ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី មិន​ខ្វល់​ពី​តុលាការ​រឹបអូស​ទីស្នាក់ការ​អតីត​គណបក្ស​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ស្ថាពរ រឹបអូស​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី​ដែល​នៅ​ក្រៅប្រទេស​បាន​ប្រកាស​មិន​ខ្វល់​ពី​ករណី​នេះ​ឡើយ ។ លោក…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ស្ថាពរ រឹបអូស​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី​ដែល​នៅ​ក្រៅប្រទេស​បាន​ប្រកាស​មិន​ខ្វល់​ពី​ករណី​នេះ​ឡើយ ។

លោក សម រ​ង្ស៊ី បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក​ថា «​សាលាដំបូង​រាជធានី​ភ្នំពេញ ទើបតែ​បាន​បង្គាប់​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់ខ្ញុំ ជា​សំណង​ឲ្យ​ទៅ លោក ហ៊ុន សែន និង​លោក ហេង សំ​រិ​ន ដែល​ជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

ខ្ញុំ​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ ចំពោះ​សេចក្តីសម្រេច​បែប​នេះ​របស់​តុលាការ ពីព្រោះ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយទៀត នៃ​សំណុំរឿង​នយោបាយ ដែល​គេ​បាន​កសាង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​រូប​ខ្ញុំ ដែល​បាន​ចេញ​មុខ​ខ្លាំង​ជាងគេ ប្រឆាំង​អំណាច​ផ្តាច់​ការ និង​ពុក​រលួយ​សព្វថ្ងៃ ប្រមាណ​២៥​ឆ្នាំ​មក​ហើយ​» ។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​ក៏​មិន​មានការ​តក់ស្លុត​អ្វី​ឡើយ​ក្នុង​រឿង​នេះ ពីព្រោះ​ខ្ញំ​ុ​មិន​ដែល​មានចិត្ត​សម្ភារ​និយម ហើយ​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្តិ មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ស្វែងរក​ទេ ក្នុង​ការ​តស៊ូ​របស់ខ្ញុំ រយៈពេល​២៥​ឆ្នាំ​កន្លង​មកនេះ ។ ពេល​ដែល​ខ្ញុំ​សម្រេច​វិល​ត្រលប់​ពី​ប្រទេស​បារាំង​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៩២ ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ទៅ​ហើយ តាំងពី​ពេល​នោះ​មក​ថា ខ្ញុំ​មក​តស៊ូ​ដើម្បី​ស្រោចស្រង់​មាតុភូមិ​របស់ខ្ញុំ ដោយ​គ្មាន​បំណង​ចង់បាន​អ្វី​ពី​ប្រទេស​កម្ពុជា សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ ។ តែ​អ្វី​ៗ​ដែល​ខ្ញុំ​មាន​ទាំងអស់ តាំងពី​យូរយារ​មក​ហើយ គឺ​ខ្ញុំ​រីករាយ​យក​មក​ផ្តល់​ជូន​មាតុភូមិ​របស់ខ្ញុំ​» ។

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា កាលពី​លោក​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ១៩៩៣-១៩៩៤ លោក​មិន​បាន​ទាមទារ​ចង់បាន​អ្វី​សម្រាប់​ខ្លួន​ខ្ញុំ ឬ​គ្រួសារ​ខ្ញុំ​ឡើយ ។ សូ​ម្បី​តែ​ផ្ទះសម្បែង ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​កសាង​នៅ​ប្រទេស​កម្ពុជា​មុន​ឆ្នាំ​១៩៧៥ ក៏​លោក​មិន​ដែល​អើពើ​ឡើយ ។

លោក​សង្កត់ធ្ងន់​ថា «​ផ្ទះសម្បែង​របស់ខ្ញុំ​សព្វថ្ងៃ នៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ គឺ​បាន​មក​ពី​ញើស​ឈាម​របស់ខ្ញុំ និង​ញើស​ឈាម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (​មុន​នោះ​ទៀត គឺ​គណបក្ស សម រ​ង្ស៊ី​) ។ ខ្ញុំ​មិន​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ គឺ​ទ​ង្វើ​លួចជាតិ ប្លន់​ជាតិ និង​បំផ្លាញ​ជាតិ ឬ​ក៏​ទ​ង្វើ​ធ្វើបាប ជំរិត ឬ​កេងប្រវ័ញ្ច​ប្រជារាស្ត្រ​ម្ដងណា​ឡើយ​» ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​រឹបអូស​ទីស្នាក់ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​មាន​ដី និង​អគារ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ជា​កម្មសិទ្ធិ​របស់ លោក សម រ​ង្ស៊ី ជា​បណ្ដោះអាសន្ន ដើម្បី​យក​ទៅ​សងបំណុល​ជំងឺ​ចិត្ត​ដល់​ម្ចាស់បំណុល​ក្នុង​សំណុំរឿង​ប្តឹង​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ចក្រី ហេង សំ​រិ​ន ។

ការ​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​កូនបំណុល សម រ​ង្ស៊ី នេះ ធ្វើ​ឡើង​តាម​សំណើសុំ​ដីកា​ការពារ ចុះ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ម្ចាស់បំណុល ។ ដោយ​សំអាង​លើ​ពាក្យសុំ​ដីកា​ការពារ​របស់​តំណាង​ម្ចាស់បំណុល លើ​សំណុំរឿង​ប្ដឹង​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង សម្ដេច​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា សរុប​ចំនួន​៨​ចំណុច លោក រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​រឹបអូស​បណ្ដោះអាសន្ន ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ រឹបអូស​ដី និង​អគារ ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដោយ លោក សម រ​ង្ស៊ី ។
យោង​ខ្លឹមសារ​ដីកា​សម្រេច លោក រស់ ពិសិដ្ឋ បាន​សម្រេច​ឲ្យ​រឹបអូស ៖ ១.​រឹបអូស​បណ្ដោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​ឈ្មោះ សម រ​ង្ស៊ី ជា​ចលនវត្ថុ (​ដី និង​អគារ​) ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ចលនវត្ថុ​លេខ ភព ០៩៧២៥ ចុះ​ថ្ងៃ​ទិ​១៥ ខែសីហា ឆ្នាំ​២០០៧ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រង់ចាំ​តុលាការ​សម្រេច​ដល់​សំណុំរឿង​អង្គសេចក្ដី​ចប់​ជា​ស្ថាពរ ។
២.​ដើម្បី​ទទួល​បាន​នូវ​ការ​លុប​ចោលការ​អនុវត្តន៍​ការ​រឹបអូស​ជា​បណ្ដោះអាសន្ន​នេះ កូនបំណុល​ឈ្មោះ សម រ​ង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​៤,២៥០,០០០,០០០ (​បួន​ពាន់​ពីរ​រយ​ហាសិប​លាន​) រៀល ជា​ប្រាក់​រំដោះ ។

និង​៣.​ប្រាក់​ប្រដាប់​ក្ដី​ជា​បន្ទុក​របស់​កូនបំណុល ។ គួរ​ជម្រាប​ថា បច្ចុប្បន្ន លោក សម រ​ង្ស៊ី អតីត​ប្រធាន CNRP កំពុង​មាន​បណ្ដឹង​នៅ​ក្នុង​ដៃ​តុលាការ​កម្ពុជា​ជា​ច្រើន ក្នុង​នោះ​មាន​បណ្ដឹង​ចំនួន​ពីរ​ពាក់ព័ន្ធ​ជាមួយ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ចក្រី ហេង សំ​រិ​ន ។ លើ​សំណុំរឿង​ទាំង​ពីរ​នេះ តុលាការ​បាន​សម្រេច​ឲ្យ លោក សម រ​ង្ស៊ី សងជំងឺចិត្ត​ដល់ សម្ដេច​តេ​ជោ ហ៊ុន សែន ចំនួន ៤,០០០,០០០,០០០ (​បួន​ពាន់​លាន​) រៀល ស្មើនឹង​១​លាន​ដុល្លារ និង​សម្ដេច​ចក្រី ហេង សំ​រិ​ន ចំនួន ២៥០,០០០,០០០ (​ពីរ​រយ​ហាសិប​លាន​) រៀល សរុប​ទាំងអស់ ចំនួន ៤,២៥០,០០០,០០០ (​បួន​ពាន់​ពីរ​រយ​ហាសិប​លាន​) រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ