ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ថ្លែង​ពី​បណ្តា​អាវុធ​ទំនើប​ៗ​រុ​ស្ស៊ី​ពុំ​អាច​ទប់ទល់​បាន​អា​មេ​រិ​ក​បរិហារ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​មុខ​សភា​រុ​ស្ស៊ី ដែល​ផ្តោត​ជា​ពិសេស​លើ​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច និង​យោធា ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​លើក​យ៉ាង​វែង​ពីអាវុធ​ថ្មី​ពុំ​អាច​ទប់ទល់​បាន​ទំនើប​ៗ…

ប្រទេស​រុ​ស្ស៊ី ៖ ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​មុខ​សភា​រុ​ស្ស៊ី ដែល​ផ្តោត​ជា​ពិសេស​លើ​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច និង​យោធា ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​លើក​យ៉ាង​វែង​ពីអាវុធ​ថ្មី​ពុំ​អាច​ទប់ទល់​បាន​ទំនើប​ៗ រហូត​ដល់​នាវាមុជទឹក​ជំនាន់​ថ្មី​ទាំងឡាយ​ដែល​ប្រទេស​លោក​ផលិត​ពិសេស​ប្រព័ន្ធ​មី​ស៊ី​ល​រំលង​ទ្វីប​នុយក្លេអ៊ែរ SARMAT ។

សេចក្តីថ្លែងការណ៍​នេះ​របស់​លោកពូ​ទី​ន ធ្វើ​ឡើង​ខណៈ​សល់​ពេល​២​ស​ប្តា​ហ៍​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី ដែល​លោក​សង្ឃឹម​ដណ្តើម​បាន​ជោគជ័យ​បន្ត​អាណត្តិ​ថ្មី​មួយទៀត​រហូត​ដល់​ឆ្នាំ​២០២៤ ។

ក្នុង​សុន្ទរកថា​នេះ លោកពូ​ទី​ន ចំណាយពេល​ដល់​ជិត​១​ម៉ោង​រៀបរាប់​ពី​បណ្តា​អាវុធ​ទំនើប​​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ចុង​ក្រោយ​ទាំងឡាយ​ជាមួយ​ការ​បញ្ចាំង​រូបភាព ព្រមទាំង​វី​ដេ​អូ​បង្ហាញ​ទៀត​ផង ។ លោក​បង្ហាញ​ពី​មី​ស៊ី​ល​បណ្តែត​ប្រភេទ​ថ្មី​ៗ​ជាមួយ​ការ​បាញ់​បាន​ឆ្ងាយ​បំផុត​រត់លឿន​ជាង​សំឡេង​ឆ្ងាយ បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ​ធុន​តូច​ៗ​រហូត​ដល់​អាវុធ​កម្ម​រស្មី​ឡាស៊ែ ។

លោកពូ​ទី​ន ថ្លែង​ថា មាន​មនុស្ស​ខ្លះ​គេ​ពុំ​ចង់​និយាយ​ជាមួយ​យើង​ឡើយ ហើយ​ក៏​មាន​មនុស្ស​ដែល​ពុំ​ចង់​ស្តាប់​យើង​ដែរ ។ ប៉ុន្តែ​ពេល​នេះ​ចូរ​លោក​អ្នក​ស្តាប់​យើង ។ លោក​ថា អាវុធ​ថ្មី​ទាំងនេះ​ឆ្លើយ​តប​ចំពោះ​សកម្មភាព​យោធា​របស់​សហរដ្ឋ​អា​េ​ម​រិ​ក ដែល​ចង់​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត និង​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​ទើប​ប្រកាន់​យក​លទ្ធិ​យោធា​ថ្មី ដែល​ឱ្យ​អា​មេ​រិ​ក​មាន​អាវុធ​នុយក្លេអ៊ែរ​ធុន​តូច​ថ្មី​ៗ ។

ទោះបី​លោកពូ​ទី​ន អះអាង​ថា ពុំ​គំរាមកំហែង​អ្នក​ណា ហើយ​ពុំ​គ្រោង​ប្រើ​វា​សម្រាប់​ការ​វាយលុក​ក្តី ក្រុង​វ៉ា​ស៊ី​ន​តោន​វាយតម្លៃ​ថា ប្រ​ធា​នា​ធិ​បតី​រុ​ស្ស៊ី​ពុំ​មាន​ឥរិយាបថ​ជា​តួអង្គ​ពិភពលោក​ចម្បង​មួយ​ឡើយ ។ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក លោកស្រី HEATHER NAUERT ថ្លែង​ថា លោក​ប្រធានាធិបតី​ពូ​ទី​ន អះអាង​ពី​អ្វី​ដែល​រដ្ឋាភិបាល​អាមេ​រិ​ក​ដឹង​ចាប់តាំងពី​យូរ​មក​ហើយ ។

លោកស្រី​បន្ត​ថា រុ​ស្ស៊ី​បាន​ពង្រីក​ប្រព័ន្ធ​អាវុធ​បង្ក​អ​ស្ថេ​រ​ភាព​ទាំងឡាយ​ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​រំលោភ​បំពាន​ដោយ​ផ្ទាល់​រាល់​កាតព្វកិច្ច ព្រមទាំង​សន្ធិសញ្ញា​នានា ។ លោកស្រី​លើក​ជា​ឧទាហរណ៍​សន្ធិសញ្ញា INF ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​មធ្យម ដែល​ចុះហត្ថលេខា​ដោយ​លោក​រ៉ូ​ណា​ល់ រី​ហ្គេ​ន និង​លោក​មី​ខា​អុ​ី​ល​ហ្គ័​របា​ឆូវ កាលពី​ឆ្នាំ​១៩៨៧ ។

យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គួ ថា អាវុធ​រុ​ស្ស៊ី​ទាំង​ឡាយ​ពេល​នេះ​មាន​អានុភាព​លើស​រាល់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ដែល​មាន ។ ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ទាំងនេះ​ជាមួយ​អាវុធ​ថ្មី​ៗ​របស់​រុ​ស្ស៊ី​មាន​ច្រ​ឡោះ​ប្រហោង​ហើយ ។

ក្រៅពី​ការ​ថ្កោលទោស​របស់​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក ខាង​យោធា​អា​មេ​រិ​ក​ក៏​មាន
ទស្សនៈ​ស្រ​ដៀង​គ្នា ចំពោះ​ការ​អួតអាង​ទាំងឡាយ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោកស្រី DANA WHITE ថ្លែង​ថា អាវុធ​ទាំងនេះ ត្រូវ​បាន​ផលិត​ចាប់តាំងពី​យូរ​មក​ហើយ ។ យើង​ពុំ​មានការ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​សេច​ក្តីថ្លែង​ការណ៍​​នេះ ហើយ​អា​មេ​រិ​ក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​រៀបចំ​ខ្លួន​ពេញ​លេញ​អស់​ហើយ។ ដោយ​គិតដល់​អាវុធ​រុ​ស្ស៊ី​ទាំងនេះ​ទើប​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ថ្មី​របស់​សហ
រដ្ឋ​​អា​មេ​រិ​ក​ត្រូវ​បាន​ចេញផ្សាយ​កាលពីដើម​ខែកុម្ភៈ ។

ក្នុង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ក៏​សន្យា​ផង​ដែរ​កែ​លម្អ​កម្រិតជីវភាព​របស់​ប្រជាជន​រុ​ស្ស៊ី ហើយ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ក្រីក្រ​រយៈពេល​៦​ឆ្នាំ​ខាង​មុខ​នេះ ។ លោក​ផ្តោត​ជា​ពិសេស​លើ​ភាព​ចាំបាច់​កែ​លម្អ​សុខុមាលភាពរបស់​ប្រជាជន ហើយ​វិនិយោគ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ និង​សុខាភិបាល ដើម្បី​ចៀសវាង​កុំឱ្យ​រុ​ស្ស៊ី​មានការ​យឺតយ៉ាវ​ដែល​លោក​ថា​នោះ​ជាស​ត្រូវ​សំខាន់​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ