ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​រក​ចំណូលបាន​ជិត​5​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ចេញផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៧​ពេញ ក្រសួង​រក​ចំណូល​បាន​ប្រមាណ​១៩,៣​ទ្រី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​សម្រេច​បាន​១០៦,១%​នៃ​ផែនការ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ចេញផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៧​ពេញ ក្រសួង​រក​ចំណូល​បាន​ប្រមាណ​១៩,៣​ទ្រី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​សម្រេច​បាន​១០៦,១%​នៃ​ផែនការ ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ប្រាក់​ចំណូល​ដែល​ស្ថាប័ន​ក្រោម​ឱវាទ​រកបាន​នោះ ចំណូល​ពី​សារពើពន្ធ ដែល​មាន​ពន្ធគយ និង​រដ្ឋាករ និង​ពន្ធដារ បាន​សម្រេច​លើស​ផែនការ​រហូត​ដល់​៨,៤% ហើយ​ចំណូល​មិនមែន​សារពើពន្ធ ប្រមូល​បាន​លើស​ច្បាប់​កំណត់​៨,១% និង​ចំណូល​មូលធន​ប្រមូល​បាន​៩៩,៧%​នៃ​ច្បាប់ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ចំណាយ​តាម​អង្គភាព​ថវិកា ភាគច្រើន​បាន​ល្អ​ជាង​កាលពី​ឆ្នាំ​២០១៦ ដោយ​អនុវត្ត​កាន់តែ​ខិត​ជិត​ឥណទាន​ច្បាប់ លើកលែងតែ​ករណី​ដែល​មានការ​បន្ថែម​ឥណទាន​ថវិកា តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ជា​ពិសេស ការ​អន្តរាគមន៍​របស់​រដ្ឋ​លើ​ការ​ជំរុញ​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កន្លង​មក​ថា ឆ្នាំ​២០១៨ នេះ កម្ពុជា​បាន​កំណត់​យក​ផលទុនជាតិ​សរុប​នឹង​កើនឡើង​ដល់​ប្រមាណ​២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ធ្វើ​ឲ្យ​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​កើនឡើង​ដល់​១.៤៣៥​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​ចេញផ្សាយ​នា​ពេល​កន្លង​មក​ឲ្យ​ដឹង​ថា ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ភាពរឹងមាំ ផលទុនជាតិ​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់​ដែរ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​មាន​ផលទុនជាតិ​សរុប​ជាង​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​កើនឡើង​ដល់​ប្រមាណ​ជាង​២២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ។

បើ​តាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ យោង​ទៅ​លើ​ស្ថានភាព​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​។ លោក​ថា ៖« ស្ថាប័ន​អន្តរ ជាតិ​ធំ​ៗ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​៦,៩%​ក្នុង​ឆ្នាំ​២០១៨ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា វា​អាច​នឹង​កើន​ដល់​៧%​ឯណោះ​ក្នុង​ឆ្នាំ​២០១៨​នេះ » ។

គួរ​បញ្ជាក់​ថា កាលពីដើម​ស​ប្ដា​ហ៍​មុន​នេះ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​ជ្រើសរើស​យក​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​ចំណូល​ជាតិ ក្នុង​នោះ​ប្រាសាទ​អង្គរ​ដែល​ល្បី​ពាសពេញ​ពិភពលោក រក​ចំណូល​បាន​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ។ ដូចនេះ រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​កែ​លម្អ និង​ស្វែងរក​តំបន់​ទេសចរណ៍​ល្បី​ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា ។ ក្រៅពី​ចំណូល​សម្រាប់​ជាតិ វិស័យ​ទេសចរណ៍​ក៏​បាន​ផ្ដល់​ប្រយោជន៍​ទាំង​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ