ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ដល់​ម៉ោង​គេ​វាយប្រហារ​លាប​ពណ៌​មាក់ងាយ​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ទៀត​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា «​ដល់​ម៉ោង​ដែល​គេ​បើក​ការ​វាយប្រហារ លាប​ពណ៌ និង​មាក់ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ទៀត​ហើយ​» ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន ម៉ា​ណែ​ត បន្ទាប់​បី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​បាន​កំពុងធ្វើការ​វាយប្រហារ និង​លាប​ពណ៌​ខ្មែរ​នៅ​ក្រៅប្រទេស ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បាន​លើក​ឡើង​ថា «​ជា​រឿយ​ៗ ឲ្យ​តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដែល​មាន​ទស្សនៈ​គាំទ្រ​រាជរដ្ឋាភិបាល ហើយ​ប្រើ​សិទ្ធិ​របស់​ខ្លួន​តាម​រយៈ​ការ​បញ្ចេញមតិ​របស់​ខ្លួន​គាំទ្រ​រាជរដ្ឋាភិបាល ឬ​ចូលរួម​ក្នុង​កម្មវិធី​នានា ដើម្បី​ជួបជុំ​អបអរ​នូវ​អ្វី​ដែល​ជា​សមិទ្ធិ​ផល​ជាតិ ឬ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន គឺ​ត្រូវ​បាន​អស់លោក​មួយ​ចំនួន ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​នៅ​ក្រៅប្រទេស ចោទ​ពួក​គាត់​ថា ជា​ជន​លក់​ឧត្តមគតិ ឬ​ជា​មនុស្ស​ដែល​គេ​ទិញ​ក្បាល​បាន ឬ​ពេល​ខ្លះ​រហូត​ដល់​ប្រើ​ពាក្យ អសុរ​ស​ទៅ​លើ​ពួក​គាត់ ដូច​ជា​ជេ​ពួក​គាត់​ថា ជា​ខ្មោច​ស៊ី​ពេ​រ​ជាដើម​» ។

លោក​បន្ត​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ប្រាកដ​ណាស់​គឺ​មាន​មនុស្ស​ដែល​មាន​ទស្សនៈ​ខុស​គ្នា​ហើយ មិន​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ ឬ​នៅ​ប្រទេស​អា​មេ​រិ​ក អូស្ត្រាលី ណូ​វ៉ែ​ល​ស្សឺ​ឡង់ អឺរ៉ុប ។​ល​។ » លោក​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​អស់លោក​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន គួរតែ​យល់​ហើយ​ថា នៅ​ទីណា​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​មាន​ទស្សនៈ​ស្រប​ជាមួយ​អស់លោក និង​អ្នក​ដែល​មាន​ទស្សនៈ​ខុស​ពី​អស់លោក​ដែរ ។ ហើយ​បើ​អស់លោក តាំងខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ៗ គួរតែ​អស់លោក​ទទួលស្គាល់​ការ​ពិត​នេះ ហើយ​គួរ បង្ហាញ​នូវ​កាយវិការ ឬ​ការ​បញ្ចេញមតិ ប្រកបដោយ​ភាព​ថ្លៃថ្នូរ និង​ការ​គោរព​គ្នា​ផង​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​លើក​ឡើង​ថា «​ការ​ប្រឌិត​រឿង​មិន​ពិត ដើម្បី​លាប​ពណ៌​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ទស្សនៈ​ខុស​ពី​ខ្លួន​ថា ជា​ជន​លក់​ឧត្តមគតិ ឬ​លក់​ក្បាល ក្នុង​តម្លៃ​នេះ ឬ​តម្លៃ​នោះ គួរ​ឈប់​ទៅ ព្រោះ​វា​ជា​ការ​មើលងាយ​ខ្លាំង​ណាស់​ចំពោះ​ពួក​គាត់ ។ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដែល​លោក​បាន និង​កំពុង​មើលងាយ​នោះ ក៏​ជា​មនុស្ស​ដែល​មាន​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ហើយ​ក៏​ចង់បាន​ការ​គោរព​សិទ្ធិ​របស់​គាត់​ដូច​អស់លោក​ដែរ ។ ជា​ពិសេស​ចំពោះ​លោកពូ​ខ្លះ ដែល​តាំងខ្លួន​ជា​មនុស្ស​ចាស់ទុំ ហើយ​មាន​តំណែង​ខ្ពស់​នៅ​ក្រៅប្រទេស​ទៀត​នោះ ការ​ដែល​លោកពូ​ដុត​បញ្ឆេះ​កំហឹង​នៅ​ក្នុង​អារ​ម្ម​ណ៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​ទស្សនៈ​ស្រប​ជាមួយ​ពូ ហើយ​ដឹកនាំ​គាត់​ឲ្យ​ទៅ​ជេរ​ប្រមាថ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ទស្សនៈ​ខុស​ពី​ពូ​នោះ មិនមែន​ជា​សកម្មភាព​មួយ​ដែល​បង្ហាញ​ពី​ការ​បង្រួបបង្រួម​គ្នា ឬ​គោរព​សិទ្ធិ​គ្នា​នោះ​ទេ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ពី​ទ​ង្វើ​របស់​អ្នក​នៅ​ខាងក្រៅ​ថា «​ការ​ធ្វើ​ទ​ង្វើ​រ​នេះ ផ្ទុយ​ទៅ​វិញ​វា​នាំ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ប៉ះ​អារម្មណ៍​គ្នា រវាង​អ្នក​ដែល​ពូ​នាំ​ឲ្យ​ទៅ​ជេរ និង​អ្នក​ដែល​ត្រូវ​គេ​ជេរ​» ។ លោក​គូសបញ្ជាក់​ថា «​ក្នុង​នាម​ជា​ក្មេង​ជំនាន់​ក្រោយ ខ្ញុំ​សូម​ជូន​យោបល់​ទៅ​លោកពូ​ថា ៖ ថ្វី​ត្បិត​តែ​លោកពូ​មាន​វ័យ​ចំណាស់ និង​មាន​ឋានៈ​ខ្ពស់​នៅ​ក្រៅប្រទេស​ក៏​ដោយ ក៏​សកម្មភាព​របស់​ពូ​បាន​បង្ហាញ​ពី​ក​ម្រឹត​នៃ​ភាព​ចាស់ទុំ និង​សីលធម៌​របស់​លោកពូ ។ បើ​សកម្មភាព​របស់​លោកពូ​មិន​សមរម្យ ឬ​គ្មាន​ការ​ទទួលខុសត្រូវ ក៏​មហាជន​ជា​ពិសេស​ក្មេង​ៗ​ជំនាន់​ក្រោយ​ក៏​មិន​គោរព​ដែរ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បន្ទាប់​លោក ឆាំ ឆា​នី សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ លោក​ឧត្តមសេនីយ៍ បញ្ជា​មេ​បណ្តាញ​ឈ្មោះ ម៉េ​ង មុខរបរ​លក់​នំ​បុ័ង​នៅ​ទីក្រុង​ស៊ី​ដ​នី ឲ្យ​ដើរ​ប្រមូល​មនុស្ស​ទៅ​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពេល​កិច្ចប្រជុំ​អាស៊ាន អូស្ត្រាលី ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​៦០០​ដុល្លារ​សហរដ្ឋអាមេរិក ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៧-១៨ ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ នឹង​ទៅ​អូស្ត្រាលី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ