ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តំណាង​រាស្ត្រ​​​ម៉ៅ មុនី​វណ្ណ ចាក​ចេញ​​ពីគណបក្ស​សម រង្ស៊ី ​​ទៅចូល​រួម​ជា​មួយគណបក្សសិទ្ធិ​មនុស្ស

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកម៉ៅ មុនីវណ្ណ ​​​បន្ទាប់ពី​​លា​ឈប់​ធ្វើជា​តំណាង​​​រាស្ត្រ​​​របស់​គណ​បក្ស​​សម រង្ស៊ី ​នាពេលថ្មីៗ​នេះ​ ឥឡូវ​បាន​ប្រកាស​​​នៅ​ក្នុង​​សន្និសីទ​​​កាសែត​មួយ​នៅទីធ្លា​​ខាង​មុខ​រដ្ឋ​សភា​​ កាលពីព្រឹកថ្ងៃទី​​​២៣ មីនា ២០១១ ថា រូប​លោក​ និង​សមាជិកក្រុម​ការងារ​​ជាង​​១០​នាក់ ​​ទៀត​ប្រចាំ​​ខេត្តកំពង់ចាម និង​ខេត្ត​​តាកែវ បាន​សម្រេច​​ចាកចេញពី​គណបក្ស​​សម រង្ស៊ី ​ទៅចូល​រួមជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​​របស់​លោកគឹម សុខា វិញ​ហើយ​។​

លោកម៉ៅ ​​មុនីវណ្ណ ​​បានមាន​ប្រសាសន៍​​ថា ការ​ដែលលោកទៅ​រួម​​ជាមួយ​គណបក្ស​​សិទ្ធិ​មនុស្ស​​ គឺមកពី​គណបក្ស​​មួយនេះ​​មាន​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​ពិតប្រាកដ ​គោរព​​ការងារ​​បានត្រឹម​ត្រូវ​ និង​ទុកចិត្ត​​​សម្រាប់​អនាគត​​…​ចំណែក​​គណ​បក្ស​​​សម​ រង្ស៊ី ​​លែង​មាន​ប្រជាធិបតេយ្យ​​ទៀត​ហើយ ​ម្យ៉ាងទៀត ​លោកប្រធាន​សម រង្ស៊ី ​រស់​នៅ​​ក្រៅប្រទេស​​ជា​របៀប​​​និរទេស​​ គ្មាន​គោល​ដៅ​​​ច្បាស់​លាស់ គ្មានសិទ្ធិ​​សម្រេច​ការងារ​​អ្វីទេ ​ប្រគល់​ឱ្យ​​តែ​លោកយឹម សុវណ្ណ និង​លោក​​អេង ឆៃអ៊ាង ​ចាត់ចែង​​ប្រកប​ដោយ​​​បក្សពួក​និយម ។

សូ​ម​បញ្ជាក់​ថា បន្ទាប់​ពី​ភ្ញាក់ផ្អើល​តំណាង​រាស្ត្រ​​លា​ឈប់​ពីគណបក្ស​​សម រង្ស៊ី នោះ កាល​ពីវេលាម៉ោង​​​៩​ព្រឹក ថ្ងៃទី​​២២ មីនា ២០១១ ​នៅ​ទីធ្លា​ខាង​មុខ​រដ្ឋ​​​សភា​​ ​លោកម៉ៅ ​មុនី​​វណ្ណ ​អតីត​តំណាង​រាស្ត្រ​​​មណ្ឌល​កំពង់ចាម និង​បច្ចុប្បន្ន​​​ជា​ប្រធាន​​ក្រុមការ​ងារ​​​គណបក្ស​សម រង្ស៊ី ​ប្រចាំ​ខេត្ត​​​តាកែវ បាន​ប្រកាស​នៅក្នុង​សន្និ​សីទ​​​កាសែត​ថា ​លោកបាន​លា​ឈប់​​ពីតំណាង​រាស្ត្រ​​​គណបក្ស​សម រង្ស៊ី ​​ជា​ផ្លូវការហើយ​ ​និងសុំ​ឱ្យមានការ​​កែ​ទម្រង់​​​គណបក្ស​នេះ​​ជា​បន្ទាន់ ​ដោយ​អះអាង​​ប្រាប់​អ្នក​​កាសែត​​​ថា គណ​បក្ស​សម​ រង្ស៊ី ​​ស្ថិតនៅ​ក្រោមឥទ្ធិពល​​គ្រួសារ​​លោក​យឹម សុវណ្ណ ​និង​លោក​អេង ឆៃ​អ៊ាង ។

លោកម៉ៅ ​មុនីវណ្ណ បន្ត​ថា ​ខណៈ​ដែល​លោក​​ចាកចេញ​ពី​​គណបក្សសម រង្ស៊ី ​គឺ​​មិន​ទៅ​ចូល​រួម​​ជា​មួយ​​គណបក្ស​​​ប្រជាជន​កម្ពុជា​ ឬគណ​បក្ស​​​​ណា​នៅ​ឡើយទេ​​… ប៉ុន្តែ​​លោកព្រមាន​​​ថា បើគ្មានការ​កែ​ទម្រង់​​ទេ លោក និង​សមាជិក​​ឯទៀត​​​នឹងទៅ​ចូល​រួម​​ជាមួយគណបក្ស​ណា​​ដែលមាន​ប្រជាធិប​តេយ្យពិតប្រាកដ​​ ៕​