ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូត ភូ​ថង បង្ហាញ​មហិច្ឆតា​ចង់​បើក​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០​អូត ភូ​ថង ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​អធិរាជ​កែង​ឆេះជង្គង់​ហោះ​លោក អេ ភូ​ថង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​អ្នក​និយមតាមដាន​ការ​ប្រកួត​ភាគច្រើន​សម្ដែង​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​មិនដឹង​ថា​កីឡាករ​រូប​នេះ​ទៅ​ប្រកប​របរ​អ្វី​បន្ទាប់​ពី​បាត់​មុខ​ឈឹង​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​យ៉ាង​យូរ​បែប​នេះ​។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពីពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០​អូត ភូ​ថង ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​អធិរាជ​កែង​ឆេះជង្គង់​ហោះ​លោក អេ ភូ​ថង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​អ្នក​និយមតាមដាន​ការ​ប្រកួត​ភាគច្រើន​សម្ដែង​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​មិនដឹង​ថា​កីឡាករ​រូប​នេះ​ទៅ​ប្រកប​របរ​អ្វី​បន្ទាប់​ពី​បាត់​មុខ​ឈឹង​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​យ៉ាង​យូរ​បែប​នេះ​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពីពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក អូត ភូ​ថង ដែល
មាន​កាយសម្បទា​រឹង​មាំ ខ្ពស់ស្រឡះ សាច់ឈាម​ស្រស់ថ្លា រហ័សរហួន​មិន​ខុស​កាលពី​នៅ​ក្មេងបាន​ប្រាប់​ថា សព្វថ្ងៃ​លោក​ធ្វើ​ជា​គ្រូបង្ហាត់ប្រដាល់​ឱ្យ​ក្លិប​កីឡា​Prakut​ដែល​មាន​ទីតាំងនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ម្ដុំ​រដ្ឋសភា ដោយ​ទទួល​បាន​ប្រាក់ខែ​បន្តិចបន្តួច​យក​មកផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

អូត ភូ​ថង ជា​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ដែល​ធ្លាប់​ឡើង​ប្រកួតដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ស្ទើរ​រាប់​មិន​អស់​ពី​គ្រប់​​ស្ថាប័ន​នានា ។ លោក​ប្រាប់​ថា សព្វថ្ងៃ​នេះ​លោក​នៅ​តែ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​ប្រដាល់​យ៉ាង​ខ្លាំង ប៉ុន្តែ​ដោយសារ​តែ​លោក​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ កម្លាំង​ចុះ​ខ្សោយ​ជាង​មុន មិន​អាច​ឱ្យ​លោក​ឡើង​សង្វៀន​ប្រកួត​ដូច​មុន​បាន​ទៀត​ទេ ទើប​លោក​មាន​បំណង​បង្កើត​ក្លិប​ប្រដាល់​មួយ គ្រាន់តែ​មិន​ទាន់​មាន​លទ្ធភាព​ប៉ុណ្ណោះ ។

លោក​បាន​មក​ធ្វើ​ជា​គ្រូបង្ហាត់​ប្រដាល់​ឱ្យ​ក្លិប​កីឡា​ឈ្មោះ​Prakut​នេះ​ជិត​១​ឆ្នាំ​ហើយ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​១​ខែ​១៥០​ដុល្លារ ហើយ​ក្នុង​១​ថ្ងៃ​បង្ហាត់​២​ម៉ោង​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ។ បន្ទាប់​មក​ធ្វើ​ជា​សន្តិសុខ​យាម​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រហូត​ដល់​ម៉ោង​៥​ភ្លឺ និង​ឆ្លៀតពេល​ទៅ​ធ្វើការ​ឱ្យ​ប៉ុស្តិ៍​លេខ​៥​រៀងរាល់ថ្ងៃ​អាទិត្យ​ទៀត​ផង ។ អូត ភូ​ថង បាន​ប្រាប់​ថា តាម​ពិត​ការងារ​បន្ទាប់បន្សំ​ដែល​លោក​ធ្វើ​ទាំង​អស់នេះ​ជា​ការងារ​បណ្ដោះអាសន្ន​ដើម្បី​ស្វែងរក​កម្រៃ​បន្ថែម​មក​ជួយ​ទប់​តម្រូវការ​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ខណៈ​បំណងប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​ពិតប្រាកដ​គឺ​ចង់​បើក​ក្លិប​ប្រដាល់​មួយ​បង្ហាត់​ដល់​កីឡាករ​ក្មេង​ៗ​សម្រាប់​បន្តវេន​ទៅ​ថ្ងៃក្រោយ ។

លោក​មិន​ចង់ឱ្យ​ភាព​ល្បីល្បាញ និង​កេរ្ដិ៍ឈ្មោះ​ដែល​លោក​ធ្លាប់​ទទួល​បាន​ពី​អាជីព​ប្រដាល់​បាត់​បង់​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​បន្សល់​ទុក​ឈ្មោះ​នៅ​លើ​ស្លាក​យីហោ​ប្រដាល់​គុន​ខ្មែរ​នេះ​ដែរ ។ លោក​ថ្លែង​ថា សព្វថ្ងៃ​ប្រសិនបើ​មាន​អ្នក​ជួយ​ឱ្យ​លោក​បើក​ក្លិប​ប្រដាល់​បាន​មែន​នោះ​មិនដឹង​ជា​សប្បាយចិត្ត​យ៉ាងណា​នោះ​ទេ ព្រោះ​វា​ជា​បំណង​ប្រាថ្នា និង​ក្ដី​ស្រមៃ​តែ​មួយ​គត់​ក្នុង​ឆាកជីវិត ។ ជាមួយ​គ្នា​នេះ​ដែរ​លោក អេ ភូ​ថង ប្រាប់​​ថា លោក​ចង់​ជួយ​ប្អូនប្រុស​បាន​ចូល​ធ្វើ​ជា​ចៅក្រម​និង​អាជ្ញាកណ្ដាល​ប្រដាល់​តាម​សង្វៀន​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ដូច​អ្នក​ប្រដាល់​ជើង​ចាស់​ដទៃ​ទៀត​ដែរ គ្រាន់តែ​អូត ភូ​ថង មិនសូវ​ចេះអក្សរ​ខ្មែរ​ទើប​ពិបាក​បន្តិច​ដោយ​ត្រូវ​ចំណាយពេល​វេលា​បង្ហាត់​ជា​ច្រើន​ខែ​ទើប​បាន។

គួរ​បញ្ជាក់​ថា លោក អូត ភូ​ថង សព្វ​ថ្ងៃនេះ​មាន​អាយុ​៣៧​ឆ្នាំ​ហើយ ជា​អ្នក​ខេត្តកោះកុង​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​នៅ​ក្នុង​ឆ្នាំ​១៩៩៦​។

លោក​មាន​បងប្អូន​៣​នាក់​ប្រុស​២​នាក់​និង​ស្រីម្នាក់ ។ រូប​លោក និង​បងប្រុស​អេ ភូ​ថង
គឺជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​កម្ពុជា ចំណែក​ប្អូនស្រី​ពៅ​ម្នាក់​ទៀត​មិនមែន​ជា​អ្នក​ប្រដាល់​នោះ​ទេ ។ ឪពុក​-​ម្ដាយ​លោក​នៅរ​ស់ទាំង​២​នាក់​គ្រាន់តែ​ពួក​គាត់​ចែកផ្លូវ​គ្នា ។ ឪពុក​ឈ្មោះ​យាន លីង អាយុ​ជាង​៦០​ឆ្នាំ​ដែល​ពី​មុន​គឺជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ប្រចាំ​ខេត្តកោះកុង​ធ្លាប់​ឆ្លង​ដែន​ទៅ​ប្រកួត​នៅ​ស្រុក​ថៃ​ជា​ច្រើន​លើក​ទៀត​ផង ឯ​ម្ដាយ​ឈ្មោះ​អាត អន់ អាយុ​ជាង​៥០​ឆ្នាំ ។

អូត ភូ​ថង បាន​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ២០០៥ ។ ប្រពន្ធ​របស់​លោក​ឈ្មោះ​អេ ដា​រី​យ៉ា មាន​អាយុ​ជាង​៣០​ឆ្នាំ ហើយ​សព្វថ្ងៃ​មានកូន​២​នាក់ ។ កូនស្រី​ឈ្មោះ​ជី​ង អាយុ​ជាង​១០​ឆ្នាំ​និង​កូនប្រុស​ឈ្មោះ​ប៊េ​ន​អាយុ​មិន​ទាន់​ដល់​១០​ឆ្នាំ​ទេ​។​សម្រាប់​ថ្ងៃ​ខាង​មុខ​កូនប្រុស​របស់​លោក​នៅ​មិន​ទាន់​ដឹង​ថា​ត្រូវ​ឱ្យ​ចូល​ហាត់​ប្រដាល់​ស្នង​តំណែង​លោក​ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​ប្រាប់​ថា អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូលចិត្ត​របស់​គេ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ