ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសាកសួរលោក កឹម សុខា ក្នុងពន្ធនាគារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សំ សុ​គង់ មេធា​វី​ការពារ​ក្តី​ឲ្យ​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៥ ខែមីនា…

រាជធានី​ភ្នំពេញ ៖ លោក សំ សុ​គង់ មេធា​វី​ការពារ​ក្តី​ឲ្យ​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៥ ខែមីនា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ចៅក្រម​ស៊ើបសួរ​លោក គី ឫ​ទ្ធី និង​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ បាន​ទៅ​សាកសួរ​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដោយ​មាន​វត្តមាន​ក្រុម​មេធាវី​ការពារ​ក្តី​ចំនួន​៧​រូប​ចូលរួម​ស្តាប់​ចម្លើយ​ផង​ដែរ ។ លោក សំ សុ​គង់ ដែល​ស្ថិត​ក្នុង​ចំណោម​មេធាវី​ទាំង​៧​រូប បាន​និយាយ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​សាកសួរ​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ។ ការ​សាកសួរ​នេះ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេធាវី​ចំនួន​៧​រូប និង​ជនជាប់ចោទ​ផង ។ លទ្ធផល​នៃ​ការ​សាកសួរ​អាច​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី​៥ ខែមីនា បាន​ឲ្យ​ដឹង​ថា ការ​ទៅ​សាកសួរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ក្រុម​មេធាវី​ការពារ​ក្តី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ជនជាប់ចោទ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​យោង​តាម​ច្បាប់ ការ​ឃុំខ្លួន​លើស​ពី​៦​ខែ គឺ​ជនជាប់ចោទ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ។ ពេល​នេះ​តុលាការ​នៅ​មិន​ទាន់​សម្រេច​ថា ត្រូវ​ជំនុំជម្រះ​ជន​ជាប់​នៅ​ពេល​ណា​ឬ​ក៏​ត្រូវ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​តាម​ការ​ទាមទារ​របស់​មេធាវី​នៅឡើយ​ទេ ខណៈ​ការ​ស៊ើបអង្កេត​នៅ​មិន​ទាន់​ឈាន​ដល់ទី​បញ្ចប់ ។ លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ
មាន​អំពើ​ប្រទូស្ត​រ៉ា​យ និង​ត្រូវ​បាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៦​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ។

ទោះបីជា​មាន​បណ្តឹង​ជំទាស់ និង​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​នា​ពេល​ថ្មី​ៗនេះ ទាំង​សាលា​ឧទ្ធរណ៍​និង​តុលាការ​កំពូល បាន​សម្រេច​ច្រានចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹ​ម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំខ្លួន ។ តាម​នីតិវិធី តុលាការ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ចំពោះ​ជន​ត្រូវ​ចោទ​ណា​ដែល​បានជាប់​ឃុំ​លើស​ពី​៦​ខែ ។ ប៉ុន្តែ តុលាការ​ក៏​អាចពន្យារពេល​នៃ​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដែរ ប្រ​សិនបើ​ការ​ស៊ើបសួរ​មិន​ទាន់​ចប់ ។ ចំពោះ​លោក កឹ​ម សុខា បាន​ជាប់​ឃុំ​លើស​ពី​៦​ខែ​ហើយ ។ ដូច្នេះ តុលាការ​ត្រូវ​សម្រេច​ថា ត្រូវ​បញ្ជូន​សំណុំរឿង​ទៅជំនុំជម្រះ ឬ​ក៏​បន្ត​ការ​ស៊ើបសួរ ឬ​មួយ​ក៏​ត្រូវ​ដោះ​លែង​ជា​បណ្តោះអាសន្ន ។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​ចៅក្រម​ស៊ើបសួរ​បាន​ទៅ​សាកសួរ​លោក កឹ​ម សុខា ដល់​ពន្ធនាគារ ។

ការ​ចាប់ខ្លួន​និង​ឃុំខ្លួន​លោក កឹ​ម សុខា គឺបន្ទាប់​ពី​មានការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​លោក​បាន​ថ្លែង​ពី​យុទ្ធសាស្ត្រ​ថា លោក​បាន​ទទួលការ​ណែនាំ​ពី​អ្នកជំនាញ​អា​មេ​រិ​ក​និង​កា​ណា​ដា​ដើម្បី​យកឈ្នះ​លើ​គណបក្សកាន់អំណាច កាលពី​កំឡុង​ឆ្នាំ​២០១៣ នៅ​អូស្ត្រាលី ។ តុលាការ​បាន​ចោទប្រកាន់ លោក កឹ​ម សុខា ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ និង​បាន​ទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ ។តុលាការ​យក​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ធ្វើ​ជា​អង្គហេតុ​ក្នុង​ការ​ចាប់ខ្លួន និង​ដាក់​លោក កឹ​ម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជា​សម្ងាត់ ដើម្បី​ផ្តួលរំលំ​រាជ
រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ លោក​កឹ​មសុខា បាន​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​ថា មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា ។

ព័ត៌មាន​ចុង​ក្រោយ
ក្រោយ​ពី​ធ្វើការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​ទី​៥ ខែមីនា លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​គឺ​លោក កឹ​ម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​៦​ខែ​ទៀត នៅពន្ធនាគារ​ត្រពាំង​ផ្លុ​ង ។ នេះ​បើ​យោង​តាម​បញ្ជាក់របស់​លោក​មេធាវី សំ សុ​គង់ នៅ​ល្ងាច​ថ្ងៃ​ដដែលនោះ ។ លោក សំ សុ​គង់ បញ្ជាក់​ថា នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ក្រុម​មេធាវី​នឹង​រៀបចំ​ធ្វើ​បណ្តឹងឧទ្ធរណ៍ ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​នេះ ៕