ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​ការ​សម្តែងមិន​សមរម្យ​ក្នុង​ពិធីកាត់សក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​តែងតែ​រិះគន់​ចំពោះ​សិល្បករ​ខ្លះ​ដែល​បញ្ចេញ​កាយវិការ​មិន​សមរម្យ និង​ពាក្យ​អាសអាភាស​នៅ​ក្នុង​ពិធីកាត់សក់​មង្គលការ​ជា​ពិធី​មង្គល តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ។ ជាក់ស្តែង​កន្លង​មក​មិនយូរ​ប៉ុន្មាន​តារា​កំប្លែង​ស្រី​ម្នាក់​ដែល​ប្រកប​អាជីព​កាត់សក់​មង្គល​ការ​ដែរ​នោះ បាន​សម្តែង​មិន​សមរម្យ​នៅ​ក្នុង​ពិធីកាត់សក់​មង្គលការ​មួយ ។ វា​ជា​ភាព​មិន​សមរម្យ​មួយ​ក្នុង​ចំណោម​ច្រើន​ទៀត​ដែល​មហាជន​រិះគន់…

រាជធានី​ភ្នំពេញ ៖ មហាជន​តែងតែ​រិះគន់​ចំពោះ​សិល្បករ​ខ្លះ​ដែល​បញ្ចេញ​កាយវិការ​មិន​សមរម្យ និង​ពាក្យ​អាសអាភាស​នៅ​ក្នុង​ពិធីកាត់សក់​មង្គលការ​ជា​ពិធី​មង្គល តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ។

ជាក់ស្តែង​កន្លង​មក​មិនយូរ​ប៉ុន្មាន​តារា​កំប្លែង​ស្រី​ម្នាក់​ដែល​ប្រកប​អាជីព​កាត់សក់​មង្គល​ការ​ដែរ​នោះ បាន​សម្តែង​មិន​សមរម្យ​នៅ​ក្នុង​ពិធីកាត់សក់​មង្គលការ​មួយ ។ វា​ជា​ភាព​មិន​សមរម្យ​មួយ​ក្នុង​ចំណោម​ច្រើន​ទៀត​ដែល​មហាជន​រិះគន់ ។

និស្សិត​ដែល​រៀន​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សិល្បករ​សម្តែង​កាយវិការ និង​ពាក្យ​សម្តី​មិន​សម​រម្យ​នៅ​ក្នុង​ពិធីកាត់សក់​មង្គលការ គឺ​វា​អាច​ជា​ការ​ខុសឆ្គង​មួយ ។ បើ​ទោះបីជា​ខ្លួន​គ្មាន​ជំនាញ​ក្នុង​ផ្នែក​នេះ​ក៏​ដោយ ប៉ុន្តែ​តាម​ការ​យល់​ឃើញ​ខ្លះ ការ​លេង​កំប្លែង គឺ​មិន​ចាំបាច់​ប្រើប្រាស់​ពាក្យ​ចំអេសចំអាស​ទើប​គេ​សើច​នោះ​ទេ គឺ​មាន​វិធី​ច្រើន​ដែល​ល្អ និង​អាច​ឲ្យ​អ្នក​មើល​សើច​បាន​ដូច​គ្នា ។ ម្យ៉ាង​នៅ​ក្នុង​ពិធីកាត់សក់​ដែល​ជា​ប្រពៃណី និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​របស់​ខ្មែរ​យើង​នោះ គឺ​រឹតតែ​មិន​ត្រូវ​ប្រើ​ពាក្យ​ចំអេសចំអាស ឬ​កាយវិការ​ណាមួយ​ដែល​មិន​សមរម្យ​ឡើយ ព្រោះ​នៅ​ទីនោះ​គឺ​មាន​វត្តមាន​ចាស់ព្រឹទ្ធាចារ្យ និង​ក្មេង​ៗ​ដែល​កំពុង​ស្តាប់ និង​ទស្សនា ។ ប្រសិនបើ​យើង​អាច​មាន​កាយវិការ ឬ​ពាក្យ​សម្តី​ណាមួយ​មិន​សមរម្យ​នោះ វា​នាំ​ឲ្យ ចាស់​ៗ​កាន់​ធម៌​អា ថ៌​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ ក្មេង​ៗ​អាច​នឹង​យកតម្រាប់​តាម​អ្វី​ដែល​បានឃើញ​នោះ ។

ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​លោក​នាង យល់​ថា បើ​គិត​ពី​សិល្បៈ​រាល់​ពាក្យ​កំប្លែង និង​​កាយវិការ​ណាមួយ​ដែល​ជា​ជំនាញ​របស់​អ្នក​សម្តែង​នោះ គឺ​វា​មិន​ខុសឆ្គង​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​យើង​និយាយ​ពី​រូបភាព​ជាក់ស្តែង និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​វិញ គឺ​វា​មិន​សម​រម្យ​ឡើយ ប្រសិនបើ​យើង​សម្តែង​ចេញ​នូវ​កាយវិការ​ណាមួយ ឬ​ក៏​ពាក្យ​សម្តី​ណាមួយ​មិនល្អ ក្នុង​ទី​សាធារណៈ​នោះ ។ មិន​សូ​ម្បី​តែ​លោក ឬ​ក៏​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត​ឡើយ ប្រ​សិន​មាន​សកម្មភាព​មិនល្អ ឬ​ក៏​ពាក្យ​សម្តី​អាសអាភាស​ណាមួយ លោក​ជា​អ្នក​ទស្សនា​​ហាក់​អៀនខ្លួន ឬ​ក៏​មិន​ហ៊ាន​ទាំង​ចង់​មើល​ផង​ដែរ ។

លោក​នាង​បាន​ស្នើ​ឲ្យ​អ្នក​សម្តែង​ទាំងអស់​គួរ​រិះរក​មធ្យោបាយ​ណា​ដែល​ល្អ ផ្ទុយ​ពី​ការ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​មក​ជំនួស​វិញ ព្រោះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​គឺ​មាន​ពាក្យ​សម្តី និង​កាយវិការ​ច្រើន​ដែល​អាច​យក​ទៅ​សម្តែង​ឲ្យ​ទស្សនិកជន​បាន​សើច​សប្បាយ ។

ជា​មន្ត្រីរាជការ​ម្នាក់​លោក​រ៉ុ​ង បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ និង​កាយវិការ​មិន​សមរម្យ​ណាមួយ​នៅ​ក្នុង​ពិធី​មង្គលការ ។ ពិធីកាត់សក់​ជា​ពិធី​មួយ​ក្នុង​ចំណោម​ពិធី​ជា​ច្រើន​ក្នុង​មង្គលការ​ខ្មែរ សម្រាប់​ផ្តល់​សិរី​មង្គល​ដល់​គូ​ស្វាមីភរិយា​ថ្មី ។ ប្រសិនបើ​អ្នក​សម្តែង​ក្នុង​ពិធីកាត់សក់​ប្រើ​អាកប្បកិរិយា​សម្តែង​ផ្ទុយ​ទៅ​នឹង​ទំនៀម​ទម្លាប់់​នោះ គឺ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ណាមួយ​ទៅ​ដល់​ម្ចាស់​កម្មវិធី ជាមួយនឹង​ការ​រិះគន់​ពី​មហាជន​ដែល​បាន​ចូលរួម ។

បើ​តាម​លោក​រ៉ុ​ង ចេតនា របស់​អ្នក​សម្តែង​នោះ​គឺ​មាន​បំណង​ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ​ហើយ ប៉ុន្តែ​បើ​យើង​ប្រើ​ពាក្យ​អ្វី​ផ្សេង​ពី​នេះ​ដែល​ល្អ និង​សមរម្យ​វា​មិន​ជះ​ឥទ្ធិពល​អាក្រក់​នោះ​ឡើយ ។

តារា​កំប្លែង និង​ជា​អ្នកមាន​អាជីព​កាត់សក់​ម្នាក់​លោក​ខាត់ ចំរើន អះអាង​ថា «​បច្ចុប្បន្ន​មាន​​អ្នកចេះ​ច្រៀង​កាត់សក់​ច្រើន ខ្លះ​មាន​ក្បួន ខ្លះ​មិន​មាន​ក្បួន​តាម​ទីផ្សារ​ប្រកួតប្រជែង​ជាក់ស្តែង ។ អ្នក​សម្តែង​ខ្លះ​មាន​ជំនាញ អ៊ី​ចឹ​ង​គេ​មាន​ក្បួន​មាន​ខ្នាត​របស់​គេ​ច្រើន​នៅ​ក្នុង​ការ​សម្តែង​ឲ្យ​ទស្សនិកជន​បាន​សើច ដោយ​មិន​ចាំបាច់​តែ​ប្រើ​ពាក្យ​ចំអេសចំអាស ឬ​កាយវិការ​មិន​សមរម្យ​ណាមួយ​ឡើយ »​។

បើ​តាម​លោក​ខាត់ ចំរើន តាម​បុគ្គលិកលក្ខណៈ​ប្រពៃណី​ខ្មែរ​គឺ​យើង​ត្រូវ​លេង​តាម​ក្បួន​តាម​ខ្នាត ប៉ុន្តែ​ដល់​សម័យនេះ​វា​ក៏​អាច​អាស្រ័យ​ទៅ​លើ​អ្នក​ជួល​ដែរ ព្រោះ​អ្នក​ជួល​ខ្លះ​ចង់​​ឲ្យ​មានការ​លេង​ទៅ​បាន​សើច​សប្បាយ ដោយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ណាមួយ​ឡើយ ។ ប៉ុន្តែ​បើ​ម្ចាស់​កម្មវិធី​ចង់បាន​តាម​ក្រមសីលធម៌​គឺ​ត្រូវ​ជួល​អ្នក​ដែល​មាន​ជំនាញ​ពិតប្រាកដ ដែល​បាន​ចេញពី​សាល​វិចិត្រសិល្បៈ នោះ​ការ​លេង​មិន​មានការ​ប៉ះពាល់​ឡើយ ប៉ុន្តែ​បើ​ជួល​អ្នក​កំប្លែង​នោះ គឺ​គេច​មិន​ផុត​ពី​ជួប​បញ្ហា​នេះ​ឡើយ ។

លោក​ខាត់ ចម្រើន ទទួលស្គាល់​ពី​អ្នក​កំប្លែង​មួយ​ចំនួន បច្ចុប្បន្ន​បាន​យកពាក្យ​សម្តី​ខាង​ក្រៅ​យក​មក​សម្តែង​ច្រើន​ពេក ដោយ​មិន​គិត​ពី​ការ​ប៉ះពាល់ និង​ការ​មិន​សមរម្យ​ទៅ​ដល់​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ