ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​​វាយ​ធ្វើ​បាប​ប្រពន្ធ​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ត្រូវ​ជាប់​​ខ្នោះ

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ដែល​រាល់​ពេល​​ស្រវឹងស្រា​​តែង​តែ​វាយ​ធ្វើ​បា​ប​ប្រពន្ធ​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ខ្ទេច​ខ្ទី​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ហៅ​ទៅណែ​នាំ​ជា​ច្រើន​លើក​ច្រើន​សា​នោះ ​នៅ​តែ​មិន​កែ​ចរិត​​អគតិ​របស់​ខ្លួន​​ ដូច្នេះ​ហើយ​ត្រូវ​​ក្រុម​គ្រួសារ​ចាប់​ចង​យកទៅ​​ប្រគល់​ឱ្យ​ប៉ុលិស​ស្រុក​ខ្សាច់​កណ្តាល​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៨ ខែ​មីនា​។

ជន​នោះ​ឈ្មោះ​ចឺម ជា អាយុ​៣២​ឆ្នាំ ជា​កសិករ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​កណ្តាល​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​យិត វុន អាយុ​៣១​ឆ្នាំ ជា​កសិករ​។ ប៉ូលិ​ស​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​​ទី​៨ ខែ​មីនា ឆ្នាំ​២០១១ ឈ្មោះ​ចឺម ជា ត្រឡប់​មក​ពី​ផឹក​ស្រា​នៅ កោះ​ដាច់​​ឆ្លង​ទូក​មក​រោង​ចាំ​ចំការ​នៅ​កោះ​កាង​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់​កណ្តាល​វិញ​ឃើញ​ប្រពន្ធ​កំពុង​ដេកលើ​អង្រឹង​ ក៏​ស្ទុះ​ទៅ​បោច​សក់​ និង​ទះ​កំផ្លៀង​មួយ​ដៃ​ ហើយ​បំរុង​វាយ​ថែម​ទៀត​ តែ​ត្រូវ​ប្អូន​ប្រុស​បង្កើត​ និង​ម្តាយ​របស់​គេ​​​ចូលឃាត់​ ។ លើស​ពី​នេះ​​សាច់​ញាតិ​បាន​ចាប់​​​ចង​យក​ទៅ​​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំពិល​តែ​ម្តង​។

សមត្ថកិច្ច​​ប៉ូលិស​​បញ្ជាក់​ថា កន្លង​មក​ឈ្មោះ​ចឺម ជា​ តែង​តែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​វាយ​ប្រពន្ធ​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ដូច​ជា​ចាន ឆ្នាំង និង​ដុត​រោង​ចាំ​ចំការ​ទៀត​ផង​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំពិល​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​​អប់រំ និងឱ្យ​​ធ្វើ​កិច្ច​សន្យា​តាម​សំណូម​ពរ​របស់​ប្រពន្ធ​។ ជនស​ង្ស័យ​ឈ្មោះ​ចឺម ជា ត្រូវ​​សមត្ថ​កិច្ច​ប៉ូលិស​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ ៕