ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រីក​ចម្រើន​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម កំពុង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​ប្រភេទ​ដូច​ជា Facebook, Telegram, WhatsApp, Line និង…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​ប្រភេទ​ដូច​ជា Facebook, Telegram, WhatsApp, Line និង Instagram ជាដើម ។ ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នេះ បាន​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​កម្ពុជា ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន​បរទេស​​ដែល​ចូល​មក​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា ។

បើ​តាម​តំណាង​ក្រុមហ៊ុន Viber បានឱ្យ​ដឹង​ថា ការ​ចាប់ផ្តើម​នៅ​កម្ពុជា រាល់​ការ​បង្កើត​គំនិត​ថ្មី​ដូច​ជា រូប​ស្ទិ​ក​ឃើ (Stickers) ដែល​មាននៅ​ក្នុង​App របស់​Viber ផ្ញើ​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មកនេះ គឺ​បង្កើត​ឡើង​ដោយ​អ្នក​ឌី​ហ្សា​ញ​កម្ពុជា ។

លោក Anubhav Nayyar តំណាង​ក្រុមហ៊ុន​នេះ បាន​មាន​ប្រសាសន៍​កាល​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ៖« ការ​បង្កើត​ថ្មី​មួយ​ជា​រូប​ស្ទិ​ក​ឃើ​នៅ​ក្នុង​App ដែល​ផ្ញើ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មកនេះ ត្រូវ​បាន​ដោ​ន​ឡូត​ចំនួន​២០​ម៉ឺន​ដោ​ន​ឡូត ។ ចំណុច​ពិសេស​របស់​ស្ទិ​ក​ឃើ​នេះ គឺ​បង្កើត​ឡើង​​ដោយ​អ្នក​ឌី​ហ្សា​ញ​កម្ពុជា ។ នេះ​គឺជា​ឱកាស​មួយ​ដែល​ក្រុមហ៊ុន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក » ។

លោក​បញ្ជាក់​ថា ៖« មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន Viber ចូល​មក​កម្ពុជា គឺ​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ៖ ១-​កម្ពុជា​មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន នៅ​ពេល​អនាគត ពួក​គាត់​មាន​ចំណូល​នឹង​ចាប់ផ្តើម​ប្រើប្រាស់​Viber​ច្រើន ។ ២-​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​សេវា​អ៊ីន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​មាន​តម្លៃ​ថោក ហើយ​មាន​អ្នក​ប្រើប្រាស់​គ្រប់​កម្រិត និង​៣-​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ជា​លំដាប់ ប្រជាពលរដ្ឋ​ចាប់ផ្តើម​មាន​ចំណូល​កើនឡើង និង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ច្រើន ខណៈ​នៅ​ពេល​បច្ចុប្បន្ន App មាន​ពលរដ្ឋ​កម្ពុជា​ដោ​ន​ឡូត​ចំនួន​ប្រមាណ​២​លាន​នាក់ » ។

លោក​បន្ត​ថា ផ្អែក​លើ​ចំណុច​សំខាន់​ខាងលើ​នេះ ពេល​ក្រុមហ៊ុន​ចូល​មក​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នោះ នឹង​មាន​អ្នក​ដោ​ន​ឡូត​ប្រើប្រាស់​កើនឡើង​បន្ថែម​ទៀត ។

លោក​បណ្ឌិត ខូ​វ មក​រា មន្ត្រី​អ្នកនាំពាក្យ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​សង្ឃឹមថា ការ​ចូល​មក​វិនិយោគ និង​ធ្វើ​អាជីវកម្ម នឹង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ទំនាក់ទំនង​ដល់​ប្រជាជន​ទូទៅ​» ។

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា ៖« ក្រុមហ៊ុន​បច្ចេកវិទ្យា​ចូល​មក​កម្ពុជា វា​ជា​សញ្ញា​ល្អ មាន​ន័យ​ថា អ្នក​វិនិយោគ​ឬ​ក្រុមហ៊ុន​បរទេស​គាត់​ចាប់អារម្មណ៍ ជឿជាក់​លើ​ទីផ្សារ និង​ភាព​នឹងនរ​របស់​ប្រទេស​យើង​។ សម្រាប់​យើង​នេះ​ជា​ការ​ល្អ ហើយ​យើង​សូម​ស្វាគមន៍ និង​សង្ឃឹមថា ការ​រកស៊ី​របស់​ពួក​គាត់​នៅ​ស្រុក​ខ្មែរ​ទទួល​បាន​ជោគជ័យ » ។

ទន្ទឹម​នឹង​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​មានការ​រីក​ចម្រើន តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ថា ជា​ធម្មតា ការ​ប្រកួតប្រជែង​តែងតែមាន ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​ចំណុចខ្លាំង និង​ចំណុច​ល្អ​របស់​ក្រុមហ៊ុន ដើម្បី​ទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នូវ​ផលិតផល​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​លើក​ឡើង​ថា តាម​ស្ថិតិ និង​ព័ត៌មាន​បឋម​កាលពី​ឆ្នាំ​២០១៧ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​មាន​ប្រមាណ​១៣៥%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ហើយ​នៅ​ក្នុង​ចំណោម​នោះ​ដែរ អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចល័ត​មាន​ប្រមាណ​៦៧%​នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ