្រាក់​ចំណូល កាត់​បន្ថយ​នូវ​ភាព​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន ។ វិធានការ​ថ្មី​ៗ ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​អនុវត្ត និង​រៀបចំ​ដើម្បី​លើកកម្ពស់​សុខុមាលភាព សមធម៌ សាមគ្គីភាព នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល មាន​ច្រើន​នៅ​ក្នុង​នោះ មានការ​ដាក់​ចេញ​ជា​សាច់ប្រាក់ សម្រាប់​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ថែទាំ​សុខភាព​មុន និង​ក្រោយ​សម្រាលកូន​ឱ្យ​ស្រប​ទៅ​នឹង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ស្ត្រី​បន្ថែម​ថា សម្រាប់​កម្មការិនី​ឆ្លងទន្លេ​ត្រូវ​បាន​ឈប់​សម្រាក​រយៈពេល​៣​ខែ ដោយ​ទទួល​បាន​បៀវត្សរ៍​១២០​ភាគរយ ក្នុង​នោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ចេញ​៧០​ភាគរយ និង​និយោជក​ចេញ​៥០​ភាគ​តយ ព្រមទាំង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ម៉ឺន​រៀល ចំពោះ​កូន​មួយ​កូនភ្លោះ​ពីរ​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី​បាន​១​លាន​២​សែន​រៀល ។ វិធានការ​ការ​គាំពារ និង​វឌ្ឍនភាព​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា​មាន​ច្រើន ។

ស្ត្រី​បាន​ចូលរួម​កិច្ចការ​សង្គម ក្នុង​វិស័យ​នានា​មានការ​កើនឡើង គ្រប់​ផ្នែក​គ្រប់​វិស័យ​នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី ។ លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី បាន​លើក​ឡើង​ចំពោះ វឌ្ឍនភាព​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ថា “​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​មានការ​កើន​ឡើងជា​លំដាប់ ក្នុង​នោះ​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​ឆ្នាំ​១៩៩៣ មាន​៥.៨៣​ភាគរយ កើន​ដល់​២០.៣២​ភាគរយ ឆ្នាំ​២០១៣ ។ នៅ​ឆ្នាំ​១៩៩៣ ស្ត្រី​ជា​រដ្ឋមន្ត្រី (​គ្មាន​) រដ្ឋលេខាធិការ (​គ្មាន​) អនុរដ្ឋលេខាធិការ (២​រូប​) ។ បើ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៣ មាន​ឧ​ប​នាយ ក​រដ្ឋមន្ត្រី​ជា​ស្ត្រី (១​រូប​) ទេស​រដ្ឋមន្ត្រី​(១​រូប​) រដ្ឋមន្ត្រី​ជា​ស្ត្រី (២​រូប​) រដ្ឋលេខាធិការ​(៣៨​រូប​) និង​អនុរដ្ឋលេខាធិការ (៤៨​រូប​) ។ ស្ត្រី​ជា​ចៅសង្កាត់​/​មេឃុំ មានការ​កើនឡើង​ពី​៤២​រូប​ក្នុង​ឆ្នាំ​២០០២ ដល់​១៣០​រូប​ក្នុង​ឆ្នាំ​២០១៨”​។

សម្តេច​ចក្រី ហេង សំ​រិ​ន ក្នុង​នាម​រដ្ឋសភា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កិច្ចការ​នារី បន្ត និង​ជំរុញ​អនុវត្ត​គោលនយោបាយ​ជាតិ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​របស់​ស្ត្រី និង​ក្មេង​ស្រី ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងមូល ។

សម្តេច​មាន​សង្ឃឹម​យ៉ាង​មាំ​ថា តាម​រយៈ​បាវចនា​ខាងលើ​នេះ​ស្ត្រី​កម្ពុជា ដែល​មាន​ចំនួន​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប្រជាជន​កម្ពុជា​ជាង​១៤​លាន​នាក់ នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់​បំផុត​ដែល​មិន​អាច​ចៀសវាង​បាន និង​ជា​សក្តានុពល​យ៉ាង​ធំធេង​ក្នុង​ការ​រក្សា​សន្តិភាព និង​ជំរុញ​កិច្ច​អភិវឌ្ឍ​នៃ​មាតុភូមិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ