ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​លោក កែម ឡី ប្រកាស​ជំហរ​បង្កើត​គណបក្ស​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​សព​លោក កែម ឡី បាន​ប្រកាស​ជំហរ​នៅ​តែ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នោះ ទោះបីជា​ក្រសួង​មហា​មិន​ឲ្យ​ប្រើ​ឈ្មោះ​បុគ្គល ។ លោក…

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​សព​លោក កែម ឡី បាន​ប្រកាស​ជំហរ​នៅ​តែ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នោះ ទោះបីជា​ក្រសួង​មហា​មិន​ឲ្យ​ប្រើ​ឈ្មោះ​បុគ្គល ។

លោក កែម រិ​ទ្ធី​សិត ប្អូនប្រុស​លោក កែម ឡី និង​លោក គុ​ជ លី តំណាង​ស្ថាបនិក នៃ​គណបក្ស កែម ឡី បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​វី​អូ​អេ​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ក្តី​បង្កើត​គណបក្ស កែម ឡី ដោយ​ប្រមូល​ស្នាម​មេដាយ​តម្កល់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​មុខការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ ។

ចំណែក​លោក គុ​ជ លី​តំណាង ស្ថាបនិក​បាន​បញ្ជាក់​ថា ការ​ដែល​លោក និង​លោក កែម រិ​ទ្ធី​សិត បង្កើត​គណបក្ស​នេះ​ឡើយ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​លោក កែម ឡី កុំ​ឲ្យ​ក្រុម​ជ្រួល​និយម​មួយ​ចំនួន​យកឈ្មោះ កែម ឡី ទៅ​ប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​លោក ។ លោក​បន្ត​ថា លោក និង​លោក កែម រិ​ទ្ធី​សិត បាន​ដាក់​ឯកសារ រួម​មាន​ស្នាម​មេដៃ​ចំនួន​៨០​រូប និង​សមាជិក​ស្ថាបនិក​៧​រូប តាម​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បាន​កំណត់​រួច​ហើយ ។

ទោះបីជា​ដឹក​ថា ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​យ៉ាងណា​ក្តី លោក គុ​ជ លី និង​លោក កែម រិ​ទ្ធី​សិត បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​អាន​ខ្លឹមសារ​ច្បាប់​រួច​ហើយ គេ​មិន​អនុញ្ញាត​ឲ្យ​មាន​រូប​សញ្ញា រូប​វ័​ន្ត​បុគ្គល ។ យើង​បានដឹង​ជា​មុន​ហើយ ប៉ុន្តែ​យើង​ត្រូវ​តែ​ដាក់ ដើម្បី​ជំនះ​ចិត្ត ព្រោះថា​យើង​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ថា ត្រូវ​តែ​ដាក់​ក្នុង​ការ​បន្ត​បេស​កម្ម​ដ៏​ប្រវត្តិសាស្ត្រ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត កុំ​ឲ្យ​អ្នក​ជន​មួយ​ចំនួន​ដែល​អ្នក​កែម​ឡី​និយម ដែល​ខ្ញុំ​បាន​បែងចែក​ជា​ពីរ គឺ​អ្នក​គោរព​ស្រលាញ់ លោក​បណ្ឌិត និង​មាន​ក្រុម​មួយទៀត​បាន​តាំងខ្លួន​អុ្ន​ក​កែម​ឡី​និយម មាន​លោក ប៉ា​ង ងួ​ន​ទៀង ព្រះសង្ឃ បុត ប៊ុ​ន​តិ​ញ និង​ភរិយា​លោក កែម ឡី បាន​ឃុ​ត​ឃិ​ត​គ្នា បំផ្លាញ​កិត្តិយស លោក​បណ្ឌិត​» ។

លោក គុ​ជ លី អតីត​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​បានដឹង​ថា ក្រសួងមហាផ្ទៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ដាក់​ឈ្មោះ និង​រូប​សញ្ញា​លោក កែម ឡី ទេ ។ ប៉ុន្តែ​លោក​ថា ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ នៅ​ពេល​ក្រសួង​ផ្តល់​ព័ត៌មាន លោក​នឹង​ធ្វើការ​ដូរ​វិញ​ភ្លាម ។

លោក​បន្ត​ថា ការ​ដាក់​ឈ្មោះ កែម ឡី នេះ ដើម្បី​ឲ្យ​ប្រជាជន​បានដឹង​ជា​ប្រវត្តិសាស្ត្រ ទោះបីជា​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ក្តី ។ លោក​បញ្ជាក់​ថា «​យើង​នឹង​ប្តូរ​ភ្លាម​នៅ​ពេល​ក្រសួង​ប្រាប់ ដោយ​ប្តូរ​ពី​គណបក្ស កែម ឡី ទោះបីជា​ក្រសួង​មិន​អនុញ្ញាត​ក៏​ក្លាយជា​គណបក្ស កែម ឡី ។ យើង​ឃើញ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ចលនា និង​ការ​វិវត្តន៍​ចាប់តាំងពី​ឆ្នាំ​១៩៥១​រហូត​មក ។ រឿង​នេះ​ដូច​គ្នា គណបក្ស កែម ឡី នៅ​តែ​បក្ស​លោក កែម ឡី ក្នុង​ន័យ​ថា គណបក្ស​ថ្មី ដែល​កើត​ឡើយ​មក​ពី​អតីត​គណបក្ស កែម ឡី ដដែល​» ។

លោក គុ​ជ លី ក៏​បាន​លើក​ឡើង​ថា គម្រោង​បង្កើត​គណបក្ស កែម ឡី បាន​ចាប់តាំងពី​លោក កែម ឡី ត្រូវ​បាន​ជន​ដៃដល់​បាញ់​សម្លាប់​មក​ម្ល៉េះ ។

លោក កែម រិ​ទ្ធី​សិត បាន​លើក​ឡើង​ថា គោលបំណង​ការ​បង្កើត​គណបក្ស កែម ឡី នេះ លោក​នឹង​លោក កែម ឡី បាន​ធ្វើការ​សិក្សា​ជាមួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ ដោយពេល​ខ្លះ​លោក និង​បងប្រុស​បាន​ធ្វើ​ដំណើរ​តែ​ពីរ​នាក់​ក៏​មាន យើង​បាន​ពិភាក្សា​គ្នា​ច្រើន និង​ត្រៀម​ឯកសារ ផ្ទុយ​ទៅ​វិញ​លោក កែម ឡី បាន​ជន​ដៃដល់​បាញ់​សម្លាប់ ។ បើ​តាម​ប្អូនប្រុស​លោក កែម ឡី បាន​អះអាង​ថា លោក កែម ឡី មាន​បំណង​ធ្វើ​នយោបាយ​យូរ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​ពេលវេលា ។

យ៉ាងណា​ក្តី ទាក់ទង​ការ​បង្កើត​គណបក្ស​ថ្មី​នេះ ត្រូវ​បាន​ភរិយា​យ​លោក កែម ឡី អ្នកស្រី ប៊ូ រចនា បដិសេធន៍​មិន​គាំទ្រ​នោះ​ទេ ។ អ្នកស្រី​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ថា «​នាង​ខ្ញុំ ប៊ូ រចនា ជា​ភរិយា​លោក​បណ្ឌិត កែម ឡី សូម​ប្រកាស​ជា​សាធារណៈ​ថា នាង​ខ្ញុំ​សូម​បដិសេធ​មិន​គាំទ្រ​ការ​បង្កើត​គណបក្ស​ថ្មី ដែល​មានឈ្មោះ​ថា គណបក្ស កែម ឡី នោះ​ទេ ពីព្រោះ​តាំងពី​ដើម​រហូត​មក ស្វាមី​នាង​ខ្ញុំ​មិន​ដែល​មាន​បំណង​បង្កើត​គណបក្ស​ម្តងណា​ឡើយ បំណង​របស់​គាត់​គឺ​ត្រឹមតែ​ជួយ​ផ្តល់​យោបល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ហើយនឹង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ឯនាយ​សមុទ្រ​ទាំងអស់​មេត្តា​យល់​ពី​បំណង​របស់​ស្វាមី​នាង​ខ្ញុំ ដោយ​ក្តី​អនុគ្រោះ​ផង​» ។

ចំណែក លោក កែម រិ​ទ្ធី​សិត ក៏​បាន​លើក​ឡើង​ថា លោក កែម ឡី មាន​កិច្ចការ​ពីរ​ផ្នែក គឺ​រឿង​កិច្ចការ​ប្រាប់​ប្រពន្ធ​ផ្សេង កិច្ចការ​រឿង​ធំ​ផ្សេង ។ ទោះបីជា​មានគំនិត​ខ្វែងគ្នា​រវាង​ប្អូនប្រុស និង​ភរិយា​យ​យ៉ាងណា​ក្តី លោក គុ​ជ លី បាន​អះអាង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ មាន​ទស្សនៈ​វែង​ឆ្ងាយ ។

សូម​ជម្រាប​ក្រសួងមហាផ្ទៃ មិន​បាន​ហាមឃាត់ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​នោះ​ទេ ។ ប៉ុន្តែ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បង្កើត​គណបក្ស​ឈ្មោះ កែម ឡី ព្រោះ​ឈ្មោះ​គណបក្ស​នេះ មិន​ត្រឹមត្រូវ​បាន​ច្បាប់​ថ្មី​ស្តី​ពី​គណបក្ស​នយោបាយ តាម​មាត្រា​ទី​១១ ។ ឈ្មោះ​រូប​វ័​ន្ត​បុគ្គល និង​រូបភាព​រូប​វ័​ន្ត​បុគ្គល ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​យក​មក​ប្រើប្រាស់ ។

បើ​យោង​តាម មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ ត្រូវ​មានឈ្មោះ និង​សញ្ញា​សម្គាល់​តាម​ការ​កំណត់​ដូច​ខាងក្រោម ១.​ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ ត្រូវ​តែ​ខុស​គ្នា​ពី​ឈ្មោះ ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​នានា ។

២.​ឈ្មោះ​គណបក្ស​នយោបាយ មិន​ត្រូវធ្វើ​ឡើង​ដោយ​គ្រាន់តែ​កែសម្រួល​បន្តិចបន្តួច​នៅ​លើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យកឈ្មោះ​រូប​វ័​ន្ត​បុគ្គល​មក​ដាក់​ឡើយ ។

៣.​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ មិន​ត្រូវ​ចម្លង ឬ​យក​តាម​សញ្ញា​ជាតិ រូបភាព តំណាង​ឲ្យ​សាសនា ប្រាសាទអង្គរវត្ត ឬ​ព្រះ​ឆាយាល័ក្ខណ៍ ឬ​រូបសំណាក​របស់ ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូប​វ័​ន្ត​បុគ្គល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ