ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​ស្រុកលើ​ទីផ្សារ​មាន​ត្រឹមតែ​50%​ប៉ុណ្ណោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​តែ​វិបត្តិ​ជ្រូក​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន​បោះបង់​ចោល​របរ​នេះ​ទៅ​ចាប់​របរ​ថ្មី ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់​បាន ហើយ​បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ខ្មែរលើ​ទីផ្សារ​មាន​ត្រឹមតែ​៥០%​ប៉ុណ្ណោះ និង​៥០%​ទៀត​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​តែ​វិបត្តិ​ជ្រូក​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន​បោះបង់​ចោល​របរ​នេះ​ទៅ​ចាប់​របរ​ថ្មី ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់​បាន ហើយ​បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ខ្មែរលើ​ទីផ្សារ​មាន​ត្រឹមតែ​៥០%​ប៉ុណ្ណោះ និង​៥០%​ទៀត​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ថ្លែង​ថា ៖« បច្ចុប្បន្ន វត្តមាន​សាច់​ជ្រូក​ក្នុងស្រុក​ដែល​ផ្គត់ផ្គង់​លើ​ទីផ្សារ​មាន​ប្រមាណ​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ជា​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​វៀតណាម » ។

លោក​បន្ត​ថា តាម​ពិត​ទៅ បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច​រឹត​បន្តឹង​ចំពោះ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ឬ​អនុវត្ត​ឲ្យ​បាន​ទៅ​តាម​អ្វី​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​នោះ ជ្រូក​ក្នុងស្រុក​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ ព្រោះ​​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​សម័យនេះ មិន​ដូច​កាលពី​ជំនាន់​មុន​ៗ​ដែល​ត្រូវ​ប្រើ​ពេល​យូរ​ខែ​ទេ ក៏​ប៉ុន្តែ​ដោយសារ​តែ​ការ​ហូរ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​សេរី​ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​មក​នៅ​ទាប មិន​អាច​រក​ប្រាក់​ចំណេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ត្រូវ​បោះបង់​ចោល​របរ​ចិញ្ចឹម​ជ្រូក​តែ​ម្ដង​ទៅ ។

លោក​បន្ថែម​ថា បើ​ស្ថានភាព​នៅ​តែ​ដូច​បច្ចុប្បន្ន មិនយូរ​ទេ ម្ចាស់​កសិដ្ឋាន​នានា​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បោះបង់​អស់ ហើយ​ពេល​នោះ កម្ពុជា​ត្រូវ​ពឹង​លើ​ទីផ្សារ​នាំ​ចូល​ទាំងស្រុង​។ ចំណែក​តម្លៃ ក៏​ស្ថិត​នៅ​លើ​មាត់​គេ​ដែរ ចង់​ទាប ខ្ពស់ មិន​អាច​តវ៉ា​បាន​ទេ ។

យោង​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ជ្រូក​រស់ នៅ​ក្នុង​ប្រទេស​វៀតណាម ទាំង​៣​តំបន់ ពោល​គឺ​តំបន់​ភាគ​ខាងជើង ភាគ​កណ្ដាល​និង​ភាគ​ខាងត្បូង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រុក​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​តាម​កន្លែង​កាប់​ជ្រូក​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ។

ប្រធាន​សមាគម​ដដែល​នេះ ក៏​បាន​បញ្ជាក់​ថា វៀតណាម​គេ​លក់​ជ្រូក​តម្លៃ​ទាប ប៉ុន្តែ​គេ​អាច​នៅ​ចំណេញ ព្រោះ​ថ្លៃដើម​ក្នុង​ការ​ផលិត​របស់​គេ​អស់​តិច​ជាង​កម្ពុជា ពីព្រោះ​តម្លៃ​អគ្គិសនី​ទាប ហើយ​បើ​អគ្គិសនី​ទាប​ហើយ​នោះ វត្ថុធាតុដើម​ដទៃ​ទៀត ក៏​មាន​តម្លៃ​ទាប​ដែរ អីចឹង គេ​ផលិត​អស់​តិច គេ​អាច​លក់​ទាប​បាន តែ​បើសិនជា​កម្ពុជា​លក់​ទាប​ដូច​វៀតណាម​នោះ គឺ​មិន​អាច​រួចខ្លួន​ឡើយ ។

លោកស្រី ម៉​ន ណា​រី ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ គាត់​ត្រូវ​យក​លុយ​ដែល​ចំណេញ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ មក​ទប់ទល់​នឹង​ការ​ខាតបង់​នៅ​ពេល​នេះ​វិញ ក៏​ប៉ុន្តែ​បើសិនជា​តម្លៃ​ជ្រូក​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ទៀត ប្រហែលជា​មិន​អាច​ទប់ទល់​បាន​ទៀត​ទេ ។ ដូចនេះ មាន​តែ​​កាត់​បន្ថយ​ការ​ចិញ្ចឹម ឬ​ក៏​បិទ​កសិដ្ឋាន​ចោល​តែ​ម្ដង ខណៈ​មុខរបរ​មួយ​នេះ វា​បាន​ជួយ​​រូប​គាត់​តាំងពី​យូរ​មក​ហើយ និង​បាន​ផ្ដល់​ចំណូល​ដល់​គ្រួសារ​របស់​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ