ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​-​អាស៊ាន​កើនឡើង ខណៈ​ជាមួយ​កម្ពុជា​នៅ​មាន​កម្រិត

6 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​អូស្ត្រាលី ៖ សហគមន៍​អាស៊ាន​បាន​ក្លាយទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក ហើយ​តំបន់​អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣​របស់​ប្រទេស​អូស្ត្រាលី ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​-​អាស៊ាន បាន​កើនឡើង​ប្រមាណ​១០% ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​រូប ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៩​រូប​នៅ​អូស្ត្រាលី…

ប្រទេស​អូស្ត្រាលី ៖ សហគមន៍​អាស៊ាន​បាន​ក្លាយទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក ហើយ​តំបន់​អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣​របស់​ប្រទេស​អូស្ត្រាលី ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​-​អាស៊ាន បាន​កើនឡើង​ប្រមាណ​១០% ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​រូប ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៩​រូប​នៅ​អូស្ត្រាលី នា​ពេល​ថ្មី​ៗ​នេះ ។

លោកស្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដដែល​បាន​លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​ទំនិញ (Australian merchandise trade) រវាង​អាស៊ាន​មាន​សមាជិក​ទាំង​១០​ប្រទេស និង​ប្រទេស​អូស្ត្រាលី​សម្រាប់​ការ​នាំ​ចេញ​-​នាំ​ចូល សម្រេច​បាន​ប្រមាណ​ជាង​៧២.៦៥៩​លាន​ដុល្លារ​អូស្ត្រាលី សម្រាប់​ឆ្នាំ​២០១៦-២០១៧ ក្នុង​នោះ​ការ​នាំ​ចូល​ពី​អាស៊ាន​ទៅ​អូស្ត្រាលី​មាន​ទំហំ​៤៣.៤៩៩​លាន​ដុល្លារ​អូស្ត្រាលី ខណៈ​ការ​នាំ​ចេញពី​អូស្ត្រាលី​ទៅ​អាស៊ាន មាន​ចំនួន​តែ​២៩.១៦០​លាន​ដុល្លារ​អូស្ត្រាលី​ប៉ុណ្ណោះ ។

យ៉ាងណាមិញ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជ​កម្ម​អូស្ត្រាលី (dfat) បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច មាន​ដូច​ជា កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ឡាវ គឺ​នៅ​មាន​កម្រិត​នៅឡើយ ។ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​៣​ប្រទេស​រួម​មាន កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ឡាវ ជាមួយ​អូស្ត្រាលី គឺ​មាន​ចំនួន​ប្រហែល​១៦៤​លាន​ដុល្លារ​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០០៩​តែ​ប៉ុណ្ណោះ ហើយ​មាន​កំណើន​បន្តិចបន្តួច​គិត​មក​ដល់​បច្ចុប្បន្ន ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទំនិញ (Australian merchandise trade) រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​សម្រាប់​ការ​នាំ​ចេញ​-​នាំ​ចូល​ឆ្នាំ​២០១៦-២០១៧ គឺ​មាន​ចំនួន​២៥០.៤៣៥​ដុល្លារ​អូស្ត្រាលី ឬ​មាន​កំណើន​ប្រមាណ​៧,១% ។ ក្នុង​នោះ ការ​នាំ​ចេញពី​អូស្ត្រាលី​មក​កម្ពុជា មាន​ចំនួន​៣៨.៧០២​ដុល្លារ​អូស្ត្រាលី ខណៈ​អូស្ត្រាលី​នាំ​ចូល​ពី​កម្ពុជា​មាន​ចំនួន​២១១.៧៣៣​ដុល្លារ​អូស្ត្រាលី ។ ក្នុង​នោះ ផលិតផល​នាំ​ចូល​ពី​កម្ពុជា មាន​ដូច​ជា សម្លៀក​បំពាក់​វាយនភ័ណ្ឌ ស្បែកជើង មាស និង​ខោអាវ​ចាក់​ស្ត្រី ។ ចំណែក​ទំនិញ​នាំ​ចេញពី​អូស្ត្រាលី​មក​កាន់​ទីផ្សារ​កម្ពុជា​សំខាន់​ៗ​មាន​ដូច​ជា ស្រូវ​សាឡី នំ​បុ័ង កុំព្យូទ័រ ជា​ពិសេស​សាច់​គោ​អូស្ត្រាលី ។

សម្រាប់​វិនិយោគិន ក៏​ដូច​ជា​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​សម្លឹង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អាស៊ាន​ផង​ដែរ ក្នុង​នោះ ប្រទេស​សិង្ហ​បុរី ថៃ និង​ម៉ា​ឡេ​ស៊ី គឺ​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ។ ក្នុង​នោះ ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សិង្ហ​បុរី​មាន​ចំនួន​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​៣០% បន្ទាប់​មក​គឺ​ប្រទេស​ថៃ មាន​ទំហំ​១៩,២​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​២៥% និង​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​១៣,៣​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​១៧% ។

លោកស្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ប្រសាសន៍​បន្ត​ថា ទំនាក់ទំនង​រវាង​អាស៊ាន​និង​អូស្ត្រាលី គឺ​ពិតជា​សំខាន់​ណាស់ មិន​ត្រឹមតែ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នោះ​ទេ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​ការពារ​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ ។

លោកស្រី​បន្ត​ថា ៖« ដោយសារ​តែ​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​អាស៊ាន មាន​សារ​សំខាន់ ជា​ពិសេស ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​អាស៊ាន គឺ​សំខាន់​សម្រាប់​ប្រទេស​អូស្ត្រាលី ហេតុ​ដូច្នេះ​ហើយ វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវ​ដឹង​ថា មាន​អ្វីខ្លះ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​ទាំងនេះ ហើយ​យើង​ក៏​សង្ឃឹមថា អាស៊ាន​នឹង​ក្លាយជា​ដៃគូ​ពាណិជ្ជ​កម្ម​​ធំ​ទី​២ សម្រាប់​ប្រទេស​អូស្ត្រាលី នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ » ។

លោក​សាស្ត្រាចារ្យ John Blaxland នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី មាន​ប្រសាសន៍​ថា សហគមន៍​អាស៊ាន​គឺ​មាន «​អនាគត​ត្រចះត្រចង់​» និង​ក្លាយជា​ទីផ្សារ​ធំ​មួយ​ក្នុង​ពិភព​លោក​ផង​ដែរ ដូច្នេះ​ហើយ​ទើប​អាស៊ាន​សំខាន់​សម្រាប់​ពួក​យើង ព្រោះ​អាស៊ាន​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មិនធម្មតា​ទេ ជា​ពិសេស​គឺ​សុខុម​នី​យ​កម្ម​ក្នុង​តំបន់​នេះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧-១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ី​ដ​នី និង​ដឹកនាំ​ការ​ប្រជុំ​កំពូល​ដោយ​នាយក​​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Bligh Turnbull ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ ។ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ប្រទេស​អូស្ត្រាលី នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ។ កិច្ចប្រជុំ​កំពូល​ខាង​មុខ​នេះ ក៏​មាន​ជា​វេទិកា​តុមូល (CEO Forum) ដែល​មាន​អ្នកជំនួញ​ប្រមាណ​ជាង​៦០​នាក់​មក​ពី​អាស៊ី​អាគ្នេយ៍ ចូលរួម​ជជែក​ពិភាក្សា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល (digital trade) ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​ផង​ដែរ ។

យ៉ាងណាមិញ យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី​មួយ​ដែល​មានឈ្មោះ​ថា thecourier ចុះ​ផ្សាយ​កាលពី​ចុងខែ​កុម្ភៈ កន្លង​ទៅ បាន​សរសេរ​ថា ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី នឹង​ដឹកនាំ​ការ​ប្រជុំ​ខាង​មុខ​នេះ វា​ជា​ឱកាស​មួយ​ដែល​អាច​នឹង​ជំរុញ​ឱ្យ​អូស្ត្រាលី​គិតគូរ ពី​អនាគត​របស់​ខ្លួន ចូល​ជា​សមាជិក​មួយ​របស់​អាស៊ាន​ផង​ដែរ។ ការ​គិតគូរ​គោលនយោបាយ​បាន​អំពាវនាវ​ឱ្យ​អូស្ត្រាលី​បង្កើន​អនាគត​របស់​ខ្លួន​នៅ​អាស៊ី ដោយ​ចូលរួម​ជាមួយ​អាស៊ាន​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ។ របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ពី​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ដ្រាលី ធ្វើ​ឱ្យ​មានការ​គិតគូរ​ពី​រឿង​សមាជិកភាព​នេះ ។

របាយការណ៍​សរសេរ​ដោយ​លោក Graeme Dobell បាន​លើក​ឡើង​ថា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ អាច​ទទួលយក​ទម្រង់​ថ្មី​នៃ​សមាជិកភាព​ជា​ដៃគូ​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០២៤ ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ចូលរួម​អាស៊ាន គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ផ្តល់​នូវ​ការ​បញ្ចេញមតិ​ពេញលេញ​ទៅ​អនាគត​របស់​យើង​នៅ​អាស៊ី​អាគ្នេយ៍ និង​នៅ​អាស៊ី​​ឱ្យ​កាន់តែ​ទូលំទូលាយ ។ កិច្ចប្រជុំ​កំពូល​ស៊ី​ដ​នី​អាច​ធ្វើ​ឱ្យ​មហិច្ឆតា​ក្លាយជា​និមិត្ត​រូប​ឈាន​ទៅ​ដល់​និរន្តរភាព​» ។ លោក Dobell និយាយ​ថា អាស៊ី​អាគ្នេយ៍​កំពុង​មាន​អារម្មណ៍​សម្ពាធ​ពី​ប្រទេស​ធំ​ៗ ដូច​ជា អា​មេ​រិ​ក ចិន ជប៉ុន និង​ឥណ្ឌា ។

លោក​បន្ត​ថា ៖« អាស៊ាន​ជា​ក្រុម​ថាមពល​កណ្តាល ត្រូវការ​ថាមពល​កណ្តាល​បន្ថែម​ពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ »​។ របាយការណ៍​បាន​ទទួលស្គាល់​ថា វា​នឹង​ក្លាយជា​សមរ​ភូមិ​ដ៏​លំបាក​មួយ​ដើម្បី​ទទួល​បាន​សមាជិកភាព​នៅ​ក្នុង​សហគមន៍​ប្រទេស​ចំនួន​១០​នេះ ដែល​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ធំ​ៗ​បំផុត​នឹង​ពាក់ព័ន្ធ​ផ្នត់គំនិត​ផ្ទាល់ខ្លួន​របស់​ប្រទេស​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ