ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ​ជើង​ថ្មី​លន បញ្ញា បំបាក់​ជើង​ចាស់​ឈាន រស្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​៣ មីនា នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ព្រែក កំ​ពិស គេ​បាន​រក​ឃើញ​ជើង​ខ្លាំង​២​រូប​ទៀត​ហើយ​ឱ្យ​ឡើង​អង្គុយ​កៅអី​១៦​នាក់ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឡើង​ទៅ​អង្គុយ​កៅអី​មួយ​នេះ​បាន​ចំនួន​១០​នាក់​រួច​មក​ហើយ ។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​៣ មីនា នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ព្រែក
កំ​ពិស គេ​បាន​រក​ឃើញ​ជើង​ខ្លាំង​២​រូប​ទៀត​ហើយ​ឱ្យ​ឡើង​អង្គុយ​កៅអី​១៦​នាក់ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឡើង​ទៅ​អង្គុយ​កៅអី​មួយ​នេះ​បាន​ចំនួន​១០​នាក់​រួច​មក​ហើយ ។ កីឡាករ លន បញ្ញា មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធិ​តា​ដំបង​ដែក ដែល​គេ​ស្ទើរ​មិន​ធ្លាប់​ទាំង​ឮឈ្មោះ​នៅ​លើ​សង្វៀន​ផង​នោះ បាន​ក្លាយជា​អ្នក​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​១៦​នាក់​តាម​រយៈ​ការ​វាយ បំបាក់​កីឡាករ​ជើង​ចាស់ និង​ធ្លាប់​ល្បីឈ្មោះ ឈាន រស្មី ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ នៅ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ជើងឯក TV5 Knock Out Series K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។

យោង​តាម​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ស្រករ​មុន និង​ជំនាន់​ថ្មី​២​រូប​ប៉ះ​គ្នា ហើយ​កីឡាករ​វ័យក្មេង លន បញ្ញា បង្គោល​ក្រហម បែរជា​អាច​ទម្លាក់​គូប្រកួត​ឱ្យ​ធ្លាក់​ហាលអាវ​មិន​គួរ​ជឿ ក្នុង​ពេល​ដែល​គូប្រកួត​របស់​លោក​ដែល​បាន​ឡើង​ប្រកួត​នោះ គឺជា​ជើង​ខ្លាំង​ម្នាក់ ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​កេរ្តិ៍ឈ្មោះ​ជា​ជើង​ខ្លាំង ជា​យូរ​មក​ហើយ តែ​បែរជា​តស៊ូ​មិន​រួច​ដល់​ចប់​ទឹក​ទៅ​វិញ ។ មានការ​កត់​សម្គាល់ថា ការ​បរាជ័យ​របស់ ឈាន រស្មី មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគិរី ដែល​ជា​កីឡាករ​ល្អ​ម្នាក់ មិនមែន​ជា​រឿង​ស៊យ ឬ​ភ្លាត់ស្នៀត​នោះ​ទេ តែ​ជា​ការ​បរាជ័យ​ដោយ​ខ្វះ​បច្ចេកទេស និង​ជំហរ​វាយ​ទប់​១០០​ភាគរយ​តែ​ម្ដង ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ​ជា​គូប្រកួត​របស់​លោក​ហាក់​មាន​បច្ចេកទេស​ល្អ​ជាង​ក្នុង​ការ​វាយ​លុក​ម្ដង​ៗ​។

លន បញ្ញា ប្រកួត​ជាមួយ​កីឡាករ ឈាន រស្មី នៅ​ក្នុង​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​នឹក​ស្មានថា​កីឡាករ​វ័យក្មេង​ដែល​ទើបត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ស្រាប់តែ​មាន​សមត្ថភាព​ដល់​ម៉្លឹ​ង​នោះ​ទេ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​គេ​ឃើញ​បន្ទាប់​ពី​គេ​ស្រាប់តែ​អាច​វាយ​ទម្លាក់​ជើង​ខ្លាំង​មួយ​រូប​ឱ្យ​ធ្លាក់​ហាលអាវ​នៅ​ក្នុង​ទឹក​ទី​២ ។ ជាង​ពាក់​កណ្ដាល​អ្នក​ទៅ​ទស្សនា​ដោយ​ផ្ទាល់ សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​ពេល​មើលឃើញ​អ្នក​ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​រាប់​មិន​អស់ បែរជា​ប្រកួត​ទៅ​មិន​រួច​ជាមួយ​កីឡាករ​ថ្មោងថ្មី ដែល​ស្ទើរ​មិន​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​ស្គាល់​ពី​មុន​ទាល់តែ​សោះ ។ គ្រប់​គ្នា​សុទ្ធតែ​មានការ​លើក​ឡើង​ថា កីឡាករ លន បញ្ញា នឹង​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ជើង​ចាស់​បាន​ទេ ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​គឺ​គេ​មានឱកាស​បាន​ឈ្នះ​ការ​ប្រកួត​ទាល់​តែ​បាន ដោយ​សំអាង​ថា​ក្នុង​ពេល​ប៉ះ​គ្នា គេ​មាន​បច្ចេកទេស និង​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​ដាច់​ឆ្ងាយ ។

កីឡាករ​វ័យក្មេង​រូប​នេះ ក្រោយ​ពី​ត្រូវ​ប្រកាស​ថា​ឈ្នះ​គេ​អរ​ស្ទើរ​ហោះ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ជើង​ចាស់​ម្ខាង​ទៀត​ស្រាប់តែ​ត្រូវ​បាន​រាប់​២​ដង​ក្នុង​ទឹក​ទី​២ ដែល​ធ្វើ​គេ​មើល​ឃើញ​ថា កីឡាករ​បង្គោល​ខៀវ​ក៏​លែង​ចង់​តស៊ូ​នោះ ។ ពេញ​រយៈពេល​២​ទឹក គេ​ឃើញ​កីឡាករ ឈាន រស្មី ប្រឹង​បញ្ចេញ​ក្បាច់​ប្លែក​ៗ​ដើម្បី​វាយ​សម្លុត​គូប្រកួត​ប៉ុន្តែ​កម្រិត​នៃ​ការ​វាយ​ចេញ​របស់​គេ​គឺ​រំពឹង​តែ​លើ​គូប្រកួត​វាយ​សម្រុក ហើយ​បាក់​ជំហរ​ប៉ុណ្ណោះ បើ​ឱ្យ​លោក​ស្ទុះ​វាយ​ចេញ​មុន​ដើម្បី​យក​តែម គឺ​មិនសូវ​មាន​ទេ​សម្រាប់​ការ​ប្រកួត​មួយ​នេះ អ៊ីចឹង​ហើយ​ទើប​ឱកាស​បាន​ឈ្នះ​មិន​អាច​ទៅ​រួច ។

ការ​ប្រកួត​ទាំងមូល​កាន់តែ​ឃើញ​ពី​ចំណុចខ្សោយ​របស់​គេ​ទ្វេ​ដង នៅ​ពេល​ដែល​កីឡាករ​វ័យក្មេង លន បញ្ញា អាច​វាយ​សម្រុក​ត្រូវ​ចំ​គោលដៅ ហើយ​ប្រើ​កម្លាំង និង​បច្ចេកទេស​វាយ​ចូល​ដោយ​មិន​ញញើត​គូប្រកួត ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ក៏​ញាក់សាច់ និង​កោត​សរសើរ​​មិន​ដាច់ ។ មួយ​ដៃ​ៗ​របស់​កីឡាករ ឈាន រស្មី ដែល​ត្រូវ​ចំ​គោលដៅ​ម្ដង​ៗ​គឺ​មាន​ទម្ងន់​ខ្លាំង ប៉ុន្តែ​កីឡាករ​បង្គោល​ក្រហម​នៅ​តែ​អាច​ទប់​ជាប់ ហើយ​វាយ​សម្រុក​បាន​ល្អ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​ត្រូវ​អ្នកគាំទ្រ​ពេញចិត្ត ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ស្ទុះ​ចូល​វាយ​ប្ដូរ ហើយ​លទ្ធផល​ចុង​ក្រោយ​អាច​ឱ្យ​កីឡាករ ឈាន រស្មី បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ស្រាប់តែ​កីឡាករ​វ័យក្មេង​មិនសូវ​មានបទពិសោធន៍​ច្រើន លន បញ្ញា អាច​បំបាក់​កីឡាករ​ល្បីឈ្មោះ និង​ជា​ជើង​ខ្លាំង​ម្នាក់​ឱ្យ​ធ្លាក់​ហាលអាវ​មុន​ចប់​ទឹក​ទី​៣​។

លោក​ថា រវាង​កីឡាករ​ទាំង​ពីរ​បើ​និយាយ​ពី​បទ​ពិសោធន៍​គឺ​ខុស​គ្នា​ជិត​មួយ​ជា​២ ប៉ុន្តែ​មក​ពី​កីឡាករ​ខុស​ជំនាន់​ទាំង​ពីរ​មាន​គីឡូ​ប៉ុនគ្នា ហើយ​ហ៊ាន​ប្រកួត​គ្នា​ក្នុង​ពេល​ផ្គូផ្គង ទើប​ខាង​​គណៈកម្មការ​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ក្នុង​ការ​ដណ្ដើម​ជើងឯក​រួម​គ្នា ។ លោក​ថា ការ​ប្រកួត​ដណ្ដើម​ជើងឯក​រដូវ​កាល​ថ្មី​ទើបតែ​បាន​ស​ប្ដា​ហ៍​ទី​៦​ប៉ុណ្ណោះ តែ​មាន​ភាព​ទាក់​ទាញ ដោយសារ​សមាសភាព​កីឡាករ​ខ្លាំង​ៗ និង​ល្បីឈ្មោះ​រហូត​ដល់​ជាង​ពាក់កណ្ដាល ក៏​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្នុង​ចំណោម​កីឡាករ​៣២​រូប​ដែល​ខាង​គណៈ​កម្ម​ការ​ ទើបតែ​ជម្រើស​ថ្មី​មាន​លាយឡំ​ទាំង​កីឡាករ​ល្បី​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ និង​កីឡាករ​វ័យក្មេង​មួយ​ៗ​ដោយសារ​តែ​លោក​ចង់​បណ្ដុះ​អ្នកមាន​សមត្ថភាព​ជំនាន់​ក្រោយ ។

យ៉ាងណាមិញ លោក​ថា បើ​ទោះជា​ក្នុង​ចំណោម​សមាសភាព​ដែល​ចូលរួម​ប្រកួតប្រជែង​មាន​កីឡាករ​មួយ​ចំនួន​វ័យក្មេង និង​មានបទពិសោធន៍​តិច​ជាង​កីឡាករ​ជើង​ចាស់ តែ​លោក​​ប្រកាស​ថា​គឺ​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ដូច​ជា​ករណី​កីឡាករ លន បញ្ញា ដែល​អាច​បំបាក់​ជើង​ខ្លាំង​បាន​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ភស្តុ​តាង​ស្រាប់់ ។

លោក​ថា​កីឡាករ​ល្បីឈ្មោះ ហើយ​ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន មិន​ប្រាកដ​ថា​អាច​មើល​ស្រាល​កីឡាករ​វ័យក្មេង​ដែល​ទើប​ឈាន​ឡើង​បាន​ទេ ដោយសារ​តែ​ក្នុង​ពេល​ប្រកាស​ជ្រើស​រើស​ គឺ​លោក និង​គណៈកម្មការ​សុទ្ធតែ​បាន​កត់សម្គាល់​ពី​បច្ចេកទេស និង​ភាព​ក្លាហាន​របស់​កីឡាករ​ទាំង​៣២​រូប ។ ខណៈ​ដែល​រូបមន្ត​ដែល​បាន​ធ្វើ​ឡើង​ក៏​ត្រូវ​លោក​ប្រកាស​ថា​មិន​មាន​ប៉ុស្ដិ៍​ផ្សេង​ធ្វើ​បាន ដោយសារ​តែ​ការ​ប្រកួត​ម្ដង​ៗ​គឺ​ត្រូវការ​ជ្រើសរើស​កីឡាករ​ដែល​មាន​សមត្ថភាព និង​គីឡូ​ឱ្យ​ត្រូវ​គ្នា​រហូត​ដល់​៣២​រូប​មក​ពី​ក្លិប​ផ្សេង​គ្នា ក្រោម​រូបមន្ត​ឱ្យ​ប្រកួត​ចាប់​គូ​គ្នា​ចាញ់​ធ្លាក់​ៗ​ដែល​មិន​ភ័យ​រឿង​អ្នក​ណា​ប្រកួត​មិន​អស់ដៃ។

លោក​បាន​ហៅ​រូបមន្ត​នេះ​ថា ជា​រូបមន្ត​ធ្វើ​ឱ្យ​លោក និង​អ្នកគាំទ្រ​ពេញចិត្ត​រាល់​លទ្ធផល​ដែល​កើតឡើង ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​ប្រឹង​ប្រកួត​អស់ដៃ ដែល​អាច​និយាយ​​បាន​ថា ​អ្នក​ចាញ់​ធ្លាក់ និង​អ្នក​បាន​ឡើង សុទ្ធតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត​មិន​ខុស​គ្នា ។ ឆ្លង​ផុត​ការ​ប្រកួត​ស​ប្ដា​ហ៍​ទី​៦ គឺ​មាន​ន័យ​ថា សង្វៀន​ប៉ុស្ដិ៍​លេខ​៥​របស់​លោក​រក​ឃើញ​អ្នក​ឡើង​អង្គុយ​កៅអី​១៦​នាក់​បាន​១២​រូប​ហើយ ដោយ​រង់​ចាំតែ​២​ស​ប្ដា​ហ៍​បន្ទាប់​ត្រូវ​បញ្ចប់ នឹង​ឈាន​ដល់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ