ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​កូរ៉េ​អះអាង​ពី​ការ​បន្ដ​សាងសង់​អគារ​42​ជាន់ និង​គម្រោង​ខុន​ដូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ឯ​ក្រសួងការបរទេស មន្ត្រីជាន់ខ្ពស់​សាធា​រណ​រដ្ឋ​កូរ៉េ​ខាងត្បូង បាន​អះអាង​ពី​ការ​បន្ដ​សាងសង់​អគារ Golden…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ឯ​ក្រសួងការបរទេស មន្ត្រីជាន់ខ្ពស់​សាធា​រណ​រដ្ឋ​កូរ៉េ​ខាងត្បូង បាន​អះអាង​ពី​ការ​បន្ដ​សាងសង់​អគារ Golden Tower 42​ជាន់ និង​គម្រោង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​ផ្អាក​ដំណើរការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នេះ​បើ​យោង​តាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស ។

អនុរដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​កូរ៉េ លោក Yoon Soon-Gu បាន​ថ្លែង​ដោយ​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ជូន​លោក​ទេស​រដ្ឋមន្ត្រី និង​បាន​កត់​សម្គាល់​ដោយ​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​នោះ លោក​ក៏​បាន​អះអាង​ពី​បំណង​របស់​រដ្ឋាភិបាល​កូរ៉េ ក្នុង​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ពិសេស​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម និង​វិនិយោគ​។ គណៈប្រតិភូ ក៏​បាន​ជម្រាប​លោក​ទេស​រដ្ឋមន្ត្រី​ពី​បំណង​របស់​វិនិ​យោ​គិន​​កូរ៉េ​បន្ត​ដំណើរការ​គម្រោង​សាងសង់​អគារ​ខុន​ដូ​៤២​ជាន់ និង​គម្រោង​នៅ​កាំ​កូ​ស៊ី​ធី ដែល​បាន​ផ្អាក​ដំណើរការ​ក្នុង​រយៈកាល​កន្លង​មក ។

ការ​ចាប់ផ្តើម​បន្ត​សាងសង់​ឡើង​វិញ​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា ដោយសារ​ម្ចាស់​គម្រោង​មាន​ភាព​ជឿជាក់​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច សិ្ថ​រ​ភាព​នយោបាយ និង​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ លើស​ពី​នេះ វត្តមាន​អគារ​៤២​ជាន់ ក៏​នឹង​ចូលរួម​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង នាយក​ក្រុមហ៊ុន CPL​មាន​ប្រសាសន៍​កន្លង​មក​ថា ៖« ប្រសិនបើ​ម្ចាស់​គម្រោង​អគារ​៤២​ជាន់ គាត់​មិន​មាន​ភាព​កក់ក្តៅ អត់​មាន​ទីផ្សារ និង​ការ​ជឿជាក់​ទេ ខ្ញុំ​ជឿ​ថា គាត់​មិន​អាច​បន្ត​ការ​សាងសង់​អគារ​៤២​ជាន់​នេះ នៅ​ដើមឆ្នាំ​២០១៨​ទេ ។ បើ​គាត់​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​បោះ​ឆ្នោត ឬ​បញ្ហា​អ្វី គាត់​អាច​រង់ចាំ​មើល​ការ​បោះ​ឆ្នោត​រួចរាល់​ទើប​សាងសង់ ក៏​មិន​ហួសពេល​ដែរ តែ​ការ​សម្រេចចិត្ត​នេះ ក៏​ព្រោះតែ​ម្ចាស់​គម្រោង​មានការ​ជឿជាក់​ទៅ​លើ​ទីផ្សារ​ថា វា​នឹង​ល្អ ពិសេស​អគារ​នេះ​នៅ​ចំ​ទីតាំង​ល្អ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់ ហើយ​នេះ​ជា​ចំណុចខ្លាំង​របស់​គាត់ ធ្វើការ​សិក្សា​ហើយ​សម្រេច​សាងសង់ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ការ​ចាប់ផ្តើម​សាងសង់​ឡើង​វិញ ដើម្បី​បញ្ចប់​គម្រោង​អគារ​កម្ពស់ ៤២​ជាន់​នេះ វា​គឺជា​មុខមាត់​ថ្មី​មួយ​សម្រាប់​វិស័យ​ខុន​ដូ នឹង​កាន់តែ​មាន​ភាព​ជឿជាក់ ។ ប្រសិនបើ​វា​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​វិញ និង​អាច​បញ្ចប់​សព្វគ្រប់​ដូច​ការ​គ្រោងទុក វា​ពិតជា​អស្ចារ្យ​សម្រាប់​ប្រទេស​យើង​ផង​ដែរ » ។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​កន្លង​មក​ថា ម្ចាស់​គម្រោង​នៃ​អគារ​៤២​ជាន់ បាន​ធ្វើ​លិខិត​មួយ​មក​ក្រសួង​ថា​នឹង​ចាប់​បន្ត​ដំណើរការ​នៅ​ឆ្នាំ​២០១៨​នេះ ។

បើ​តាម​លោក​អនុរដ្ឋលេខាធិការ គម្រោង​នេះ នឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។

គួរ​បញ្ជាក់​ថា អគារ Gold Tower 42​ជាន់ បាន​បញ្ចប់​ការ​សាងសង់​ដល់​ជាន់​ទី​៣១​ហើយ​។ នៅ​ពេល​សាងសង់​រួច អគារ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន​៥​ជាន់ និង​ចាប់ពី​ជាន់​ទី​១​ដល់ទី​៣ ជា​ផ្សារ​ទំនើប​, ពី​ជាន់​ទី​៤​ដល់​ជាន់​ទី​១២ ជា​អគារ​ការិយាល័យ និង​ចាប់ពី​ជាន់​ទី​១៣​ដល់​ជាន់​ទី​៤២ ជា​ខុន​ដូ​ដែល​មាន​ចំនួន​៣៩៩​យូ​នី​ត ដែល​ត្រូវ​បាន​ក្រុមហ៊ុន​YUNWOO Co, Ltd កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន SHENGZHENG HONGTOAO Decoration និង​ក្រុមហ៊ុន WAIMAN Construction & Engineering (Macao China) ដើម្បី​ចាប់ផ្តើម​សាងសង់​អគារ​នេះ ៕

កែសម្រួលដោយ