ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គំរាមកំហែង​របស់​លោក​ត្រាំ ប៉ះពាល់​ដល់​ការ​ចរចា

6 ឆ្នាំ មុន

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ ការ​គំរាមកំហែង​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ផ្នែក​ដែកថែប បាន​បញ្ចប់​ក្តី​សង្ឃឹម​នៃ​ដំណើរការ​ចរចា​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក…

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ ការ​គំរាមកំហែង​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ផ្នែក​ដែកថែប បាន​បញ្ចប់​ក្តី​សង្ឃឹម​នៃ​ដំណើរការ​ចរចា​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក លោក​ត្រាំ បាន​និយាយ​ថា នា​ស​ប្តា​ហ៍​ក្រោយ​នេះ លោក​នឹង​ប្រកាស​ពី​ពន្ធ​២៥%​លើ​ដែកថែប​នាំ​ចូល និង​ពន្ធ​១០%​លើ​ផលិតផល​អាលុយមីញ៉ូម​នាំ​ចូល បន្ទាប់​ពី​លោក​បាន​បង្ហោះ​នៅ​លើ Twitter ថា សង្គ្រាម​ពាណិជ្ជកម្ម​គឺ​ល្អ និង​ងាយ​ស្រួល​ឈ្នះ ។

លោក Jerry Dias ប្រធាន​សហជីព Unifor ប្រទេស​កា​ណា​ដា និយាយ​ថា ៖«​ប្រទេស​កា​ណា​ដា​ពិតជា​ខឹងសម្បា​ណាស់ ។ ការ​ប្រកាស​ពន្ធ​នេះ បាន​បញ្ចប់​រាល់​ក្តី​សង្ឃឹមលើ​ការ​បន្ត​កិច្ចចរចា រួម​មាន ការ​រៀបចំ​វិធានការ​ថ្មី​ៗ​សម្រាប់​យានយន្ត​ក្នុង​តំបន់ » ។

លោក​កត់​សម្គាល់ថា ៖« វា​ច្បាស់​ណាស់​ថា​ប្រសិនបើ​កា​ណា​ដា​មិន​រួច​ផុត​ពី​ពន្ធ​អា​មេ​រិ​ក​នៅ​ថ្ងៃ​អង្គារ​ទេ​នោះ កា​ណា​ដា​គួរតែ​ដើរ​ចេញពី​តុ​ចរចា NAFTA ហើយ » ។

ចំណែក​លោក Kenneth Smith ប្រធាន​អ្នក​ចរចា NAFTA មក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ប្រាប់​អ្នកកាសែត​ថា កិច្ចចរចា​មិន​បាន​ប៉ះពាល់​នឹង​ការ​ប្រកាស​នេះ​ឡើយ ។ ប៉ុន្តែ​លោក​ថា ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា អាច​នឹង​រួច​ផុត​ពី​ពន្ធ​ទាំងនេះ ព្រោះ​ប្រទេស​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ។

ទោះជា​យ៉ាងណា វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ពន្ធ​លើ​លោហៈធាតុ​ទាំងនេះ​នឹង​ដាក់​លើ​ដៃគូ​របស់​សហរដ្ឋអាមេរិក ក្រោម​កិច្ចព្រមព្រៀង NAFTA ដែរ​ឬទេ ។

ប្រទេស​កា​ណា​ដា​ជា​អ្នក​ផ្គត់ផ្គង់​ដែកថែប និង​អាលុយមីញ៉ូម​ទៅ​សហរដ្ឋអាមេរិក​ធំ​ជាងគេ បាន​សន្យា​ថា នឹង​សងសឹក ប្រសិនបើ​ចាំបាច់ ។

មន្ត្រី​ម៉ិ​ក​ស៊ិ​ក​និយាយ​ថា រដ្ឋាភិបាល​នឹង​រង់ចាំ​ការ​បកស្រាយ​ច្បាស់លាស់​អំពី​បញ្ហា​នេះ មុន​នឹង​ធ្វើការ​ឆ្លើយ​តប ប៉ុន្តែ​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ស​ប្តា​ហ៍​មុន​ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក​នឹង​សងសឹក​វិញ​ផង​ដែរ ។

សមាគម​ឧស្សាហកម្ម​ដែកថែប​ម៉ិ​ក​ស៊ិ​ក Canacero និយាយ​ថា ពួក​គេ​សង្ឃឹមថា រដ្ឋា​ភិបាល​នឹង​ចេញ​សកម្មភាព​វាយបក​ភ្លាម​ៗ ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​សកម្មជន​កសិកម្ម​ក្នុង​ការ​ចរចា NAFTA ក៏​ប្រឆាំង​នឹង​ផែនការ​ដាក់​ពន្ធ​នេះ​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ