ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​3 កាន់តែ​មាន​សកម្មភាព​វិនិយោគ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​ស្ថាបនា​ពង្រីក​បន្ថែម​ទៀត​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ឬ​ពិបាកធ្វើ​ដំណើរ ។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ផ្លូវជាតិ​លេខ​៣ នឹង​ត្រូវ​ស្ថាបនា​ពង្រីក​បន្ថែម​ទៀត​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ឬ​ពិបាកធ្វើ​ដំណើរ ។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​មួយ​នេះ ក៏​កំពុង​តែ​មាន​សកម្មភាព​វិនិយោគ​មមាញឹក​ទៅ​លើ​វិស័យ​ដីធ្លី ក្នុង​នោះ​គេ​សង្កេត​ឃើញ​មានការ​ចាក់​ពង្រាបដី​ធំ​ៗ និង​មាន​តំបន់​ខ្លះ​កាត់​ពុះ​ជា​ឡូត៍​សម្រាប់​លក់​ផង​ដែរ ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Advance បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ សកម្មភាព​វិនិយោគ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ មិន​មាន​ទុន​ធំ​ៗ​ទេ ហើយ​ភាគច្រើន​នៃ​ការ​វិនិយោគ​នៅ​តំបន់​នោះ គឺជា​តំបន់​រោងចក្រ​ឧស្សាហកម្ម ។ អីចឹង ការ​ចាក់​បំពេញ​ដី និង​ពង្រាបដី​មាន​ទំហំ​ធំ​ៗ​នោះ ក៏​ដើម្បី​សង់​ជា​ឃ្លាំង និង​រោង​ចក្រ​ប៉ុណ្ណោះ ។

លោក​ថ្លែង​ថា ៖« នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី រោងចក្រ​មួយ​ចំនួន​ដែល​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ផ្លាស់​​ប្តូរ​ទៅ​នៅ​ជាយក្រុង​វិញ ហើយ​តំបន់​នៅ​តាម​ផ្លូវជាតិ ជា​ពិសេស ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ គឺជា​តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​រោងចក្រ​ឧស្សាហកម្ម ព្រោះ​អី​តំបន់​ទាំងនោះ​ងាយស្រួល​ក្នុង​ការ​នាំ​ទំនិញ​ចេញ​-​ចូល​ទៅ​កាន់​កំពង់​ផែ​អន្តរជាតិ » ។

លោក​បន្ត​ថា កាលពីមុន រោងចក្រ​សហគ្រាស​បាន​ដាក់​ទីតាំង​នៅ​ផ្លូវ​វេ​ង​ស្រេង និង​តំបន់​ជិត​ៗ​ក្រុង ក៏​ប៉ុន្តែ​បច្ចុប្បន្ន តំបន់​ទាំងនោះ​បាន​ក្លាយជា​តំបន់​លំនៅ​ឋាន​សម្រាប់​ការ​រស់​នៅ​​វិញ​ម្ដង​។ ដូចនេះ ទើប​ធ្វើ​ឲ្យ​ចរាចរណ៍​មាន​ភាព​មមាញឹក និង​កាន់តែ​ស្ទះ​ខ្លាំង​ឡើង ដែល​តម្រូវ​ឲ្យ​មានការ​រុះរើ​រោងចក្រ​ទៅ​កាន់​តំបន់​ជាយក្រុង​វិញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ ។

ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​នេះ លោក ប៉ូ អ៊ា​វ​គង់ បាន​និយាយ​ថា ៖ «ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ទាំងមូល​នៅ​កម្ពុជា ព្រោះ​កម្ពុជា​យើង​មាន​ប្រវត្តិ​បោះ​ឆ្នោត​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ។ ដូចនេះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ យើង​រំពឹង​ថា ការ​វិនិយោគ​នឹង​កាន់តែ​កើន​ឡើង​​ថែម​ទៀត​។ បច្ចុប្បន្ន លំហូរ​វិនិយោគ​ពី​បរទេស​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស វិនិយោគិន​មក​ពី​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង ដែល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​កំណើន​ច្រើន ហើយ​បាន​និង​កំពុង​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា » ។

អ្នក​វាយតម្លៃ​អចលនទ្រព្យ​ផ្សេង​ទៀត ក៏​បាន​លើក​ហេតុផល​ស្រ​ដៀង​នឹង​លោក ប៉ូ អ៊ា​វ​គង់ ដែរ គឺ​វិនិយោគិន​ចាប់ផ្ដើម​ស្វែងរក​ការ​វិនិយោគ​នៅ​តំបន់​ណា​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។ ជាក់ស្ដែង តំបន់​ដែល​គ្រោង​នឹង​ធ្វើ​ស្ពាន​ឆ្លងទន្លេ តំបន់​ទីក្រុង​រណប និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ។

លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា កំណើន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ គឺ​ទាមទារ​ឲ្យ​មានការ​ពង្រីក​ផ្ទៃដី​រាជធានី​ជា​បន្ត​បន្ទាប់ ហើយ​ការ​ពង្រីក​ផ្ទៃដី​រាជធានី​នេះ​ដែរ គឺ​ត្រូវការ​កាត់​យក​ដី​នៅ​ខេត្ត​ជាប់​រាជធានី ។ ដូចនេះ ទើប​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ជាយ​ៗ​រាជធានី​ឡើងថ្លៃ​ផង​ដែរ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នា​ពេល​កន្លង​មក​ថា កាលពី​សម័យ​មុន ម្នាក់​ៗ​នាំ​គ្នា​រត់​ចោល​ដី ព្រោះតែ​សង្គ្រាម ប៉ុន្តែ​មក​ដល់​សម័យនេះ​វិញ ម្នាក់​ៗ​នាំ​គ្នា​ចាប់ដី​ទុក​លក់ ស្រប​ពេល​តម្លៃ​ដី​ក៏​ចេះ​តែ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ការ​ឡើងថ្លៃ​ដី​នេះ ក៏​មិនមែន​ជា​រឿង​ចៃដន្យ​ដែរ ពោល​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ