ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្បាញ​​សូត្រ​​ ហូល ផាមួង​ ក្រមា​ ដង្ហោយ​​ហៅ​​​​​រក​កាគាំ​ទ្រ​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ តម្បាញ​សូត្រ​ប្រើ​ឧបករណ៍​បុរាណ​កំពុង​រង​ការ​បាត់បង់​ពី​ទឹកដី​ខេត្តស្ទឹងត្រែង ខណៈ​អតិថិ​ជន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ហូល ផាមួង ក្រមា ត្បាញ​ដោយ​ដៃ ។ ស្ត្រី​ឈ្មោះ​ផា​ន់ សុ​ភ័​ណ្ឌ រស់នៅ​ភូមិ​បា​ចុង…

ខេត្តស្ទឹងត្រែង​៖ តម្បាញ​សូត្រ​ប្រើ​ឧបករណ៍​បុរាណ​កំពុង​រង​ការ​បាត់បង់​ពី​ទឹកដី​ខេត្តស្ទឹងត្រែង ខណៈ​អតិថិ​ជន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ហូល ផាមួង ក្រមា ត្បាញ​ដោយ​ដៃ ។ ស្ត្រី​ឈ្មោះ​ផា​ន់ សុ​ភ័​ណ្ឌ រស់នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង អង្គុយ​ត្បាញ យ៉ាង​ញាប់ដៃ ដោយ​ដៃ​ម្ខាង​កាន់​ត្រល់​ស៊ក​ក្រោម​អំបោះ ដែល​រៀបចំ​ជា​ស្រេច ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ក្តារ​កៀប​ផ្អឹប​សរសៃអំបោះ​ទៅ​ភ្ជាប់​នឹង​ក្រណាត់​ហូល ដោយ​ក្នុង​១​ថ្ងៃ​ត្បាញ​បាន​តែ​៤​ទៅ​៥​តឹក​ប៉ុណ្ណោះ បាន​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ចេះ​ត្បាញ​នេះ​នៅ​ឆ្នាំ​២០០២ តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​ដែល​អង្គការ​បាន​អញ្ជើញ​គ្រូ​ពី​ខេត្តតាកែវ បង្ហាត់បង្រៀន​រយៈពេល​៦​ខែ​ទៅ​លើ​ជំនាញ​ត្បាញ ហូល ក្រមា ផាមួង ។ ក្រោយ​ពី​ចេះ​ត្បាញ​ហូល ក្រមា ផាមួង នាង​បាន​ចាប់​យក​អាជីព​នេះ​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍​ពី​ឆ្នាំ​២០០២ រហូត​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​១៦​ឆ្នាំ​ហើយ ក្នុង​គោលបំណង​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ក្នុង​១​ខែ​អាច​បាន​ប្រាក់​ពី​ជាង​១០០​ដុល្លារ ទៅ​២០០​ដុ​លា្ល​រ ទៅ​តាម​ការ​បញ្ជា​ទិញ​របស់​អតិថិជន​តិច​ច្រើន​ក្នុង ១​ខែ​ៗ​។

ដោយឡែក​ ស្ត្រី​ឈ្មោះ​កែវ សា​រុន អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង រៀបរាប់​ថា នាង​ធ្វើការ​បាន​រយៈពេល​៦​ឆ្នាំ​ហើយ​នៅ​អង្គការ​ស្ត្រី​នេះ ដោយ​ចេះ​ត្បាញ​ហូល ផាមួង តាម​រយៈ​មិត្ត​រួម​អាជីព មិនមែន​ចេះ​បន្ត​ពី​ដូនតា​មក​ទេ ។ នាង​ព្យាយាម​រៀន​បណ្តើរ ធ្វើការ​បណ្តើរ គ្មាន​ដុ​ង​ពី​កំណើត តែ​វា​ជា​ជម្រើស​យក​អាជីព​នេះ ព្រោះ​គិត​ថា​អាច​រក​ប្រាក់​បាន​គួរសម​សម្រាប់​ជីវភាព​របស់​នាង និង​ដើម្បី​អភិរក្ស​ប្រពៃណី​តម្បាញ​ដោយ​ដៃ​ឱ្យ​រស់​បន្ត ដែល​ខេត្តស្ទឹងត្រែង​ស្ទើរតែ​បាត់បង់​១០០​ភាគរយ​ទៅ​ហើយ នៅ​សល់​តែ​មជ្ឈមណ្ឌល​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍​នេះ​តែ​មួយ​គត់ បន្តជីវិត​តម្បាញ​ហូល ផាមួង ដោយ​ដៃ ។

លោក​គឹ​ម ដា​រ៉ា​ចន្ទ ប្រធាន​មជ្ឈមណ្ឌល​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍ ឱ្យ​ដឹង​ថា ទីតាំង​តម្បាញ​សូត្រ បាន​បង្កើត​ឡើង​នា​ឆ្នាំ​២០០២ ហើយ​មាន​បុគ្គលិក​ធ្វើការ​ជាង​១០០​នាក់ តែ​ក្រោយមក​នៅ​សល់​៦០​នាក់ និង​នៅ​ឆ្នាំ​២០១៨​នេះ​នៅ​តែ​១១​នាក់​ប៉ុណ្ណោះ ។ មូលហេតុ​ថយ​ចុះ​បុគ្គលិក ដោយសារ​ទី​១​ប្រាក់​ចំណូល តិចតួច គេ​ឈប់​ធ្វើ​ទី​២ ដោយសារ​ការ​លក់​មិនសូវ​ដាច់ មជ្ឈមណ្ឌល ក៏​ត្រូវការ​កាត់​បន្ថយ​បុគ្គលិក​ដែរ ។លោក​គឹ​ម ដា​រ៉ា​ច​ន ឱ្យ​ដឹង​ទៀត​ថា ហួល ផាមួង ក្រមា ដែល​ផលិត​ចេញពី​មជ្ឈមណ្ឌល​នេះ គឺ​បាន​លក់​ជូន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​នៅ​មជ្ឈមណ្ឌល និង​មាន​នាំ​ចេញ​ទៅ​លក់​នៅ​ខេត្តសៀមរាប ហើយ​ក៏​មាន​ទីផ្សារ​នាំ​ចេញ​ទី​លក់​នៅ​បរទេស​ដែរ​តាម​រយៈ​Hotline ដូច​ជា​ប្រទេស​កូរ៉េ ចិន ជប៉ុន បែ​៉​ក​ខាង​អឺ​រុ​ប ក្នុង​នោះ​សហរដ្ឋអាមេ​រិក​គឺជា​ទីផ្សារ​ធំ​ជាងគេ ។

ដោយឡែក ​រយៈពេល​៣​ឆ្នាំ​មក​ហើយ លក់​មិនសូវ​ដាច់​សោះ​ខុស​ពី​ការ​លក់​នៅ​នឹង​កន្លែង​ពី​មុន ក្នុង​១​ឆ្នាំ​ៗ ភ្ញៀវ​ចូល​មជ្ឈមណ្ឌល​រាប់​ពាន់​អ្នក តែ​ឥឡូវ​មិន​បាន​៣០០​នាក់​ទេ​ក្នុង​១​ឆ្នាំ គឺ​មានការ​ថយ​ចុះ​ច្រើន ។
ចំពោះ​ទីផ្សារ​ខេត្តសៀមរាប​ក៏​មានការ​ថយ​ចុះ​ដែរ ហើយ​ការ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស មាន​តែ​ប្រទេស​ជប៉ុន កា​ណា​ដា ប៉ុណ្ណោះ ដែល​បញ្ជា​ទិញ​រាល់​ខែ ។លោក​គឹ​ម ដា​រ៉ា​ចន្ទ បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ចេញ​ព្រោះ​ចាញ់​ទីផ្សារ​ចិន ដែល​ផលិត​ដោយ​ម៉ាស៊ីន លក់​តម្លៃ​ទាប​ជាង​ការ​ផលិត​តម្បាញ​ដោយ​ដៃ ដូច្នេះ​អតិថិជន​ងាក​ទៅ​ទិញ ទំនិញ​ចិន តម្លៃ​ថោក និង​មានគុណ​ភាពល្អ​។លោក​ប្រធាន​មជ្ឈមណ្ឌល​បាន​អំពាវនាវ​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ងាក​មក គាំទ្រ ប្រើប្រាស់ ហួល ផាមួង តម្បាញ​ដោយ​ដៃ នៅ​មជ្ឈមណ្ឌល​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍ ប្រចាំ​ខេត្តស្ទឹងត្រែង ឱ្យ​បាន​ច្រើន​ឡើង​វិញ ដើម្បី​អភិរក្ស ប្រពៃណី​តម្បាញ​ដោយ​ដៃ​ផង និង​ដើម្បី​ទ្រទ្រង់​ដល់​បុគ្គលិក​ផង ព្រោះ​បើ​គ្មាន​អ្នកទិញ​ទេ វា​នឹង​បាត់បង់​ការ​ត្បាញ​ហួល ផាមួង​ដោយ​ដៃ នៅ​ខេត្តស្ទឹងត្រែង ដែល​ជា​ប្រពៃណី​ខ្មែរ បន្សល់​ទុក​ពី​ដូនតា​ជាក់​ជា​ពុំខាន ៕​

អត្ថបទសរសេរ ដោយ